កំពត ៖ កម្លាំងនៃស្នងការដ្ឋាននគរបាលខេត្តកំពត ចាប់ខ្លួនជនជាតិចិន២នាក់ បន្លំបើករថយន្ដសង្គ្រោះបន្ទាន់មន្ទីរព្យាបាលចុងស៊ិង ក្នុងគោលបំណងឆ្លងកាត់ខេត្តកំពត ទៅខេត្តព្រះសីហនុ បំពានសេចក្ដីណែនាំរបស់រាជរដ្ឋាភិបាល ក្នុងការបិទខ្ទប់មិនឲ្យមានអ្នកធ្វើដំណើរឆ្លងកាត់ពីខេត្តមួយទៅខេត្តមួយ។
លោកឧត្តមសេនីយ៍ទោ ម៉ៅ ច័ន្ទមធុរិទ្ធ ស្នងការនគរបាលខេត្តកំពត បានថ្លែងថា
ជនជាតិចិនទាំង០២នាក់នេះ ឈ្មោះ LI CHANGQING កាន់លិខិតឆ្លងដែនលេខ EC7645585 និងឈ្មោះ WANG YOUZHI កាន់លិខខិតឆ្លងដែនលេខ EE771775018។ ប្រតិបត្តិការនេះ កម្លាំងនគរបាលផែនអន្ដោប្រវេសន៍ខេត្តកំពត ដឹកនាំដោយលោកឧត្តមសេនីយ៍ត្រី សែម សោភ័ណ សហការជាមួយនគរបាលជំនាញ ឃាត់ជនជាតិចិនទាំង២នាក់នេះ តាំងពីថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២១ ប៉ុន្ដែនៅពេលឃាត់ខ្លួនបានគ្រាន់តែសួរនាំបឋមប៉ុណ្ណោះ ព្រោះត្រូវយកសំណាកទៅពិនិត្យជាមុនសិន ទៅបន្ដនីតិវិធីបន្ថែមទៀត។ លទ្ធផលបង្ហាញថាអវិជ្ជមាន ទើបកម្លាំងនគរបាលជំនាញចាត់ការបន្ដតាមនីតិវិធី ដែលបច្ចុប្បន្ននៅថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២១នេះ កម្លាំងផែនអន្ដោប្រវេសន៍ បានបញ្ជូនខ្លួនជនជាតិចិនទាំង២នាក់នេះ ទៅកាន់ទីស្នាក់ការត្រៀមបណ្ដេញចេញ នៅខេត្តព្រះសីហនុ ដើម្បីបណ្ដេញចេញពីកម្ពុជាតែម្ដង។
លោកឧត្តមសេនីយ៍ទោ ម៉ៅ មធុរិទ្ធ បានបញ្ជាក់ថា នៅថ្ងៃកើតហេតុ ជនជាតិចិនទាំង២នាក់នេះ ព្យាយាមបើករថយន្តសង្គ្រោះបន្ទាន់ ដែលមានដាក់ឡូហ្គូ មន្ទីរព្យាបាលចុងស៊ិង ឆ្លងព្រំប្រទល់ខេត្តកំពត និងខេត្តព្រះសីហនុ ពេលសមត្ថកិច្ចឃាត់សួរនាំ ក៏បើករថយន្តរត់ត្រឡប់មកក្រោយវិញ បន្ទាប់មកកម្លាំងជំនាញឃាត់ខ្លួនបាន នៅចំណុចផ្លូវបំបែកភ្នំបូកគោ ស្ថិតនៅភូមិកែបថ្មី ឃុំបឹងទូក ស្រុកទឹកឈូ ខេត្តកំពត៕រក្សាសិទ្ធិដោយ៖បញ្ញាស័ក្តិ







