ខេត្តព្រៃវែង ៖ ក្រសួងសុខាភិបាលបានឲ្យដឹងថា យោងតាមរបាយការណ៍ពីមន្ទីរពេទ្យខេត្តព្រៃវែង បានឱ្យដឹងថា បុរសជនជាតិខ្មែរអាយុ ៣៥ឆ្នាំ រស់នៅឃុំបឹងព្រះ ស្រុកបាភ្នំ ខេត្តព្រៃវែង បានស្លាប់បាត់បង់ជីវិតនៅថ្ងៃទី ១៤ ខែមេសា ឆ្នាំ ២០២១ វេលាម៉ោង០៦និង២០ នាទីព្រឹក។
អ្នកជំងឺខាងលើបានចូលមកដល់មន្ទីរពេទ្យនៅថ្ងៃទី០២ ខែមេសា ឆ្នាំ២០២១ វេលាម៉ោង ១៣និង៥០ នាទី ជាមួយនឹងស្ថានភាពឈឺបំពង់ក ក្តៅខ្លួន ហត់ខ្លាំង ក្រុមគ្រូពេទ្យបានដាក់អ្នកជំងឺព្យាបាលនៅបន្ទប់ ដាច់ដោយឡែក និងត្រូវបានយកសំណាកធ្វើវិភាគ ជាលទ្ធផលមាន វិជ្ជមានកូវីដ-១៩ ។ ដោយស្ថាន ភាពអ្នកជំងឺមានការវិវត្តកាន់តែធ្ងន់ធ្ងរឡើងៗ រហូតដល់ថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២១ ក្រុមគ្រូពេទ្យបាន ខិតខំជួយសង្គ្រោះតាមលក្ខណៈបច្ចេកទេស រួមទាំងការប្រើប្រាស់ម៉ាស៊ីនជំនួយដង្ហើមផង ប៉ុន្តែនៅត មិនអាចជួយអ្នកជំងឺបាន គាត់ក៏បានស្លាប់បាត់បង់ជីវិត នៅថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២១ វេលាម៉ោង ០៦និង២០នាទីព្រឹក។
ការសន្និដ្ឋានរបស់ក្រុមគ្រូពេទ្យ៖ បុរសជនជាតិខ្មែរអាយុ ៣៥ឆ្នាំ ខាងលើនេះបានស្លាប់បាត់បង់ ជីវិតដោយសារវិបត្តិផ្លូវដង្ហើមស្រួចស្រាវធ្ងន់ធ្ងរ និងរលាកសួតទាំងសងខាង ដោយសារវីរុសកូវីដ-១៩។ ក្រសួងសុខាភិបាល សូមចូលរួមចំណែកសោកស្តាយជាពន់ពេក និងសូមចូលរួមមរណទុក្ខយ៉ាងក្រៀមក្រំជាទីបំផុតជាមួយក្រុមគ្រួសារសព។
ឯកឧត្តម ជា សុមេធី អភិបាលខេត្តព្រៃវែងបានថ្លែងនៅថ្ងៃពុធ ទី១៤ ខែមេសា ឆ្នាំ២០២១នេះថា ខ្ញុំបាទ សូមសម្ដែងនូវមរណៈទុក្ខជាមួយក្រុមគ្រួសារសពឈ្មោះ ឡុច ផឹម ភេទប្រុស អាយុ ៣៥ឆ្នាំ មានអសយដ្ឋានរស់នៅ ភូមិ តាម៉ៅ ឃុំ បឹងព្រះ ស្រុកបាភ្នំ ខេត្តព្រៃវែង ដែលបានទទួលមរណភាព ដោយសារជំងឺកូវីដ-១៩ កាលពីថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២១ វេលាម៉ោង ៦និង២០នាទីព្រឹក នៅមន្ទីរពេទ្យបង្អែកខេត្តព្រៃវែង ។
ឯកឧត្តម ជា សុមេធី សូមបន្តអំពាវនាវដល់ពលរដ្ឋអោយបន្តអនុវត្តគោលការណ៍ ៣ការពារ ៣កុំ ឲ្យបានគ្រប់គ្នា។ សូមប្រជាពលរដ្ឋខេត្តព្រៃវែងយើង ចូលរួមសហការជាមួយអាជ្ញាធរមូលដ្ឋាន ក្នុងការរាយការណ៍អំពីជនសង្ស័យមានការប៉ះពាល់ដោយផ្ទាល់ ឬដោយប្រយោលនឹងអ្នកមានវិជ្ជមានកូវីដ-១៩ ដើម្បីឲ្យសមត្ថកិច្ចអន្តរាគមន៍នាំពួកគាត់មកពិនិត្យព្យាបាល និងធ្វើចត្តាឡីស័កឲ្យបានត្រឹមត្រូវ និងទាន់ពេលវេលា៕ រក្សាសិទ្ធិដោយ៖ បញ្ញាស័ក្តិ+ ចេស្តារ






