Tuesday, December 23, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ឃាត់ខ្លួនមន្រ្តីនគរបាលទំនើងម្នាក់ បើករថយន្តពាក់ផ្លាកលេខ ន.ប តាមដងផ្លូវពេលវិធានការបិទខ្ទប់ និងបោះពាក្យសំដីថា ខ្លួនជាឧត្តមសេនីយ៍តើនរណាហ៊ានចាប់

ភ្នំពេញ ៖ ឯកឧត្តមនាយឧត្តមសេនីយ៍សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ បានប្រាប់បណ្តាញព័ត៌មាននៅថ្ងៃទី១៧ខែមេសានេះថា មន្រ្តីនគរបាលម្នាក់បើករថយន្តពាក់ផ្លាកលេខ ន.ប តាមដងផ្លូវពេលវិធានការបិទខ្ទប់ និងបោះពាក្យសំដីថា ខ្លួនជាឧត្តមសេនីយ៍ តើនរណាហ៊ានចាប់នោះ ឥឡូវនេះត្រូវបានកម្លាំងនគរបាលរបស់យើងឃាត់ខ្លួនបានហើយ និងកំពុងសួរនាំបន្តនៅព្រឹកថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២១នេះ។

ផ្អើលបណ្តាញសង្គមទៀត សុទ្ធតែកំពូលមនុស្សហើយ ក្នុងសម័យកូវីដនេះ បុរសម្នាក់ ជិះរថយន្ដស៊េរីទំនើបពាក់ផ្លាកលេខនគរបាល និងនិយាយពេលឡាយថា ខ្លួនជាឧត្តមសេនីយ៍ តើគេហ៊ានចាប់ដែរ? ពេលនេះ កម្លាំងនគរបាលចាប់ខ្លួនបានហើយ នៅខណ្ឌជ្រោយចង្វារ នាព្រឹកថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២១នេះ។

ពាក់ព័ន្ធនឹងនគរបាលទំនើងរូបនោះ នាយឧត្តមសេនីយ៍សន្តិបណ្ឌិត បានបញ្ជាក់ថា ចំពោះវិធានការចំពោះមុខនេះ រង់ចាំការសួរនាំ និងពិនិត្យមើលជាក់ស្តែងសិន ដើម្បីចាត់ការបន្តទៀត។

មន្រ្តីនគរបាលរូបនេះ មិនគោរពតាមបទបញ្ជារបស់រាជរដ្ឋាភិបាលក្នុងការបិទខ្ទប់មិនឲ្យប្រជាពលរដ្ឋ និងបុគ្គលមិនចាំបាច់ចេញក្រៅផ្ទះនោះ បានបង្ហោះវីដេអូអួតពីការធ្វើដំណើរដោយមិនខ្លាចសមត្ថកិច្ច នៅលើបណ្ដាញសង្គមហ្វេសប៊ុកបានប៉ុន្មានម៉ោង នៅព្រឹកថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២១នេះ។
បន្ទាប់ពីទទួលបានសេចក្ដីរាយការណ៍ និងឃើញសកម្មភាពជាក់ស្ដែងរបស់បុគ្គលរូបនេះ ដែលជិះរថយន្ដហើយថតសកម្មភាពតាមផ្លូវ និងប្រកាសថា មិនខ្លាចសមត្ថកិច្ចចាប់ខ្លួននោះ កម្លាំងនគរបាលជំនាញ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ក្រោមបញ្ជារបស់នាយឧត្តមសេនីយ៍ នេត សាវឿន និងលោកឧត្តមសេនីយ៍ឯក ស ថេត ស្នងការនគរបាលរាជធានីភ្នំពេញ បានបើកស្រាវជ្រាវភ្លាមៗ ហើយឈានទៅដល់ការឃាត់ខ្លួន និងរថយន្តនៅខណ្ឌជ្រោយចង្វារ។ ក្រោយចាប់ខ្លួនបុគ្គលរូបនេះ ត្រូវបានបញ្ជូនភ្លាមៗ ទៅកាន់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ រួមជាមួយរថយន្ដស៊េរីទំនើបមួយគ្រឿង ម៉ាក Lexus RX300 ឆ្នាំ២០១៨ ពាក់ផ្លាកលេខនគរបាល ២-៦១២៨ ដើម្បីធ្វើការសួរនាំ និងចាត់ការតាមនីតិវិធីច្បាប់ ពិសេសពាក់ព័ន្ធការល្មើសវិធានការរបស់សម្ដេចតេជោ ហ៊ុន សែន។

លោកវរសេនីយ៍ឯក សាន សុខសីហា ជំនួយការ និងជាអ្នកនាំពាក្យស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានប្រាប់បណ្តាញព័ត៌មានក្នុងស្រុកថា បុរសរូបនេះបើករថយន្តឡាយនៅម៉ោង ៨ព្រឹក ម្តុំវត្តគៀនឃ្លាំង ផ្លូវជាតិលេខ៦A ខណ្ឌឬស្សីកែវ ស្របពេលដែលរដ្ឋាភិបាលកំពុងមានវិធានការបិទខ្ទប់មិនឲ្យប្រជាពលរដ្ឋចេញ ដើម្បីបង្ការ និងទប់ស្កាត់ការឆ្លងរាលដាលវីរុសកូវីដ១៩៕ រក្សាសិទ្ធិដោយ៖បញ្ញាស័ក្តិ

×