ខេត្តព្រះសីហនុ ៖ ប្រជាពលរដ្ឋ ពិសេសមនុស្សវ័យចំណាស់រស់នៅខេត្តព្រះសីហនុ បង្ហាញអារម្មណ៍សោកស្តាយជាថ្មីទៀត នៅគ្រាដីចំណីមាត់បឹងព្រែកទប់ និងផ្ទៃបឹងទឹកសាបព្រែកទប់ ស្ថិតក្នុងសង្កាត់លេខ៣ ក្រុងព្រះសីហនុ ដែលពីមុនមានទំហំរាប់រយហិចតារ ប៉ុន្តែបច្ចុប្បន្ននេះ បែរជាត្រូវរួមតូចត្រឹមជាង ១៦ហិចតារ ដោយសារមហិច្ឆិតា និងការឃុបឃិត របស់មន្ត្រីមានបុណ្យស័ក្តិខ្ពស់ និងឈ្មួញមានទ្រព្យមួយចំនួន។
បញ្ហានេះ ប្រជាពលរដ្ឋខេត្តព្រះសីហនុ បានសំណូមពរដល់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ឲ្យជួយហូតយកដីចំណីមាត់បឹង ឬផ្ទៃរងទឹកភ្លៀងបឹងព្រែកទប់ ដែលត្រូវបុគ្គលមួយចំនួន រំលោភធ្វើកម្មសិទ្ធិឯកជនកន្លងមក យកមកដាក់ជាសម្បត្តិរដ្ឋគ្រប់គ្រង និងអភិរក្សបឹងទឹកសាបមួយនេះឲ្យបានគង់វង្សនាថ្ងៃអនាគត។
មនុស្សវ័យចំណាស់រស់នៅខេត្តព្រះសីហនុ បានឲ្យអ្នកយកព័ត៌មាន CEN.COM.KH ដឹងនៅថ្ងៃព្រហស្បតិ៍ ទី៨ ខែមីនា ឆ្នាំ២០១៨ថា នៅមុនពេលមានសកម្មភាពដឹកដីចាក់លុបរំលោភយកផ្ទៃរងទឹកភ្លៀង ឬដីចំណីមាត់បឹងព្រែកទប់ធ្វើកម្មសិទ្ធិ ពីសំណាក់មន្ត្រីមានបុណ្យស័ក្តិខ្ពស់ និងឈ្មួញមានទ្រព្យមួយចំនួន បរិវេណបឹងព្រែកទប់នេះ គឺមានទំហំរាប់រយហិចតារ ប៉ុន្តែបច្ចុប្បន្ននេះ បឹងធម្មជាតិទឹកសាបមួយនេះបានរួមនៅសល់ត្រឹមផ្ទៃបឹងតែងជាង ១៦ហិចតារប៉ុណ្ណោះ។
ត្រង់ចំណុចនេះ ទាំងមន្ត្រីរាជការថ្នាក់ទាប និងប្រជាពលរដ្ឋខេត្តព្រះសីហនុ បង្ហាញការសោកស្តាយ ចំពោះការបាត់បង់ដីជុំវិញបរិវេណមាត់បឹងព្រែកទប់ និងបានសំណូមពរដល់សម្តេចតេជោ ហ៊ុន សែន ឲ្យជួយសង្គ្រោះ និងការពារបឹងព្រែកទប់ឲ្យបានគង់វង្ស ព្រមទាំងឲ្យមានទំហំផ្ទៃរងទឹកភ្លៀង និងផ្ទៃបឹងទាំងមូល ឲ្យបានទូលំទូលាយដូចពេលមុនវិញ។
ករណីបឹងព្រែកទប់នេះ ទាំងមន្ត្រីរាជការ និងពលរដ្ឋខេត្តព្រះសីហនុ បង្ហាញការហួសចិត្តកាលបើ មហិច្ឆិតាប៉ុនប៉ងរំលោភផ្ទៃរងទឹកភ្លៀងបឹងព្រែកទប់ធ្វើកម្មសិទ្ធិ ដែលឈ្មួញ និងមន្ត្រីមានអំណាចមួយចំនួនចូលទន្ទ្រានកាន់កាប់នាពេលកន្លងមកនោះ ប៉ុន្តែពេលនេះជនមានមហិច្ឆិតាទាំងនោះ បានសម្រេចបំណង របស់ពួកគេដោយជោគជ័យ។ ជោគជ័យ ក៏ព្រោះតែបច្ចុប្បន្ននេះត្រូវ លោក ជា សុផារ៉ា រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី និងរដ្ឋបាលខេត្តព្រះសីហនុ ព្រមទាំងស្ថាប័នពាក់ព័ន្ធដទៃទៀត បានទទួលស្គាល់ថា អ្នកមានចំណីនៅជាប់មាត់បឹងព្រែកទប់ទាំងអស់ មានសិទ្ធិកាន់កាប់ដីមាត់បឹងនេះដោយស្របច្បាប់ និងប្រកាសចេញបណ្ណកម្មសិទ្ធិកាន់កាប់ដីនៅជុំវិញបរិវេណបឹងព្រែកទប់នេះ ជូនបុគ្គលឯកជនថែមទៀត។
ត្រង់ចំណុចនេះ មនុស្សវ័យចំណាស់ និងមន្ត្រីរាជការមានឋានៈតូចតាច នាខេត្តព្រះសីហនុ ថ្លែងហួសចិត្ត កាលបើបទបញ្ជា របស់សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន ដែលបានដាក់បទបញ្ជា ឲ្យមន្ត្រីនៅតាមក្រសួងស្ថាប័នពាក់ព័ន្ធក្រោមឱវាទ ឲ្យការពារទ្រព្យសម្បត្តិសាធារណៈរបស់រដ្ឋរួមមាន៖ បឹងធម្មជាតិ ព្រៃកោងកាង ឆ្នេរសមុទ្រ និងធនធានជីវៈចម្រុះបាតសមុទ្រជាដើម ឲ្យបានគង់វង្ស ប៉ុន្តែបែរជាមន្ត្រីក្រោមឱវាទមួយចំនួន មិនអនុវត្តតាមបទបញ្ជា របស់ប្រមុខដឹកនាំបែបនេះទេ។ ផ្ទុយទៅវិញមន្ត្រីមួយចំនួនបែរជាបាន ធ្វើសកម្មភាពផ្គើនទៅនឹងបទបញ្ជា សម្តេច ហ៊ុន សែន ថែមទៀត។
ត្រង់ចំណុចនេះ ប្រជាពលរដ្ឋខេត្តព្រះសីហនុ បានលើកជាឧទាហរណ៍ដូចជាករណី ទ្រព្យសម្បត្តិសាធារណៈ របស់ រដ្ឋ ឬធនធានធម្មជាតិ ដែលមាននៅខេត្តព្រះសីហនុមានដូចជា៖ ធនធានធម្មជាតិបឹងព្រែកទប់ ដែលជាបឹងទឹកសាបមានទីតាំងនៅចាប់ឆ្នេរឯករាជ្យ ឬឆ្នេរសណ្ឋាគារ ៧ជាន់ ដែលដូនតាបន្សល់ទុករាប់សិបឆ្នាំ មកហើយ ទុកសម្រាប់ស្តុកទឹកសាបប្រើប្រាស់ទូទាំងខេត្តនេះ ប៉ុន្តែបច្ចុប្បន្នបែរជាត្រូវជនមានមហិច្ឆិតា បានចាក់ដីរំលោភយកដីបរិវេណមាត់បឹងមួយនេះធ្វើកម្មសិទ្ធិទាំងស្រុងអស់ទៅហើយ។
ទាក់ទិនបញ្ហាបឹងព្រែកទប់នេះដែរ កាលពីអំឡុងពេល លោក សាយ ហាក់ មកដឹកនាំជាអភិបាលខេត្តព្រះសីហនុ គឺត្រូវអតីតអភិបាលខេត្តរូបនេះ បានឲ្យអាជ្ញាធរ វាយកំទេចសំណង់ផ្ទះវីឡា របស់ លោក ខាត់ ប៊ុណ្ណា អតីតអនុប្រធានមន្ត្រីសុរិយោដីខេត្តព្រះសីហនុ ដែលទើបដកដំណែងថ្មីៗ ទៅតាមបទបញ្ជា សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន ម្តងរួចមកហើយ ក៏ប៉ុន្តែបច្ចុប្បន្ននេះ បរិវេណដីត្រង់ចំណុចផ្ទះវីឡា លោក ខាត់ ប៊ុណ្ណា ដែលត្រូវវាយកំទេចចោលនោះ ត្រូវបុគ្គលផ្សេងយកធ្វើកម្មសិទ្ធិឯកជនជាបន្តទៀត។
ផ្តើមពីបញ្ហានេះ មន្ត្រីរាជការ និងប្រជាពលរដ្ឋខេត្តព្រះសីហនុ បានសំណូមពរដល់ សម្តេចហ៊ុន សែន ជួយអភិរក្សថែរក្សាចំណីមាត់បឹងព្រែកទប់ និងផ្ទៃបឹងព្រែកទប់ទាំងមូល ឲ្យមានទំហំធំទូលំទូលាយដូចដើមវិញ។ ជាងនេះទៀត ក៏សំណូមពរឲ្យសម្តេច ជួយពិចារណាឈានដល់និរាករណ៍រាល់បណ្ណកម្មសិទ្ធិទាំងឡាយណា ដែលចេញរំលោភប៉ះពាល់ដល់ដីចំណីមាត់បឹង ឬផ្ទៃរងទឹកភ្លៀងបឹងព្រែកទប់ ផ្ទុយពីច្បាប់រដ្ឋធម្មនុញ្ញ បានកំណត់ ត្រូវដកហូតដីនោះ យកមកដាក់ជាសម្បត្តិរដ្ឋគ្រប់គ្រងវិញ។
ទោះជាបែបនេះក្តី កាលពីថ្ងៃទី១០ ខែមីនា ឆ្នាំ២០១៧ លោក ជា សុផារ៉ា រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានចេញលិខិតជម្រាបជូន លោក យន្ត មីន អភិបាលខេត្តព្រះសីហនុ ដោយបើកផ្លូវឲ្យរដ្ឋបាលខេត្តនេះ អាចដំណើរការចុះបញ្ជីដីធ្លីជាលក្ខណៈប្រព័ន្ធ ជូនប្រជាពលរដ្ឋមានសិទ្ធកាន់កាប់ដី នៅជុំវិញមាត់បឹងព្រែកទប់ ស្ថិតក្នុងសង្កាត់លេខ៣ ក្រុង-ខេត្តព្រះសីហនុ អាចប្រើប្រាស់ ដោយស្របច្បាប់រួចហើយ។
បន្ថែមលើនេះ លោក ជា សុផារ៉ា ក៏តម្រូវឲ្យរដ្ឋបាលខេត្តព្រះសីហនុ រក្សាទីតាំងតំបន់អភិរក្សទឹកសាបបឹងព្រែកទប់មានទំហំជាង ១៦ហិកតារ (១៦,៣) ឲ្យស្របតាមអនុក្រឹត្យ របស់រាជរដ្ឋាភិបាល ចុះថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០១៦ ដោយត្រូវរក្សាដីចំណីផ្លូវជុំវិញបឹងសងខាងអ័ក្សផ្លូវសរុបមានទទឹង ២០ម៉ែត្រ សម្រាប់រៀបចំជាផ្លូវទំនប់ ប្រព័ន្ធលូបង្ហូរទឹកកខ្វក់នៅតាមបណ្ដោយដីចំណីផ្លូវព័ទ្ធជុំវិញបឹង និងត្រូវការពារប្រឡាយធម្មជាតិ ដែលតភ្ជាប់ទៅនឹងបឹងធម្មជាតិមួយនេះ ហើយត្រូវរៀបចំប្រព័ន្ធអាងចម្រោះទឹកកខ្វក់ នៅខាងមុខប្រឡាយនោះ មុននឹងបង្ហូរទឹកចេញពីប្រឡាយចូលទៅក្នុងផ្ទៃបឹងព្រែកទប់។
ត្រង់ចំណុចនេះ អ្នកឃ្លាំមើលផែនការអភិវឌ្ឍសង្គមមួយចំនួន ក៏ថ្លែងហួសចិត្តកាលបើដឹងថា មហិច្ឆិតាដឹកដីចាក់រំលោភយកបឹងធម្មជាតិទឹកសាប នៃបឹងព្រែកទប់ ដែលបុគ្គមានអំណាច និងឈ្មួញមានទ្រព្យមួយចំនួន បានព្យាយាមនាពេលកន្លងមក ប៉ុន្តែពេលនេះពួកគេបានសម្រេចបំណងដោយជោគជ័យ និងឈានទៅទទួលបានប្លង់កម្មសិទ្ធិកាន់កាប់ដី នៅជុំវិញបរិវេណមាត់បឹងធម្មជាតិទឹកសាបមួយនេះ ដោយស្របច្បាប់ថែមទៀត។
យោងតាមតារាង ឬបញ្ជីឈ្មោះអ្នកមានចំណែកក្បាលដី នៅជុំវិញបរិវេណមាត់បឹងព្រែកទប់ មានទីតាំងនៅក្នុងសង្កាត់លេខ៣ ក្រុងព្រះសីហនុ បង្ហាញថា បុគ្គលមានឈ្មោះកាន់កាប់ដីនៅជុំវិញបរិវេណមាត់បឹងព្រែកទប់ភាគច្រើន គឺជាមន្ត្រីមានឋានៈបុណ្យស័ក្តិខ្ពស់ កំពុងបម្រើការងានៅតាមមន្ទីរ ស្ថាប័នរដ្ឋមួយចំនួននៃរដ្ឋបាលខេត្តព្រះសីហនុ និងមន្ត្រីខ្លះទៀត កំពុងបំរើការងារនៅតាមក្រសួងស្ថាប័នថ្នាក់ជាតិ ដោយមានទាំងស្ថាប័នកងកម្លាំងប្រដាប់អាវុធ និងស្ថាប័នស៊ីវិលផងដែរ។
បញ្ហានេះ សម្រាប់អ្នកឃ្លាំមើលការងារអភិវឌ្ឍសង្គមមួយចំនួន ប្រចាំខេត្តព្រះសីហនុ ក៏បង្ហាញការសោកស្តាយ កាលបើសង្កេតឃើញថា បទបញ្ជា របស់ សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន ថ្លែងនៅក្នុងវេទិកាការពារបរិស្ថាន ឬធនធានធម្មជាតិ លើកទី២ កាលពីថ្ងៃទី២២ ខែសីហា ឆ្នាំ២០១៧ នាវិមានសន្តិភាព រាជធានីភ្នំពេញ ប៉ុន្តែបែរជាមិនមានមន្ត្រីក្រោមឱវាទ របស់សម្តេច អនុវត្តតាមឲ្យមានប្រសិទ្ធភាពទេ។ ហើយផ្ទុយទៅវិញថែមទាំងបានផ្គើន ទៅនឹងបទបញ្ជា របស់សម្តេចបែបនេះទៅវិញទេ។
យោងតាមឯកសារ របស់មន្ទីរឧស្សាហកម្ម និងសិប្បកម្ម ខេត្តព្រះសីហនុ បង្ហាញថា ដើមឡើយដីនៅជុំវិញបរិវេណនៅជុំវិញមាត់បឹងព្រែកទប់ ឬផ្ទៃរងទឹកភ្លៀង និងផ្ទៃបឹងព្រែកទប់ទាំងមូល មានទំហំសរុបជាង ២រយហិចតារ។ ប៉ុន្តែក្រោយមក បន្ទាប់ពីមានសកម្មភាពទន្ទ្រានកាន់កាប់ដីផ្ទៃរងទឹកភ្លៀងខុសច្បាប់ពីឈ្មួញ និងមន្ត្រីមានអំណាចជាបន្តបន្ទាប់ ដោយមានការឃុបឃិតពីមន្ត្រីស្ថាប័នជំនាញខ្លះ នៃរដ្ឋបាលខេត្តព្រះសីហនុ ក្នុងអាណត្តិមុនៗ ទើបនាំឲ្យបរិវេណមាត់បឹង និងផ្ទៃបឹងព្រែកទប់ បានរួមនៅសល់ជាង ៩០ហិចតារ ដែលកាលណោះ នៅក្នុងអាណត្តិ លោក សាយ ហាក់ ដឹកនាំជាអភិបាលខេត្តព្រះសីហនុ។ ក្រោយមកទៀត នៅក្នុងអាណត្តិទី៤ ដែល លោក ស្បោង សារ៉ាត់ ដឹកនាំជាអភិបាលខេត្តព្រះសីហនុវិញម្តង គឺទាំងដីចំណីមាត់បឹង និងផ្ទៃបឹងព្រែកទប់ ដែលនៅសល់ជាង ៩០ហិចតារ ត្រូវបានមន្ត្រីមានអំណាច និងឈ្មួញមានទ្រព្យមួយចំនួន បានបន្តឃុបឃិតគ្នា រំលោភធ្វើជាកម្មសិទ្ធិស្ទើរទាំងស្រុងរលាយហិនហោចដល់សព្វថ្ងៃនេះ។
សកម្មភាពទន្ទ្រានកាន់កាប់ដីនៅជុំវិញបរិវេណបឹងព្រែកទប់នេះទាំង លោក ស្បោង សារ៉ាត់ អតីតអភិបាលខេត្តព្រះសីហនុ និងអតីតប្រធានមន្ទីរសុរិយោដីខេត្តព្រះសីហនុ ក្នុងរជ្ជកាលនោះបានដឹងយ៉ាងច្បាស់ថា ដីចំណីមាត់បឹង និងផ្ទៃរងទឹកភ្លៀងបឹងព្រែកទប់ ដែលត្រូវបាត់បង់ ឬរួមតូចមកដល់សព្វថ្ងៃនេះ បណ្តាលមកពីបុគ្គលណារូបណាខ្លះ ដែលនៅពីក្រោយសកម្មភាពចូលទន្ទ្រានកាន់កាប់ដីនៅជុំវិញបរិវេណមាត់បឹងព្រែកទប់នេះ..?។ ជាបន្តបន្ទាប់មកទៀត លោក ស្ប៉ោង សារ៉ាត់ អតីតអភិបាលខេត្តព្រះសីហនុ បានសម្រេចរក្សាផ្ទៃបឹងព្រែកទប់ នៅចន្លោះពី ១៥ ទៅ ១៦ហិកតារតែប៉ុណ្ណោះ។
យ៉ាងណាក៏ដោយចុះ ងាកមករជ្ជកាល លោក យន្ត មីន បានមកដឹកនាំជាអភិបាលខេត្តព្រះសីហនុក្នុងអាណត្តិនេះវិញម្តង។ លោក យន្ត មីន ដែលបានចូលមកកាន់តំណែងអភិបាលខេត្តព្រះសីហនុ កាលពីថ្ងៃចន្ទ ទី៧ ខែកញ្ញា ឆ្នាំ២០១៥ មានប្រសាសន៍ថា បញ្ហាទាំងឡាយកើតមាននៅបឹងព្រែកទប់ មានទីតាំងនៅក្នុងសង្កាត់លេខ៣ នាពេលកន្លងមក រូបលោកមិនធ្វើអត្ថាធិប្បាយទេ ប៉ុន្តែអ្វីដែលមាននៅសេសសល់ចុងក្រោយនេះ និងជាក់ស្តែងនៅបឹងព្រែកទប់នេះ គឺរូបលោកត្រូវថែរក្សាការពារឲ្យបានគង់វង្ស និងអនុវត្តឲ្យស្របតាមច្បាប់បានកំណត់។ លោក យន្ត មីន ឲ្យដឹងថា កន្លងមកនេះ បឹងធម្មជាតិទឹកសាបព្រែកទប់ ត្រូវបានក្រុមការងារចម្រុះ របស់រាជរដ្ឋាភិបាលរួមមាន៖ មន្ត្រីជំនាញមកពីក្រសួងរៀបចំដែនដី មន្ត្រីមន្ទីរសុរិយោដីខេត្ត និងរដ្ឋបាលខេត្តព្រះសីហនុជាដើម បានចុះអនុវត្តការងារ តាមសេចក្តីសម្រេច របស់រាជរដ្ឋាភិបាល ដើម្បីឈានទៅអភិរក្សថែរក្សាការពារ បឹងធម្មជាតិ នៃផ្ទៃបឹងព្រែកទប់ មានទំហំជាង ១៦ហិចតារ (១៦,៣ហិចតារ) ទុកសម្រាប់រក្សាប្រភពទឹកស្អាត និងដាក់ការពារដោយព្រះរាជ្យក្រឹត្យ។
ផ្តើមពីបញ្ហានេះ ទាំងភ្ញៀវទេសចរ មន្ត្រីរាជការ ពិសេសប្រជាពលរដ្ឋរស់នៅខេត្តព្រះសីហនុភាគច្រើន បានងាកមកសំណូមពរដល់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ឲ្យជួយពិចារណា ឈានទៅដកហូតយកដីជុំវិញបរិវេណបឹងព្រែកទប់ ពីបុគ្គលមានមហិច្ឆិតាមួយចំនួន ដែលបច្ចុប្បន្នេះ មានបុគ្គលខ្លះបានសង់សំណង់រឹងមាំ និងចាក់ដីហ៊ុំព័ទ្ធរបងកំណត់ព្រំដីឬក្បាលដីកម្មសិទ្ធិរៀងៗខ្លួន ដើម្បីឈានទៅរក្សាការពារទំហំបរិវេណជុំវិញមាត់បឹង និងផ្ទៃបឹងព្រែកទប់ទាំងមូល ឲ្យបានធំទូលំទូលាយមានទំហំរាបរយហិចតារដូចដើមវិញ។ ជាងនេះទៀត ប្រជាពលរដ្ឋខេត្តព្រះសីហនុ ក៏បានសំណូមពរដល់សម្តេច ឲ្យជួយអភិរក្សការពារដីនៅជុំវិញបរិវេណបឹងព្រែកទប់ ដែលជាបឹងធម្មជាតិទឹកសាបដ៏អច្ឆរិយ មានទីតាំងនៅជាប់សមុទ្រ នៃឆ្នេរឯករាជ្យ ឬឆ្នេរសណ្ឋាគារ ៧ជាន់ ស្ថិតក្នុងសង្កាត់លេខ៣ ក្រុង-ខេត្តព្រះសីហនុ ដើម្បីទុកជាកេរ្តិ៍ដំណែល សម្រាប់កូនចៅជំនាន់ក្រោយ របស់ សម្តេច បានប្រើប្រាស់ទឹកសាបបឹងធម្មជាតិមួយនេះ ជារៀងរហូតនាថ្ងៃអនាគត៕ ដែន សីមា