ភ្នំពេញ ៖ អគ្គស្នងការរងនគរបាល និងជាស្នងការនគរបាលរាជធានីភ្នំពេញ លោកឧត្តមសេនីយ៍ឯក ស ថេត បានអញ្ជើញចុះត្រួតពិនិត្យគោលដៅបិទខ្ទប់នៅលើកំណាត់ផ្លូវជាតិលេខ៤ រវាងព្រំប្រទល់រាជធានីភ្នំពេញ-ខេត្តកណ្តាល និងគោលដៅមួយចំនួនទៀតក្នុងរាជធានីភ្នំពេញ នៅថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២១ ដើម្បីពង្រឹងកម្លាំងនគរបាលរាជធានីភ្នំពេញអនុវត្តវិធានការបិទខ្ទប់រាជធានីភ្នំពេញឱ្យមានប្រសិទ្ធភាព ក្រោយការដាក់ចេញអនុវត្តការបិទរាជធានីភ្នំពេញនិងក្រុងតាខ្មៅ ខេត្តកណ្តាលទាំងស្រុងអនុវត្តតាមសេចក្តីសម្រេចរបស់រាជរដ្ឋាភិបាលកម្ពុជា បានចូលជាធរមាននោះហើយ។ការបិទខ្ទប់រាជធានីភ្នំពេញនិងក្រុងតាខ្មៅ ខេត្តកណ្តាលគឺដើម្បីបង្ការទប់ស្កាត់ការឆ្លងរីករាលដាលជំងឺកូវីដ១៩ ពីតំបន់មួយទៅតំបន់មួយ នៅគ្រាដែលរាជធានីភ្នំពេញអត្រាអ្នកឆ្លង ជំងឺកូវីដ១៩ នៅតែមានកំណើនខ្ពស់ កាន់តែធ្វើឱ្យរាជរដ្ឋាភិបាលមានការព្រួយបារម្ភ។ការអនុវត្តវិធានការបិទខ្ទប់រាជធានីភ្នំពេញយោងតាមសម្រេចក្តីសម្រេច ចាប់ផ្តើមអនុវត្តតាំងពីយប់អធ្រាត្រថ្ងៃទី១៥ ខែមេសា រហូតដល់ថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២១ ដែលមានរយៈពេល១៤ថ្ងៃ។
វិធានការបិទខ្ទប់ដោយកម្លាំងសមត្ថកិច្ចចម្រុះ បានដាក់ពង្រាយបិទខ្ទប់ច្រកចេញ-ចូល នានារវាងព្រំប្រទល់រាជធានីភ្នំនិងតាមបណ្តាខេត្ត បិទខ្ទប់រវាងព្រំប្រទល់ តាមបណ្តាខណ្ឌនីមួយៗទាំង១៤ និងបិទខ្ទប់នៅតាមគោលដៅសំខាន់ជាច្រើនទៀតនៅក្នុងភូមិសាស្រ្តរាជធានីភ្នំពេញ ដោយសមត្ថកិច្ចប្រើប្រាស់រនាំងដែក និងចងខ្សែ ធ្វើការរាំងខ្ទប់រឹតត្បិតចំពោះអ្នកធ្វើដំណើរចរណ៍។
លោកឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនគរបាលរាជធានីភ្នំពេញ ក៏បានណែនាំដល់កម្លាំងនគរបាលដែលកំពុងវិវត្តវិធានការបិទខ្ទប់ ត្រូវបំពេញភារកិច្ចតាមសេចក្តីសម្រេចរបស់រាជរដ្ឋាភិបាលឱ្យបានម៉ឺងម៉ាត់ និងមានការទទួលខុសត្រូវខ្ពស់ ដោយការអនុវត្តត្រូវធ្វើដោយមិនយោគយល់នោះឡើយ។ជាពិសេសអនុវត្តឱ្យបានត្រឹមត្រូវ កុំអនុវត្តលើសពីសេចក្តីសម្រេចស្តីពីវិធានការបិទខ្ទប់រាជធានីភ្នំពេញ និងក្រុងតាខ្មៅខេត្តកណ្តាល។
យោងតាមសេចក្តីសម្រចនៃការអនុវត្តវិធានការបិទខ្ទប់រាជធានីភ្នំពេញ និងក្រុងតាខ្មៅ ខេត្តកកណ្តាល គឺបានអនុញ្ញាតការធ្វើដំណើរទៅបំពេញការងារ ឬប្រកបមុខរបរ ឬអាជីវកម្មក្នុងភូមិសាស្ត្រដែលត្រូវ បានបិទខ្ទប់ ត្រូវមានភ្ជាប់ឯកសារបញ្ជាក់អំពីការងារមុខរបរ ឬអាជីវកម្ម ដែលចេញដោយទីកន្លែងអាជីវកម្ម ពាក់ ព័ន្ធឬអាជ្ញាធរដែនដី, ការអនុញ្ញាតធ្វើដំណើរទៅកាន់ទីកន្លែងលក់ម្ហូបអាហារ ឬគ្រឿងឧបភោគបរិភោគ និង សម្ភារៈប្រើប្រាស់ចាំបាច់ប្រចាំថ្ងៃ។ ការធ្វើដំណើរក្នុងគោលបំណងនេះ អាចធ្វើឡើងដោយសមាជិកយ៉ាងច្រើន ២នាក់ ក្នុងមួយលំនៅឋានឬទីសំណាក់មិនឱ្យលើសពី៣ដង ក្នុងមួយសប្តាហ៍ ក្នុងរង្វង់ភូមិសាស្រ្តក្រុង ឬខណ្ឌ ដែលរស់នៅ និងត្រូវយកតាមខ្លួននូវអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ឬប័ណ្ណសម្គាល់ខ្លួន ។ ការធ្វើដំណើរ ទៅ មន្ទីរពេទ្យ, ទៅមណ្ឌលសុខភាព, សម្ភព ទីកន្លែងព្យាបាល ឬឱសថស្ថាន ដោយមូលហេតុ សុខភាពបន្ទាន់ នៅ ក្នុងរង្វង់ភូមិសាស្ត្រដែលត្រូវបានបិទខ្ទប់។ ការធ្វើដំណើរដោយមូលហេតុសុខភាពបន្ទាន់នេះ នឹងកំណត់ ចំនួន មនុស្សមិនឱ្យលើសពី ៤នាក់សម្រាប់ករណីនីមួយៗ, ការធ្វើដំណើរដើម្បីបង្ហាញខ្លួនឱ្យមន្ត្រីសុខាភិបាលធ្វើ ការយកវត្ថុសំណាកទៅវិភាគរកមេរោគ កូវិដ-១៩ និងដើម្បីទទួលការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ តាម កាលកំណត់ និងនៅក្នុង ឬ ចេញក្រៅរង្វង់ភូមិសាស្ត្រដែលត្រូវបានបិទខ្ទប់,ការអនុញ្ញាតសេវាកម្មដឹកទំនិញដើម្បីបំរើឱ្យភូមិសាស្រ្តនៅ តំបន់បិទខ្ទប់ ការអនុញ្ញាតរថយន្តដឹកទំនិញឆ្លងកាត់។នៅក្នុងតំណាក់កាលនៃវិធានការបិទខ្ទប់ក៏ត្រូវហាមឃាត់នៃការប្រមូលម្តុំ លើកលែងការការជួបជុំនៅក្នុងគ្រួសារនិងទីសំណាក់ជាមួយគ្នា និងការអនុញ្ញាតក្នុងករណីពិសេសចាំបាច់ជាបន្ទាន់មួយចំនួនទៀតផងដែរ៕ រក្សាសិទ្ធិដោយ: ចេស្តារ









