ស្វាយរៀង ៖ រដ្ឋមន្ត្រីក្រសួងធនធានទឹក បានថ្លែងថា តាមគម្រោងការដ្ឋានសាងសង់ប្រព័ន្ធធារាសាស្ត្រ វ៉ៃកូ ក្នុងជំហានទី២ នឹងបញ្ចប់នៅឆ្នាំ២០២១ខាងមុខ ដែលវាមានលទ្ធភាព អាចផ្គត់ផ្គង់ស្រោចស្រពស្រូវទាំងវស្សា និងប្រាំង រហូតដល់ប្រមាណ៣០ម៉ឺនហិកតា នៃខេត្តចំនួន៤ ក្នុងនោះស្រូវវស្សាជាង២០ម៉ឺនហិកតា។
រសៀលថ្ងៃពុធ ទី៧ ខែមីនា ឆ្នាំ ២០១៨ លោក លឹម គានហោ រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម បានចុះពិនិត្យការដ្ឋានសាងសង់ប្រព័ន្ធធារាសាស្ត្រ វ៉ៃកូ ជំហានទី ២ ស្ថិតក្នុងខេត្តព្រៃវែង និងខេត្តស្វាយរៀង ។
ក្នុងឱកាសចុះពិនិត្យការងារនោះលោករដ្ឋមន្ត្រី ក៏បានជួបជាមួយអ្នកបច្ចេកទេសរបស់ក្រុមហ៊ុន Guangdong Foreign Construction Co.,Ltd នៃសាធារណរដ្ឋប្រជាមានិតចិន ដែលជាអ្នកអនុវត្តគម្រោងនេះ ដោយឯកឧត្តមបានណែនាំបន្ថែមលើលក្ខណៈបច្ចេកទេសមួយចំនួន សំដៅធ្វើយ៉ាងណាឱ្យសំណង់ប្រព័ន្ធធារាសាស្ត្រ ក្រោយពេលសាងសង់រួច មានគុណភាពល្អ ធានាការប្រើប្រាស់យូរអង្វែង ។
គួររំលឹកផងដែរថា គម្រោងប្រព័ន្ធធារាសាស្ត្រ វ៉ៃកូ ជំហានទី ២ ដែលមានសមត្ថភាពផ្គត់ផ្គង់ទឹកស្រោចស្រពដល់ដីស្រែប្រជាកសិករប្រមាណ ១០ ម៉ឺនហិកតា កំពុងត្រូវបានដំណើរការសាងសង់យ៉ាងមមាញឹក ។ ការងារសាងសង់ដែលត្រូវអនុវត្តនៅក្នុងជំហានទី ២ នេះ មាន ៖ ជីកព្រែក ២ ខ្សែ សរុបប្រវែង ១៤,៦ គីឡូម៉ែត្រ សាងសង់ប្រឡាយមេ ៤ ខ្សែ សរុបប្រវែង ៥៩,៥ គីឡូម៉ែត្រ សាងសង់ទំនប់សណ្តរ ប្រវែង ៤១,៥ គីឡូម៉ែត្រ សាងសង់សំណង់បង្ហៀរ ចំនួន ១ កន្លែង សំណង់ស្ទាក់ទឹក ៦ កន្លែង និងសំណង់សម្រួលចរន្តទឹក ៨ កន្លែង សាងសង់ស្ថានីយបូមទឹក ចំនួន ៤ កន្លែង និងសំណង់លូទឹក ៣២ កន្លែង ។
គម្រោងសាងសង់ប្រព័ន្ធធារាសាស្ត្រដ៏មានសក្តានុពលនេះ គ្រោងនឹងប្រើរយៈពេលប្រមាណ ៥២ ខែ ដោយគិតចាប់ពីថ្ងៃបើកការដ្ឋានកាលពីថ្ងៃទី ២៨ ខែកក្កដា ឆ្នាំ ២០១៧ កន្លងទៅ ។ តាមការរំពឹងទុក ប្រព័ន្ធធារាសាស្ត្រ វ៉ៃកូ ជំហានទី ២ នឹងផ្តល់ទឹកសម្រាប់ផ្គត់ផ្គង់ដល់ផ្ទៃដីបង្កបង្កើនផលស្រូវវស្សាប្រមាណ ៩៣.១០០ ហិកតា និងស្រូវប្រាំង ២៣.៣០០ ហិកតា បន្ថែមទៀត នៅក្នុងខេត្តព្រៃវែង និងខេត្តស្វាយរៀង ។
នៅពេលបញ្ចប់ការសាងសង់ទាំងស្រុង នៅឆ្នាំ ២០២១ ប្រព័ន្ធធារាសាស្ត្រ វ៉ៃកូ (ជំហានទី ១ និងជំហានទី ២) មានសក្តានុពលទឹកស្រោចស្រពស្រូវវស្សា និងស្រូវប្រាំង នៅក្នុងខេត្តព្រៃវែង ខេត្តស្វាយរៀង ខេត្តកំពង់ចាម និងខេត្តត្បូងឃ្មុំ ប្រមាណ ៣០ ម៉ឺនហិកតា ។
បន្ទាប់ពីបានចុះពិនិត្យការដ្ឋានសាងសង់ប្រព័ន្ធធារាសាស្ត្រ វ៉ៃកូ ជំហានទី ២ រួចមក នាល្ងាចថ្ងៃដដែល លោក លឹម គានហោ បានបន្តដំណើរចុះពិនិត្យការដ្ឋានសាងសង់ប្រឡាយមេ បូព៌ា ជំហានទី ៣ ស្ថិតក្នុងស្រុកព្រះស្តេច ខេត្តព្រៃវែង ។
គម្រោងសាងសង់ប្រឡាយមេ បូព៌ា ជាគម្រោងប្រព័ន្ធធារាសាស្ត្រខ្នាតធំមួយ ដែលការសងសង់ទាមទារនូវការអនុវត្តជាជំហានៗ ដោយក្នុងនោះជំហានទី ១ គឺមានប្រវែង ៤.៧០០ ម៉ែត្រ បំពាក់សំណង់សិល្បការ ចំនួន ១៧ កន្លែង ជំហានទី ២ មានប្រវែង ៧.០០០ ម៉ែត្រ បំពាក់សំណង់សិល្បការ ចំនួន ១៦ កន្លែង និងជំហានទី ៣ ដែលកំពុងដំណើរការសាងសង់នេះ គឺមានប្រវែង ៥.០០០ ម៉ែត្រ បំពាក់សំណង់សិល្បការ ចំនួន ២១ កន្លែង ។ នៅពេលបញ្ចប់ជំហានទី ៣ នេះ ក្រសួងគ្រោងនឹងធ្វើការសាងសង់នូវជំហានទី ៤ បន្តទៀត ដែលមានប្រវែង ៤.០០០ ម៉ែត្រ ។
ក្រោយពេលការសាងសង់ត្រូវបានបញ្ចប់ជាស្ថាពរ ប្រឡាយមេបូព៌ា នឹងផ្តល់ទឹកស្រោចស្រពដល់ផ្ទៃដីបង្កបង្កើនផលប្រមាណ ១៥.០០០ ហិកតា និងអាចធ្វើបាន ៣ ដង ក្នុង ១ ឆ្នាំ ៕ ដោយ៖បញ្ញាស័ក្តិ