ភ្នំពេញ ៖ ឯកឧត្តម ម៉ៅ អាយុទ្ធ រដ្ឋលេខាធិការក្រសួងព័ត៌មាន បានទទួលមរណភាពនៅថ្ងៃទី ១៥ ខែមេសា ឆ្នាំ ២០២១នេះ ដោយសារជំងឺកូវីដ១៩។
ក្នុងវេលាដ៏ក្រៀមក្រំនេះ សូមសម្តែងមរណនូវទុក្ខដ៏ក្រៀមក្រំបំផុត ចំពោះក្រុមគ្រួសារនៃសព ដែលបានបាត់បង់ នូវថ្នាក់ដឹកនាំប្រកបដោយទេពកោសល្យ នឹងបុិនប្រសព្វ ដែល ក្នុងមួយជីវិតរបស់ ឯកឧត្តមបានជួយលើកស្ទួយវិស័យព័ត៌មាន និងសិល្បៈវប្បធម៌ មានការរីកចម្រើនដូចពេលបច្ចុប្បន្ន។ សូមឧទ្ទិសដល់ដួងវីញ្ញាណក្ខន្ធ ឯកឧត្តម ម៉ៅ អាយុទ្ធ សូមបានសោយសុខ ក្នុងឋានសុកតិភព កុំបីឃ្លៀងឃ្លាតឡើយ។
ឯកឧត្តម កឹម គុណវឌ្ឍន៍ បានសរសេរនៅថ្ងៃនេះថា គ្មានអ្វីដែលខ្ញុំសញ្ជឹងគិតយ៉ាងឆ្ងាយនៅវេលានេះជាងពេលណាៗទាំងអស់ ដោយសារតែ រៀមច្បងដ៏ល្បី ដ៏សំខាន់ក្នុងវិស័យ ទូរទស្សន៍ជាតិ និង ភាពយន្ត របស់ខ្មែរ គឺ ឯកឧត្តម ព្រឹទ្ធាចារ្យ ម៉ៅ អាយុទ្ធ ដែលរូបលោកជាគ្រូបាធ្យាយ៍ដ៏ច្បងមួយរូប លោកបានបណ្តុះដល់អ្នកបន្តវេន យ៉ាងច្រើនលើសលប់នៅក្នុងវិស័យនេះ រួមមានទាំងរូបខ្ញុំ និង លោក លោកស្រីជា តារាភាពយន្ត , អ្នកអត្ថាធិប្បាយ , អ្នកថតវីឌីអូ កាម៉េរ៉ាថ្នាក់អន្តរជាតិ, អ្នកសម្តែង និងអ្នកកវីនិពន្ធ រាប់រយ ពាន់នាក់ ។ ខ្ញុំចងចាំកំណាព្យរបស់ លោក« ប្រភេទ លុយ » និងស្នាដៃវណ្ណកម្មភាពយន្តខ្មែរមានដូចជារឿង ទឹករាំផ្ការាំ, បិទភ្នែក ហែកទ្រូង, ចិត្តចងចាំ, ឆ្អឹងអណ្តែត, នេសាទក្រពើ, ហ្លួងព្រះស្តេចកន និងខ្សែភាពយន្តប្រចាំស.វ « កូនប្រុស ក្រោមពន្លឺចន្ទ» ដែលលោកកំពុងតែដឹកនាំថត គឺជាមរតកអរូបី ដែលខ្មែរសូមចងចាំជានិច្ច ។ នៅក្នុងរូបថតមួយចំនួនដែលបង្ហាញភ្ជាប់ទាំងនេះ គឺខ្ញុំសូមបញ្ចើចបញ្ចើដល់ព្រហ្មលិខិត ម្តេចក៏អ្នកមិនផ្តល់ឱកាសឲ្យយើងខ្ញុំបានទៅផ្ទាល់ឱនគោរពវិញ្ញាណខន្ធរៀមច្បង ដែលជាគ្រូដ៏ឆ្នើមរបស់យើងខ្ញុំ ។ ខ្ញុំ សូមគោរពឧទ្ទិសដល់ឥន្ទព្រហ្ម ទេវតា សូមយោងយកវិញ្ញាណក្ខន្ធ រៀមច្បង ឯកឧត្តម ម៉ៅ អាយុទ្ធ ទៅតម្កល់នៅឯឋានបរមសុខជាទីស្ងប់ដ៏សុខសាន្ត ។ ខ្ញុំបាទ កឹម គុណវឌ្ឍន៍ ជាកូនចៅ ជាសិស្ស សូមគោរពសព និងវិញ្ញាណខន្ធព្រឹទ្ធាចារ្យ ម៉ៅ អាយុទ្ធ ពីចម្ងាយ ដោយ ក្តីសោកសៅជាទីបំផុត ៕រក្សាសិទ្ធិដោយ៖បញ្ញាស័ក្តិ











