ភ្នំពេញ ÷ កម្លាំងសមត្ថកិច្ចប៉ុស្តិ៍សង្កាត់ទួលសង្កែទី១ ចុះបិទទីតាំងកន្លែងបើកទូហ្គែមបាញ់ត្រីខុសច្បាប់ មួយកន្លែង ដែលនៅព្រហើនបើកយ៉ាងរលូនមិនខ្លាចអាជ្ញាធរ និងឃាត់ខ្លួនបានម៉ូតូមួយគ្រឿង ទូហ្គែម២ រួមនឹងមនុស្សប្រុសស្រី៩នាក់ទៀត ក្នុងនោះមានក្មេងតូច២នាក់ ប្រុសម្នាក់ និងស្រីម្នាក់។
ហេតុការណ៍ចុះបង្រ្កាបនេះ ធ្វើឡើងនៅវេលាម៉ោង ៧និង០០នាទីយប់ថ្ងៃអាទិត្យទី១៨ ខែមេសា ឆ្នាំ ២០២១ ស្ថិតនៅតាមបណ្តោយផ្លូវ២៧៣ ចំណុចផ្លូវរថភ្លើង សង្កាត់ទួលសង្កែរទី១ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ។

យោងតាមការបញ្ជាក់ពីសមត្ថកិច្ចបានឲ្យដឹងថា ដោយការដាក់បញ្ជាដោយផ្ទាល់ ពីឯកឧត្តមឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ហាមមិនឲ្យមានការបើកល្បែងសុីសងគ្រប់ប្រភេទ និងហាមមិនឲ្យមានការប្រមូលផ្តុំ និងជួបជុំគ្នាផ្សេងៗទៀត ដោយសារតែការចូលរួមប្រយុទ្ធប្រឆាំង នៃការរីករាលដាលជំងឺកូវីដ១៩ ត្រូវបិទទាំងអស់ ដោយឡែកឃើញថា ទីតាំងបាញ់ត្រីមួយកន្លែងនេះ នៅតែបន្តបើកដោយមិនខ្លាចសមត្ថកិច្ច ហេតុនេះទើបសមត្ថកិច្ចដឹកនាំកម្លាំងចុះមកបង្រ្កាបភ្លាមៗ។
ប្រភពបន្តពីសមត្ថកិច្ចបានឲ្យដឹងទៀតថា ក្នុងការចុះបង្រ្កាបនេះ ឃាត់ខ្លួនបានមនុស្ស៩នាក់ ប្រុស ៤នាក់ក្មេងតូចម្នាក់ និងស្រី៦នាក់ និងក្មេងតូចម្នាក់ដែរ រួមទូហ្គែម២ និងម៉ូតូស្មាស រ៉េវ៉ូ១គ្រឿងនិងសម្ភារមួយចំនួន ដឹកយកទៅប៉ុស្តិ៍នគបាលរដ្ឋបាលសង្កាត់ទួលសង្កែទី១ ដើម្បីសួរនាំចាត់ការទៅតាមនីតិវិធី៕ រក្សាសិទ្ធិដោយ៖ សា មេត





