ភ្នំពេញ ៖ ផ្ទះអ្នកលក់ទូរស័ព្ទមួយកន្លែង ត្រូវបានចោរលួចគាស់យកម៉ូតូមួយគ្រឿងម៉ាកហុងដា Zoomerពណ៌ខៀវពាក់ផ្លាកលេខភ្នំពេញ1 GF 5539 យកទៅបាត់ដោយ សុវត្ថិភាព រួចក៏បានដោះយកកាម៉េរ៉ាសុវត្ថិភាព របស់ម្ចាស់ផ្ទះយកទៅបាត់ ដើម្បីបំបាត់ភស្តុតាងថែមទៀតផង។
បើយោងតាមការរៀបរាប់របស់ម្ចាស់ផ្ទះឈ្មោះ អម រ៉ាដូ ភេទប្រុស អាយុ២៦ឆ្នាំ មុខរបរលក់ទូរស័ព្ទដៃ បានឲ្យដឹងថា នៅយប់ថ្ងៃទី១៩ខែមេសាឆ្នាំ២០២១ រូបគាត់បានចាក់សោទ្វារផ្ទះ និងប្រមូលទូរស័ព្ទដែលដាក់តាំងលក់ ចេញទៅសម្រាកផ្ទះម្តាយរបស់គាត់លុះព្រឹកឡើង ត្រឡប់មកវិញ ក៏ប្រទះឃើញទ្វារផ្ទះរបស់គាត់ ត្រូវបានចោរគាស់និងយកម៉ូតូ របស់គាត់យកទៅបាត់ និងយកកាម៉េរ៉ាសុវត្ថិភាពថែមទៀតផង ធ្វើឲ្យគាត់ពិបាកនិងកំណត់មុខសញ្ញាចោរបាន រួចគាត់បានពោលពាក្យថាសំណាងណាស់ ដែលរូបគាត់បានប្រមូលយកទូរស័ព្ទ ដែលដាក់លក់តាំងក្នុងទូរទៅតាមខ្លួនបាន កុំអីអស់រាប់ពាន់ម៉ឺនដុល្លាឯណោះ ។
ដោយរូបគាត់បានបង្ហោះសារ តាមអាខោនហ្វេសប៊ុកផ្ទាល់ខ្លួន របស់គាត់ថា បងប្អូនដែលរស់នៅម្តុំផ្សារដីហុយ ក្នុងសង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ គួរតែមានការប្រុងប្រយ័ត្នឲ្យបានខ្ពស់ ព្រោះមានចោរលួចគាស់ផ្ទះយកទ្រព្យសម្បត្តិ៕ រក្សាសិទ្ធិដោយ៖ សួង សាម








