ភ្នំពេញ ៖ ប្រជាពលរដ្ឋ និងកម្មករ កម្មការិនីរោងចក្រប្រមាណ២ម៉ឺនគ្រួសារ រស់នៅក្នុងសង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ ដែលត្រូវបានអាជ្ញាធរបង្ខំចិត្តឲ្យបិទខ្ទុបភូមិដ្ឋាន នឹងទទួលបានអំណោយរបស់សម្ដេចតេជោ ហ៊ុន សែន ជាបន្តបន្ទាប់ ដើម្បីរំលែកការលំបាក ខណៈដែលពួកគាត់បាននិងកំពុងធ្វើចត្តាឡីស័កនៅតាមផ្ទះ តាមបន្ទប់ជួលដើម្បីកាត់បន្ថយឲ្យបាននូវការឆ្លងរាលដាលនូវជំងឺកូវីដ-១៩។
បើតាមការបញ្ជាក់របស់ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ខណៈដែលលោកដឹកនាំ អាជ្ញាធរនិងមន្ត្រីចុះចែកអំណោយរបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជូនប្រជាពលរដ្ឋ និងកម្មករ-កម្មការិនី ចំនួន១០០០គ្រួសារ ដែលកំពុងធ្វើចត្តាឡីស័កនៅតាមផ្ទះ តាមបន្ទប់ នៅក្នុងភូមិត្រពាំងថ្លឹងទី២ សង្កាត់ចោមចៅទី១ ខណ្ឌពោធិសែនជ័យ នារសៀលថ្ងៃអាទិត្យទី១១ មេសា នេះ។
លោក ឃួង ស្រេង បានមានប្រសាសន៍ថា ៖បងប្អូនប្រជាពលរដ្ឋ កម្មករ កម្មការិនីរោងចក្រ រស់នៅក្នុងសង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ ដែលត្រូវបានអាជ្ញាធរបង្ខំចិត្តឲ្យបិទខ្ទុបភូមិដ្ឋានដើម្បីកាត់បន្ថយឲ្យបាននូវការឆ្លងរាលដាលនូវជំងឺកូវីដ-១៩ នេះ មានប្រមាណ២ម៉ឺនគ្រួសារ ហើយក្នុងចំនួននេះ យើងត្រូវចែកអំណោយជូនពួកគាត់ជាតំណាក់កាល មិនអាចចែកម្តងទាំងអស់នោះទេ ៕រក្សាសិទ្ធិដោយ៖បញ្ញាស័ក្តិ

















