ភ្នំពេញ ៖ រថយន្តកូរ៉េមួយគ្រឿង បើកក្នុងល្បឿនលឿនខ្វះការប្រុងប្រយ័ត្ន ខណៈមកដល់ចំណុចផ្លូវបំបែកជាបួន ជ្រុលល្បឿនទៅបុករថយន្តមួយគ្រឿងដែលកំពុងឆ្លងផ្លូវ រួចបន្តលឿនទៅបុកម៉ូតូសណ្ដោងរ៉ឺម៉កលក់សម្លៀកបំពាក់មួយគ្រឿងទៀត បណ្ដាលឱ្យមានមនុស្សរបួសស្រាល។
ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១២ និង ៣០ នាទីថ្ងៃត្រង់ ថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២១ តាមបណ្ដោយផ្លូវ ៦១៦ កែង ផ្លូវលេខ១១៣ ក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ។
តាមប្រភពព័ត៌មាននៅកន្លែងកើតហេតុ បានប្រាប់ឲ្យដឹងថា មុនពេលកើតហេតុ គេបានឃើញរថយន្តកូរ៉េមួយគ្រឿង ពណ៌ស ពាក់ផ្លាកលេខ ភ្នំពេញ 2X-0560 បើកបរដោយបុរសម្នាក់ តាមបណ្តោយផ្លូវលេខ១១៣ ទិសដៅពីជើងទៅត្បូងក្នុងល្បឿនលឿន ខណៈពេលមកដល់ចំណុចផ្លូវបំបែកជាបួន ស្រាប់តែមានរថយន្តមួយគ្រឿងទៀតម៉ាក Lexus Rx330 ពណ៌ស ពាក្យផ្លាកលេខ ភ្នំពេញ 2AF-6188 បើកដោយនារីម្នាក់តាមបណ្ដោយផ្លូវលេខ ៦១៦ ទិសដៅពីលិចទៅកើត ពេលកំពុងឆ្លងផ្លូវបំបែកជាបួន ស្រាប់តែរថយន្តកូរ៉េជ្រុលល្បឿនមកបុក រថយន្ត Lexus Rx330 ចំផ្នែកចំហៀងខាងឆ្វេងពេញទំហឹង រួចរថយន្តកូរ៉េ បន្តល្បឿនទៅបុកម៉ូតូសណ្ដោងរ៉ឺម៉កលក់សម្លៀកបំពាក់ មួយគ្រឿងទៀត ដែលបើកបរទិសដៅបញ្ច្រាសទិសដៅជាមួយ រថយន្ត Lexus Rx330 បណ្ដាលឱ្យរងការខូចខាតបន្តិចបន្តួច ចំណែករថយន្ត Lexus Rx330 រងការខូចខាតទ្វាចំហៀងខាងឆ្វេងស្ទើរតែទាំងស្រុង ហើយរយន្តកូរ៉េរងការខូចខាតផ្នែកខាងមុខអស់ជាច្រើនផងដែរ ភ្លាមៗនោះម្ចាស់រថយន្តកូរ៉េ បានចុះពីលើរថយន្តរួចរត់គេចខ្លួនបាត់ស្រមោល បន្សល់ទុកតែរថយន្ត នៅកន្លែងកើតហេតុតែប៉ុណ្ណោះ។
ក្រោយពេលកើតហេតុ កម្លាំងសមត្ថកិច្ចមូលដ្ឋាន រួមកម្លាំងសមត្ថកិច្ចជំនាញ បានចុះមកដល់ទីតាំងកើតហេតុ រួចធ្វើការវាស់វែងយករថយន្តកូរ៉េ ទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោក រង់ចាំការដោះស្រាយ ចំណែករថយន្ត Lexus Rx330 និងម៉ូតូសណ្ដោងលក់សម្លៀកបំពាក់ សម្រេចចិត្តយកទៅជួសជុលរៀងៗខ្លួន ដើម្បីបញ្ចប់រឿងនៅកន្លែងកើតហេតុ៕រក្សាសិទ្ធិដោយ៖សារឿន
















