ភ្នំពេញ ៖ យោងតាមលោកគុជ គឹមឡុង ព្រះរាជអាជ្ញារង និងជាអ្នកនាំពាក្យ នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានបញ្ជាក់ប្រាប់សារព័ត៌មាន នៅរសៀលថ្ងៃទី១៧ខែមេសាឆ្នាំ២០២១ថា តុលាការបានបើសវនាការ អតីតនគរបាលផ្កាយ២ និងជនសង្ស័យ២នាក់ទៀតចំពោះមុខ។
ក្រោយពីបានសាកសួរ តាមនីតិវិធី លោកព្រះរាជអាជ្ញារង ឡុង ជាប បានសម្រេចចោទប្រកាន់តាមមាត្រា ៣, មាត្រា៤ និងមាត្រា១១ នៃច្បាប់ កូវីដ ១៩ ដោយអនុវត្ត នីតិវិធីបង្ហាញខ្លួនភ្លាម (មាត្រា ៤៧ ក្រមនីតិវិធីព្រហ្មទណ្ឌ) ត្រូវបញ្ជូនទៅ តុលាការជំនុំជម្រះ នៅរសៀលនេះ។
លោកបានបញ្ជាក់ថា ជនជាប់ចោទបានស្នើសុំឲ្យមានមេធាវី ហើយតុលាការបានទុកពេល២សប្តាហ៍ ដើម្បីស្វែងរកមេធាវី តុលាការនឹងលើកយករឿងនេះ មកសវនាការម្តងទៀត។
សមត្ថកិច្ចបានបញ្ជាក់ថា ជនសង្ស័យ ÷១-ឈ្មោះ អ៊ុង ចាន់ធួក ភេទប្រុស អាយុ៤៥ឆ្នាំ ជាម្ចាស់ទីតាំងផ្ទះជួល ឋានៈអនុប្រធានសេនាធិការ នៃអគ្គស្នងដ្ឋានការនគរបាលជាតិ ឋានន្តរស័ក្តិឧត្តមសេនីយ៍ទោ។ ២-ឈ្មោះ ឡាយ ភារុណ ភេទ ប្រុស អាយុ២៨ឆ្នាំ មុខរបរបំរើការងារនៅផ្ទះឈ្មោះ អ៊ុង ចាន់ធួក។ ៣-ឈ្មោះ កុក ឃី ភេទប្រុស អាយុ៣៥ឆ្នាំ មុខរបរបំរើការងារនៅផ្ទះ ៕រក្សាសិទ្ធិដោយ៖CEN












