ភ្នំពេញ ៖ ឯកឧត្តម នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ ចេញសេចក្តីណែនាំ ស្ដីពីការបំពេញការងាររបស់ថ្នាក់ដឹកនាំ និងកងកម្លាំងនគរបាល នៃអគ្គស្នងការដ្ឋាននគរបាលជាតិ នៅអំឡុងពេលបិទខ្ទប់ភូមិសាស្ត្ររាជធានីភ្នំពេញ និងក្រុងតាខ្មៅនៃខេត្តកណ្ដាល ដើម្បីទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩។

យោងសេចក្តីសម្រេចរបស់រាជរដ្ឋាភិបាលលេខ ៤៩ សសរ ចុះថ្ងៃទី ១៤ ខែ មេសា ឆ្នាំ២០២១ ស្ដីពី ការបិទខ្ទប់ភូមិសាស្ត្ររាជធានីភ្នំពេញ និងក្រុងតាខ្មៅនៃខេត្តកណ្តាល ដើម្បីទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺ កូវីដ-១៩ និងសេចក្តីសម្រេចរបស់រាជរដ្ឋាភិបាលលេខ ៥០សសរ ចុះថ្ងៃទី ១៧ ខែមេសា ឆ្នាំ ២០២១ ស្ដីពី ការកែសម្រួលវិធានការដែលត្រូវអនុវត្តក្នុងអំឡុងពេលបិទខ្ទប់ភូមិសាស្ត្ររាជធានីភ្នំពេញ និងក្រុងតាខ្មៅ នៃ ខេត្តកណ្តាល ដើម្បីទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩។
អនុវត្តសេចក្ដីណែនាំរបស់ក្រសួងមហាផ្ទៃលេខ ០១០សណន ចុះថ្ងៃទី១៨ ខែ មេសា ឆ្នាំ ២០២១ ស្តីពីការបំពេញការងាររបស់ថ្នាក់ដឹកនាំ និងមន្ត្រីរាជការនៃក្រសួងមហាផ្ទៃក្នុងអំឡុងពេលបិទខ្ទប់ភូមិសាស្ត្រ រាជធានីភ្នំពេញ និងក្រុងតាខ្មៅ នៃខេត្តកណ្តាល ដើម្បីទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩។
ដើម្បីអនុវត្តប្រកបដោយប្រសិទ្ធភាពខ្ពស់ តាមខ្លឹមសារនៃសេចក្ដីសម្រេចរបស់រាជរដ្ឋាភិបាល និង សេចក្ដីណែនាំរបស់ក្រសួងមហាផ្ទៃ អគ្គស្នងការដ្ឋាននគរបាលជាតិសូមធ្វើការណែនាំអំពីការបំពេញការងារ របស់ ឯកឧត្តម លោកជំទាវ ជាអគ្គស្នងការរង និងអស់លោក លោកស្រី ជាប្រធាននាយកដ្ឋាន អគ្គស្នងការដ្ឋាននគរបាលជាតិដូចខាងក្រោម ៖ -អង្គភាពចំណុះ
១. នាយកដ្ឋាន-អង្គភាព និងអង្គភាពថ្នាក់ប្រហាក់ប្រហែលដែលមានភារកិច្ចបម្រើឲ្យបុព្វហេតុរដ្ឋបាល ត្រូវពិនិត្យនិងចាត់ចែងមន្ត្រីបំពេញការងារប្រចាំថ្ងៃក្នុងចំនួនតិចបំផុត ក៏ប៉ុន្តែអាចធានាបាននូវនិរន្តរភាពការងារ រដ្ឋបាលរបស់អង្គភាពជំនាញនីមួយៗ និងចរន្តដឹកនាំបញ្ហារបស់អគ្គស្នងការដ្ឋាននគរបាលជាតិ។
២.នាយកដ្ឋាន-អង្គភាព ចំណុះផែនសន្តិសុខ និងផែនប្រឆាំងបទល្មើស ត្រូវចាត់វិធានការកំណត់ និង បែងចែកកម្លាំងឲ្យបានហ្មត់ចត់ (កម្លាំងប្រចាំការនៅអង្គភាព និងកម្លាំងត្រៀមបម្រុង) សំដៅធានាបាននូវ និរន្តរភាពការងារធានាស្ថិរភាពសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គម ព្រមទាំងឆ្លើយតប ទាន់ពេលវេលាក្នុងការចេញអន្តរាគមន៍ដោះស្រាយហេតុការណ៏នៅពេលមានបទបញ្ហាបន្ទាន់។
៣.នាយកដ្ឋាន អង្គភាពចំណុះផែនសណ្តាប់ធ្នាប់សាធារណៈ ត្រូវពិនិត្យ ប្រមូលផ្តុំ និងបែងចែកកម្លាំង
(កម្លាំងប្រចាំការនៅអង្គភាព និងកម្លាំងត្រៀមបម្រុង) ដោយផ្អែកតាមសភាពការណ៍ និងស្ថានភាពជាក់ស្ដែង៕
រក្សាសិទ្ធិដោយ៖បញ្ញាស័ក្តិ










