ថ្មីៗនេះ រូបថតរបស់គូស្នេហ៍វ័យក្មេងមួយគូ មកពីតំបន់ East Java នៃប្រទេសឥណ្ឌូនេស៊ី បានកំពុងត្រូវបានចែកចាយពាសពេញបណ្តាញសង្គម Twitter ដោយបង្ហាញកូនកំលោះស្ថិតក្នុងស្ថានភាពគ្មានអ្វីក្រៅពីខោខ្លីប៉ុណ្ណោះ ខណៈដៃឆ្វេងត្រូវប៉ង់ស៊ីម៉ង់ និងរុំរបួសលើក្បាលជង្គង់ អង្គុយផ្ទឹមនិងកូនក្រមុំ ក្នុងទឹកមុខស្រពាប់ស្រពោនគួរឲ្យស្រណោះជាខ្លាំង នៅក្នុងពិធីមង្គលការរបស់ពួកគេ។
យ៉ាងណាមិញ នៅពេលអ្នកប្រើប្រាស់បណ្តាញសង្គមជាច្រើន បានសួរនាំអំពីមូលហេតុ គណនីហ្វេស Twitter ឈ្មោះ @br0wski បានប្រាប់ឲ្យដឹងថា កូនកំលោះនោះបានជួបគ្រោះថ្នាក់ចរាចរណ៍ ដោយគាត់បានធ្លាក់ពីម៉ូតូ ហើយបានដាច់រលាត់លើក្បាលជង្គង់ និងដៃ ខណៈដៃឆ្វេងត្រូវបានបាក់ មុនថ្ងៃរៀបការ ៤ ថ្ងៃ។
នាង Elinda Dwi Kristiani ជាកូនក្រមុំ បានប្រាប់អ្នកសារព័ត៌មានថា កូនកំលោះឈ្មោះ Suprapto មិនអាចស្លៀកសម្លៀកបំពាក់អាពាហ៍ពិពាហ៍របស់គាត់នៅពេលនោះបានទេ ពីព្រោះគាត់ទើបតែត្រូវបានវះកាត់ស្មា ហើយដៃរបស់គាត់ក៏បាក់ដៃផងដែរ។
នាងក៏បានបញ្ជាក់ឲ្យដឹងថា «ប្តីរបស់ខ្ញុំបានជួបគ្រោះថ្នាក់ចរាចរណ៍ នៅពេលគាត់ជិះទៅទិញចាក់សាំង។ ភ្លាមៗនោះ គាត់បានបាត់បង់ស្មារតីនៅតាមផ្លូវ ហើយក៏បានដួលម៉ូតូ»។
ទោះយ៉ាងណា Suprapto ទទួលបានការកោតសរសើរយ៉ាងខ្លាំង ចំពោះការចូលរួមពិធីមង្គលការរបស់គាត់ ទោះបីជាគាត់ស្ថិតក្នុងស្ថានភាពបែបនេះក៏ដោយ។ ពួកគេក៏បានលើកឡើងថា យុវជនរូបនេះមានការទទួលខុសត្រូវខ្ពស់៕ រក្សាសិទ្ធិដោយ៖ លឹម ហុង

