ភ្នំពេញ ៖ យុវជនម្នាក់បានស្លាប់ ខណៈពេលលេងទូរស័ព្ទបណ្តើរនិងលេងហ្វេសបុកបណ្តើរ។
ហេតុការណ៍ភ្ញាក់ផ្អើលខាងលើនេះ បានកើតឡើងកាលពីវេលាម៉ោង៧ព្រឹកថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២១ ស្ថិតនៅក្នុងបន្ទប់ជួលមួយកន្លែង ក្នុងភូមិត្រពាំងទា សង្កាត់ត្រពាំងក្រសាំង ខណ្ឌពោធិ៍សែនជ័យ។
សពយុវជនរងគ្រោះ មានឈ្មោះ ខៃ ពិសិដ្ឋ អាយុ២២ឆ្នាំ មុខរបរសន្តិសុខ មានស្រុកកំណើតនៅភូមិប្រណាក់ ឃុំបារ៉ាយ ស្រុកកងមាស ខេត្តកំពង់ចាម។
ប្រភពព័ត៌មានពីបងស្រីជនរងគ្រោះ បានឲ្យដឹងថា នៅមុនពេលកើតហេតុ យុវជនរងគ្រោះបានវិលត្រឡប់មកពីយាមវិញ ហើយបានចូលដេកក្នុងបន្ទប់ និងបានសាកថ្មទូរស័ព្ទបណ្តើរ ហើយលេងបណ្តើរ ដោយសារតែអស់កម្លាំង និងងងុយដេកផងនោះ យុវជនរូបនេះបានដេកលង់លក់ ហើយដាក់ទូរស័ព្ទនៅលើដើមទ្រូង បណ្តាលឲ្យឆក់ស្លាប់តែម្តង។
ក្រោយពេលកើតហេតុ ក្រុមគ្រួសារសាច់ញាតិ ក៏បានរាយការណ៍ទៅកាន់មន្ត្រីមូលដ្ឋាន ដើម្បីជម្រាបជូនខាងសមត្ថកិច្ចឲ្យដឹងឮ ក្នុងករណីឆក់ស្លាប់យុវជនខាងលើនេះ។
បន្ទាប់ពីសមត្ថកិច្ចមូលដ្ឋាន បានទទួលព័ត៌មានខាងលើនេះរួចមក ពួកគាត់ក៏បានរាយការណ៍ទៅកាន់កម្លាំងជំនាញកោសល្យវិច័យ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីចុះទៅពិនិត្យសពយុវជនខាងលើ ក្រោយពេលសមត្ថកិច្ចជំនាញពិនិត្យសពរួចរាល់ហើយ បានបញ្ជាក់ថា សពយុវជនរូបនេះ ពិតជាត្រូវបានឆក់ខ្សែភ្លើងស្លាប់ពិតប្រាកដមែន។
សពត្រូវបានសមត្ថកិច្ច ធ្វើកំណត់ហេតុប្រគល់ឲ្យក្រុមគ្រួសារ ចាត់ចែងធ្វើបុណ្យតាមប្រពៃណី រហូតមកដល់ពេលនេះទៅហើយ បងស្រីរបស់សពយុវជនរងគ្រោះខាងលើ បានប្រាប់ថា ពួកគាត់គ្មានលុយកាក់ សម្រាប់ដឹកសពត្រឡប់ទៅស្រុកកំណើត ដើម្បីធ្វើបុណ្យនោះទេ៕ រក្សាសិទ្ធិដោយ ៖សួង សាម




