ស្ទឹងត្រែង ៖ ប្រជាពលរដ្ឋមួយចំនួនអះអាងថា ខ្លួនត្រូវចាញ់បោកមេខ្យល់អស់លុយ ក្នុងមួយគ្រួសារយ៉ាងតិចក៏១០០ដុល្លារ ដើម្បីឱ្យទៅមេខ្យល់ជាថ្នូនឹងបានដីមួយប្លង់។ ដីដែលពួកគាត់ត្រូវចាញ់បោកគេនោះ គឺស្ថិតនៅត្រង់ចំណុចអូរពោន ឃុំក្បាលរមាស ស្រុកសេសាន ខេត្តស្ទឹងត្រែង ជាប់ឃុំរយ៉ ស្រុកកោះញែក ខេត្តមណ្ឌលគិរី។
ប្រជាពលរដ្ឋរងគ្រោះបាននិយាយថា ពួកគាត់សុទ្ធតែជាអ្នកមានជីវភាពខ្វះខាត ចង់បានដីធ្វើកសិកម្មនិងសង់ផ្ទះ ហើយបានចំណាយលុយទៅឱ្យមេខ្យល់ ដើម្បីកាប់ព្រៃយកដី។ ក៏ប៉ុន្តែពេលពួកគាត់ទៅកាប់ព្រៃ បែរជាភាគីខាងមេខ្យល់ហាមឃាត់ សម្លុតគំរាមនិងរាយការណ៍ទៅសមត្ថកិច្ច ចុះទៅដុតបំផ្លាញសាលាឆទាន ដែលគ្រោងនឹងសង់បង្កើតជាភូមិថ្មី។
ប្រជាពលរដ្ឋលើកឡើងទៀតថា ពួកគាត់យល់ថា កាប់ព្រៃសង់ផ្ទះនៅតំបន់នោះគឺជារឿងខុសច្បាប់។ ត្រូវខាងបរិស្ថាននិងអាជ្ញាធរស្រុក ហាមឃាត់។ ដោយឡែកមេខ្យល់គំរាមយកលុយផង ធ្វើសកម្មភាពកាប់ព្រៃជារៀងរាល់ថ្ងៃ បែរជាមិនខុសច្បាប់ទៅវិញ។ ខាងបរិស្ថាននិងអាជ្ញាធរស្រុក មិនបានឃាត់ខ្លួន ឬបង្ក្រាបមេខ្យល់នោះទេ។
ប្រជាពលរដ្ឋបានបញ្ជាក់ថា មេខ្យល់ឈ្មោះហុិន ប៊ុនសង គឺជាអ្នកប្រមូលកៀរគរប្រជាពលរដ្ឋចំណាកស្រុក ទៅកាប់ទន្ទ្រានព្រៃយកដីនៅចំណុចអូរ ពោន ឃុំក្បាលរមាស ចែកគ្នាដោយក្នុងមួយគ្រួសារ ត្រូវបង់លុយចាប់ពី៥០០ដុល្លារ ជាថ្នូរនិងបានដីមួយប្លង់ទំហំក្បាល៥០ម៉ែត្រ ជម្រៅ៧០០ម៉ែត្រ។ អ្នកខ្លះបានឲ្យលុយទៅមេខ្យល់ចាប់ពី ១០០ ទៅ ៣០០ ដុល្លារមុនរួចហើយ។ ប្រជាពលរដ្ឋខ្លះទៀត មិនទាន់មានលុយពុំបានឲ្យទៅមេខ្យល់ទេ។
មេខ្យល់ចាប់ដីបានប្រាប់ប្រជាពលរដ្ឋថា បើសិនជាមិនឱ្យលុយគ្រប់ចំនួន គេនិងដកហូតយកដីដែលត្រៀមចែកគ្នានោះ ទៅឲ្យអ្នកផ្សេង ដែលមានលុយគ្រប់ចំនួន។ អ្នកមានលុយគេបានដីអ្នកមានជីវភាពខ្វះខាត គ្មានលុយកាក់ត្រូវគេដកហូតយកដីទៅវិញ។
មេខ្យល់ឈ្មោះហ៊ិុន ប៊ុនសង ត្រូវបានប្រជាពលរដ្ឋអះអាងថា គឺជាអ្នកចំណាកស្រុកមកពីខេត្តសៀមរាប និងមានបក្ខពួកពីរបីនាក់ទៀត។
ឈ្មោះ ហុិន ប៊ុនសង បានប្រាប់អ្នកសារព័ត៌មាន នៅរសៀលថ្ងៃទី ១៨ ខែមេសាម្សិលមិញថា ខ្លួនទទួលស្គាល់ពិតជាបានយកលុយ ពីប្រជាពលរដ្ឋនោះមែន ប៉ុន្តែមិនច្រើនដូចការលើកឡើងទេគឺត្រឹម ១០ ម៉ឺនរៀល ក្នុងមួយគ្រួសារប៉ុណ្ណោះ។ លោកបានយកលុយទៅរត់ការ ឲ្យសមត្ថកិច្ចអាជ្ញាធរពាក់ព័ន្ធមួយចំនួន ក្នុងស្រុកកោះញែក ខេត្តមណ្ឌលគិរី និងស្ទឹងត្រែង។
លោក វឿន សម្បត្តិ មេឃុំក្បាល បានបញ្ជាក់តាមទូរស័ព្ទនៅព្រឹកថ្ងៃទី ១៩ ខែមេសាថា ដីនៅតំបន់ខាងលើនោះ ស្ថិតក្នុងគម្រោងដីសម្បទានសង្គមកិច្ច របស់ឃុំក្បាលរមាស តែមិនទាន់បានចុះបញ្ជីនៅឡើយទេ។ ដោយឡែកដីដែលមានព្រៃឈើ គឺស្ថិតក្នុងការគ្រប់គ្រងរបស់រដ្ឋបាលព្រៃឈើមួយផ្នែក និងមួយផ្នែកទៀត គឺជាច្រករបៀង ដែលគ្រប់គ្រងដោយខាងបរិស្ថាន។
គួរបញ្ជាក់ថា កាលពីថ្ងៃទី ១៣ ខែមេសាឆ្នាំ ២០២១ ខាងបរិស្ថាន និងអាជ្ញាធរពាក់ព័ន្ធ សាលាស្រុកសេសាន បានចុះទៅរុះរើសាលាឆទាន និងដុតបំផ្លាញចោលនៅកណ្ដាលព្រៃ។ ប៉ុន្តែផ្ទះជាច្រើនផ្សេងទៀត និងរោងប្រក់តង់របស់មេខ្យល់ចាប់ដី នៅកណ្ដាលព្រៃ ពុំទាន់បានចាត់វិធានការនៅឡើយទេ រហូតមកទល់នឹងថ្ងៃទី ១៩ ខែមេសាឆ្នាំ២០២១នេះ៕រក្សាសិទ្ធិដោយ៖សំណាង















