ភ្នំពេញ ៖ នៅព្រឹកថ្ងៃអាទិត្យទី១៨ ខែមេសា ឆ្នាំ២០២១ ឯកឧត្តម ឃួង ស្រេង អភិបាល នៃគណ:អភិបាលរាជធានីភ្នំពេញ អមដំណើរដោយឯកឧត្តម ឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ អញ្ជើញចុះត្រួតពិនិត្យមើលស្ថានភាពទូទៅ នៅគោលដៅច្រមុះជ្រូកក្បាលថ្នល់ និងគោលដៅបិទខ្ទប់ជាប់ព្រំប្រទល់ខេត្តកណ្តាល នៅសង្កាត់ចាក់អង្រែ ខណ្ឌមានជ័យ ។
រដ្ឋបាលរាជធានីភំ្នពេញបានណែនាំ សូមបងប្អូនដែលពុំមានភារកិច្ចចាំបាច់កុំចេញក្រៅផ្ទះ ដើម្បីការពារខ្លួនយើង គ្រួសារយើង និងបងប្អូនប្រជាជាតិយើង ចូលរួមទាំងអស់គ្នា ទើបអាចទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ១៩បានយ៉ាងមានប្រសិទ្ធភាព។
ជាក់ស្ដែងនៅស្ពានអាកាសក្បាលថ្នល់ គល់ស្ពានព្រះមុនីវង្សត្រើយខាងកើត ខណៈដែលទីតាំងទាំង២នេះមានការកកស្ទះចរាចរណ៍ដោយប្រជាពលរដ្ឋបានធ្វើដំណើរ ចេញចូលរាជធានីតាមបណ្តោយផ្លូវជាតិលេខ១ច្រើន ដែលមានហានិភ័យខ្ពស់ ក្នុងការឆ្លងរីករាលដាលជម្ងឺកូវីដ-១៩ ។
លោកឃួង ស្រេង ក្នុងឱកាសនោះបានធ្វើការណែនាំឱ្យអាជ្ញាធរ ក៏ដូចជាកម្លាំងមានសមត្ថកិច្ចត្រូវអនុវត្តអោយបានម៉ឹងម៉ាត់បំផុតទៅលើសេចក្តីសំរេចលេខ៤៩ សសរ របស់រាជរដ្ឋាភិបាលស្តីពីការបិទខ្ទប់ភូមិសាស្ត្ររាជធានីភ្នំពេញ និងភូមិសាស្ត្រក្រុងតាខ្មៅខេត្តកណ្តាល ដើម្បីទប់ស្កាត់ការឆ្លងរីករាលដាលជម្ងឺកូវីដ-១៩ ខណៈដែលជម្ងឺនេះបានឆ្លងរាលដាល់ខ្លាំងក្លាបំផុត ក្នុងរយៈពេលប៉ុន្មានសប្តាហ៍ចុងក្រោយនេះ ដែលបានបង្ខំឲ្យអាជ្ញាធររាជធានីភ្នំពេញ និងរាជរដ្ឋាភិបាលធ្វើការបិទខ្ទប់ផ្ទះប្រជាពលរដ្ឋ បិទខ្ទប់ភូមិ សង្កាត់ ខណ្ឌ និងផ្សារមួយចំនួន ហើយនៅរយៈពេលចុងក្រោយនេះ រាជរដ្ឋាភិបាលបានសម្រេចបិទខ្ទប់ភូមិសាស្ត្ររាជធានីភ្នំពេញ និងភូមិសាស្ត្រក្រុងតាខ្មៅ ខេត្តកណ្តាលតែម្តង ដើម្បីកាត់ផ្តាច់ហើយបាននូវការរីកសាយភាយជម្ងឺនេះបន្តទៀត ។
ទោះបីជាយ៉ាងណាក្តី ក្នុងការចុះពិនិត្យស្ថានភាព លំហូរចរាចរណ៍ប្រជាពលរដ្ឋ និងទីតាំងបិទខ្ទប់ខាងលើនេះ លោកឃួង ស្រេង ក៏បានសំពាវនាវឲ្យបងប្អូនប្រជាពលរដ្ឋ មានការសោគយល់និងចូលរួមអនុវត្ត និងសហការជាមួយអាជ្ញាធរក្នុងដំណាក់កាលដ៏សែនលំបាកនេះ ដើម្បីនាំគ្នាឆ្លងឱ្យផុតពីជម្ងីកូវីដ-១៩ដ៏សាហាវនេះ ។
គួររំលឹកថា៖ រាជរដ្ឋាភិបាលកម្ពុជា សម្រេចដាក់ចេញវិធានការបិទខ្ទប់ ក្នុងភូមិសាស្ដ្ររាជធានីភ្នំពេញ និងក្រុងតាខ្មៅ ខេត្ដកណ្ដាល ព្រមទាំងហាមឃាត់ការធ្វើដំណើរ និងបិទរមណីយដ្ឋានទេសចរណ៍ទូទាំងប្រទេស ដើម្បីទប់ស្កាត់នូវការឆ្លងរីករាលដាលជំងឺកូវីដ១៩ ដែលមានអ្នកឆ្លងកាត់តែច្រើន៕ រក្សាសិទ្ធិដោយ៖បញ្ញាស័ក្តិ



























