ភ្នំពេញ ៖ ក្រសួងសុខាភិបាល បានចេញសេចក្ដីជូនដំណឹង ឲ្យដឹងថា គិតត្រឹមព្រឹកថ្ងៃទី១១ ខែមេសា ឆ្នាំ២០២១ អ្នកស្លាប់ដោយសារជំងឺកូវីដ-១៩ បានកើនឡើងដល់ ២៩នាក់ហើយ, ជាមួយគ្នានេះ ក្រុមគ្រូពេទ្យជំនាញ បានបន្តរកឃើញអ្នកឆ្លងកូវីដ-១៩ថ្មី ចំនួន ១៥៧នាក់ ភាគច្រើនជាអ្នករស់នៅរាជធានីភ្នំពេញ។
ក្នុងថ្ងៃដដែលនេះផងដែរ អ្នកជំងឺចំនួន ៧២នាក់ផ្សេងទៀត ត្រូវបានព្យាបាលជាសះស្បើយ និងអនុញ្ញាតឲ្យចេញពីមន្ទីរពេទ្យរួចរាល់អស់ហើយ។
អ្នកឆ្លងកូវីដ-១៩ ទាំង ១៥៧នាក់ ក្នុងនោះមានករណីនាំចូលពីក្រៅប្រទេសម្នាក់ ជាជនជាតិនីហ្សេរីយ៉ា មកដល់កម្ពុជានៅថ្ងៃទី០៩ ខែមេសា ឆ្នាំ២០២១ និង១៥៦នាក់ ជាករណីឆ្លងចេញពីសហគមន៍២០កុម្ភៈ រកឃើញនៅ រាជធានីភ្នំពេញ ១៤១នាក់, ខេត្តតាកែវ ២នាក់, ខេត្តស្វាយរៀង ៤នាក់, ខេត្តកណ្តាល ១នាក់ និងខេត្តកោះកុង ៨នាក់។
រីឯអ្នកជាសះស្បើយចំនួន ៧២នាក់វិញ គឺជាអ្នកឆ្លងចេញពីសហគមន៍២០កុម្ភៈ ផងដែរ ពួកគេទទួលទ្ធផលធ្វើតេស្តអវិជ្ជមាន ២លើក ត្រូវបានអនុញ្ញាតឲ្យចេញពីមន្ទីរពេទ្យ រួចរាល់អស់ហើយ, ប៉ុន្តែត្រូវបន្តធ្វើចត្តាឡីស័ក រយ:ពេល ១៤ថ្ងៃនៅតាមលំនៅឋានរៀងខ្លួនជាបន្តទៀត ដើម្បីតាមដានសុខភាព។

គិតត្រឹមម៉ោង ៧ព្រឹក ថ្ងៃទី១១ ខែមេសា ឆ្នាំ២០២១ កម្ពុជាបានរកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ សរុបចំនួន ៤២៣៨នាក់ ក្នុងនោះ ឆ្លងចេញពីសហគមន៍២០កុម្ភៈ ចំនួន ៣ ៧០៥នាក់, ប៉ុន្តែត្រូវបានព្យាបាលឱ្យជាសះស្បើយវិញ ចំនួន ២១៥២នាក់, អ្នកកំពុងសម្រាកព្យាបាលចំនួន ២០៥២នាក់។
ដោយឡែក អ្នកស្លាប់ដោយសារជំងឺកូវីដ-១៩ បានកើនឡើងដល់ ២៩នាក់ហើយ និងអ្នកស្លាប់ដោយជំងឺកូវីដ-១៩ បូកផ្សំជាមួយជំងឺប្រចាំកាយផ្សេងៗ មាន ចំនួន ៥នាក់៕ រក្សាសិទ្ធិ : ពិសិដ្ឋ CEN








