ភ្នំពេញ ៖ បើតាមសេចក្តីជូនដំណឹងរបស់ក្រសួងព័ត៌មាន ដែលបណ្តាញព័ត៌មានទទួលបាននៅយប់ថ្ងៃទី១០ ខែមេសា ឆ្នាំ២០២១នេះ អ្នកនាំពាក្យក្រសួងព័ត៌មាន បានស្នើដល់សមត្ថកិច្ចដកហូតឧបករណ៍ និងសម្ភារៈផ្សព្វផ្សាយ និងចាត់វិធានការច្បាប់ជាធរមាន បើលោក ឃឿន សុឡា ហៅ K01 នៅតែផ្សព្វផ្សាយព័ត៌មាន។
អ្នកនាំពាក្យក្រសួងព័ត៌មាន បានបញ្ជាក់ថា ដោយពិនិត្យឃើញបុគ្គលឈ្មោះ ឈឿន សុឡា ហៅ K01 នៅតែប្រព្រឹត្តកំហុសឆ្គងក្នុងការអនុវត្តវិជ្ជាជីវៈ ជាអ្នកសាព័ត៌មាន ដោយបានផ្សព្វផ្សាយនូវព័ត៌មានដែលមានលក្ខណៈ ញុះញង់ បង្កចលាចលក្នុងសង្គម ដែលប្រាសចាកពីក្រមសីលធ៌មវិជ្ជាជីវៈសារព័ត៌មាន និងច្បាប់ស្តីពីរបបសារព័ត៌មាននៃព្រះរាជាណាចក្រកម្ពុជា ព្រមទាំងកិច្ចសន្យាកែប្រែកំហុសឆ្គងដែលបានប្រព្រឹត្តខុសកន្លងមក ក្រសួងព័ត៌មាន បានសម្រេចលុបអាជ្ញាប័ណ្ណរបស់បុគ្គលខាងលើជាអ្នកសាព័ត៌មានចាប់ពីថ្ងៃជូនដំណឹងនេះតទៅ។
អ្នកនាំពាក្យដដែលបានសង្កត់ធ្ងន់ៗថា «ក្នុងករណីបុគ្គលខាងលើនៅតែបន្តផ្សព្វផ្សាយព័ត៌មានទៀត ក្រសួងព័ត៌មាននឹងស្នើដល់អាជ្ញាធរមានសមត្ថកិច្ច ចុះដកហូតឧបករណ៍ និងសម្ភារៈដែលបម្រើការងារផ្សព្វផ្សាយ និងចាត់វិធានការទៅតាមនីតិវិធីច្បាប់ជាធរមាន»។
ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្រ្តីក្រសួងព័ត៌មាន នៅថ្ងៃទី១០ ខែមេសា ឆ្នាំ២០២១សម្រេចដកហូត អាជ្ញាប័ណ្ណ លោក ឃឿន សុឡា (K01) ក្រោយផ្សព្វផ្សាយព័ត៌មានបែបញុះញង់។
រដ្ឋមន្រ្តីក្រសួងព័ត៌មានសម្រេចលុបប្រកាសលេខ២៦៨ព. ម.ប្រក ចុះថ្ងៃទី២២ ខែសីហា ឆ្នាំ២០១៨ របស់ក្រសួងព័ត៌មានស្តីពីការ អនុញ្ញាតឱ្យលោក ឃឿន សុឡា សញ្ជាតិខ្មែរ កាន់អត្តសញ្ញាណបណ្ណលេខ០១១២៤១២៧៣ ចុះ ថ្ងៃទី១២ខែកក្កដា ឆ្នាំ២០១៦ អាសយដ្ឋានស្នាក់នៅផ្ទះលេខ៨៤ ផ្លូវលេខ២៦៥ ភូមិ១៣ សង្កាត់ ទឹកល្អក់ទី៣ ខណ្ឌទួលគោក រាជធានីភ្នំពេញ បើកអាជីវកម្មគេហ៏ទំព័រឈ្មោះ K01 ធីវីអនឡាញ ” www.ko1 tv online.com ” ដោយម្ចាស់អាជ្ញាប័ណ្ណ បានផ្សព្វផ្សាយព័ត៌មានញុះញង់ មានចេតនា ទុច្ចរិតបង្កចលាចលក្នុងសង្គម ដែលបំពានលើវិជ្ជាជីវៈសារព័ត៌មាន និងកិច្ចសន្យាអាជីវកម្មដែលសាមីខ្លួនបានតម្កល់ទុកនៅក្រសួងព័ត៌មាន៕ រក្សាសិទ្ធិដោយ៖បញ្ញាស័ក្តិ




