Monday, December 22, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ស្លាប់ ៥​នាក់ ដោយសារ​ជំងឺ​កូ​វីដ​១៩

​ភ្នំពេញ ៖ ក្រសួងសុខាភិបាល នៅ​ព្រឹក​ថ្ងៃទី​២១ ខែមេសា ឆ្នាំ​២០២១​នេះ បានប្រកាស​ពី​ចំនួន​អ្នកស្លាប់​ដោយសារ​ជំងឺ​កូ​វីដ​១៩ ចំនួន​៥​នាក់​បន្ថែមទៀត​។ គិត​ត្រឹម​ព្រឹក​ថ្ងៃទី​២១ ខែមេសា ឆ្នាំ​២០២១​នេះ កម្ពុ​ជាមាន​អ្នកស្លាប់​ដោយសារ​ជំងឺ​កូ​វីដ​១៩ កើន​ដល់​ចំនួន​៥៤​នាក់​។​

​អ្នកស្លាប់​ដោយសារ​ជំងឺ​កូ​វីដ​១៩ ទាំង​៥​នាក់​បន្ថែមទៀត​នេះ​រួមមាន​៖

១) មន្ទីរពេទ្យ​ហ្លួង​ម៉ែ បានឱ្យដឹងថា បុរស​ជនជាតិខ្មែរ​អា​យុ​៣៣​ឆ្នាំ រស់នៅ​សង្កាត់​ដង្កោ ខណ្ឌដង្កោ រាជធានី​ភ្នំពេញ បាន​ចូល​សម្រាក​ពេទ្យ នៅ​ថ្ងៃទី​០៨ ខែមេសា ឆ្នាំ​២០២១ វេលា​ម៉ោង​២១៖៥១​នាទី បន្ទាប់ពី​ទទួលបាន​លទ្ធផល​វិជ្ជមាន​កូ​វីដ​-១៩ ជាមួយ​ស្ថានភាព​ក្អក ហត់​ខ្លាំង​។​

​ដោយ​ការវិវត្ត​របស់​ជំងឺ​ពីមួយថ្ងៃ​ទៅមួយថ្ងៃ កាន់តែ​ធ្ងន់ធ្ងរ​ឡើងៗ រួមជាមួយ​ស្ថានភាព​ហត់​ដង្ហក់​ខ្លាំង ដែល​តម្រូវឱ្យ​ក្រុមគ្រូពេទ្យ​ជួយសង្គ្រោះ តាម​លក្ខណៈ​បច្ចេកទេស​យ៉ាង​យកចិត្តទុកដាក់​រួមទាំង​ការប្រើ​ម៉ាស៊ីន​ជំនួយ​ដង្ហើម​ផង ក៏​នៅតែ​មិនអាច​ជួយសង្គ្រោះ​អ្នកជំងឺ​បាន គាត់​បាន​ស្លាប់បាត់​បង់ជីវិត នៅ​ថ្ងៃទី​២០ ខែមេសា ឆ្នាំ​២០២១ វេលា​ម៉ោង​០៧៖៣០​នាទី​ព្រឹក​។​

​ការសន្និដ្ឋាន​របស់​ក្រុមគ្រូពេទ្យ​៖ បុរស​ជនជាតិខ្មែរ​អា​យុ ៣៣​ឆ្នាំ ខាងលើនេះ បាន​ស្លាប់បាត់​បង់ជីវិត​ដោយសារ​វិបត្តិ​ផ្លូវដង្ហើម​ស្រួចស្រាវ​ធ្ងន់ធ្ងរ និង​រលាក​សួត​ទាំងសងខាង​ដោយសារ​វីរុស​កូ​វីដ​-១៩​។​

២) មន្ទីរពេទ្យបង្អែក​ខេត្ត​ព្រះសីហនុ បានឱ្យដឹងថា ស្ត្រីជន​ជាតិខ្មែរ​អាយុ​៦៦​ឆ្នាំ រស់នៅ​ខេត្ត​ព្រះសីហនុ បាន​ចូល​សម្រាក​ពេទ្យ នៅ​ថ្ងៃទី​១៩ ខែមេសា ឆ្នាំ​២០២១ វេលា​ម៉ោង​១៨៖៣០​នាទី ស្ថិតក្នុង​ស្ថានភាព​ហត់​ដង្ហក់​ខ្លាំង តម្រូវឱ្យ​ក្រុមគ្រូពេទ្យ​ជួយសង្គ្រោះ​បន្ទាន់ និង​ប្រើប្រាស់​ម៉ាស៊ីន​ជំនួយ​ដង្ហើម​ភ្លាមៗ ជា​ករណី​សង្ស័យ ក្រុមគ្រូពេទ្យ​បាន​យក​សំណាក​ធ្វើការ​វិភាគ ជា​លទ្ធផល​អ្នកជំងឺ​មាន​វិជ្ជមាន​កូ​វីដ​-១៩​។ ដោយសារ​អ្នកជំងឺ​មាន​ស្ថានភាព​ធ្ងន់ធ្ងរ​ពេក គាត់​ក៏បាន​ស្លាប់បាត់​បង់ជីវិត​នៅ ថ្ងៃទី​២០ ខែមេសា ឆ្នាំ​២០១១ វេលា​ម៉ោង​៥៖០០​នាទី​។​

​ការសន្និដ្ឋាន​របស់​ក្រុមគ្រូពេទ្យ​៖ ស្ត្រីជន​ជាតិខ្មែរ​អាយុ ៦៦​ឆ្នាំ ខាងលើនេះ បាន​ស្លាប់បាត់​បង់ជីវិត​ដោយសារ​វិបត្តិ​ផ្លូវដង្ហើម​ស្រួចស្រាវ​ធ្ងន់ធ្ងរ និង​រលាក​សួត​ទាំងសងខាង​ដោយសារ​វីរុស​កូ​វីដ​-១៩​។​

៣) មន្ទីរពេទ្យ​មិត្តភាព​ខ្មែរ​-​សូ​វៀត បានឱ្យដឹងថា បុរស​ជនជាតិខ្មែរ​អា​យុ​៦៣​ឆ្នាំ រស់នៅ​សង្កាត់​ចាក់អង្រែ​ក្រោម ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ ដែលមាន​ប្រវត្តិ​ក្តៅខ្លួន ហត់​ខ្លាំង មាន​ជំងឺ​លើស​សម្ពាធ​ឈាម និង​ជំងឺ​ទឹកនោមផ្អែម​ប្រចាំកាយ​។ អ្នកជំងឺ​បាន​ចូលមក​មន្ទីរពេទ្យ​មិត្តភាព​ខ្មែរ សូ​វៀត នៅ​ថ្ងៃទី​១៨ ខែមេសា ឆ្នាំ​២០២១ វេលា​ម៉ោង ២១៖២៥​នាទី ពេលមកដល់​ក្រុមគ្រូពេទ្យ​បាន​ពិនិត្យឃើញ​ភ្លាមៗ​ថា គាត់​បាន​ស្លាប់បាត់​បង់ជីវិត​មុន​ចូលដល់​មន្ទីរពេទ្យ ជា​ករណី​សង្ស័យ សព​ត្រូវបាន​យក​សំណាក​ធ្វើការ​វិភាគ ដោយ​ទទួលបាន​លទ្ធផល​បញ្ជា​ក់ថា​មាន​វិជ្ជមាន​កូ​វីដ​-១៩​។​

​ការសន្និដ្ឋាន​របស់​ក្រុមគ្រូពេទ្យ​៖ បុរស​ជនជាតិខ្មែ​អាយុ​៦៣​ឆ្នាំ ខាងលើនេះ បាន​ស្លាប់បាត់​បង់ជីវិត​ដោយសារ​ជំងឺ​កូ​វីដ​-១៩ លើ​អ្នកជំងឺ​ទឹកនោមផ្អែម ប្រចាំកាយ មុនពេល​ចូលដល់​មន្ទីរពេទ្យ (Mourant entrant avec Covb-19)​។​

៤) មន្ទីរពេទ្យ​មិត្តភាព​ខ្មែរ​-​សូ​វៀត បានឱ្យដឹងថា ស្ត្រីជន​ជាតិខ្មែរ​អាយុ​៥២​ឆ្នាំ រស់នៅ​សង្កាត់​ស្ទឹងមានជ័យ​១ ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ បាន​ចូល​សម្រាក​ពេទ្យ នៅ​ថ្ងៃទី​២០ ខែមេសា ឆ្នាំ​២០២១ វេលា​ម៉ោង​៣៖១៥​នាទី​ទៀបភ្លឺ ក្នុងស្ថានភាព​ក្តៅខ្លួន​ហត់​ខ្លាំង តម្រូវឱ្យ​ក្រុមគ្រូពេទ្យ​ជួយសង្គ្រោះ​ភ្លាមៗ តាម​លក្ខណៈ​បច្ចេកទេស រួមទាំង​ប្រើប្រាស់​ម៉ាស៊ីន​ជំនួយ​ដង្ហើម ព្រមទាំង​យក​សំណាក​ធ្វើការ​វិភាគ ហើយ​ជា​លទ្ធផល​សំណាក​បាន​បញ្ចាក់​ថា​មាន​វិជ្ជមាន​កូ​វីដ​-១៩​។​

​ដោយ​ការ​វិ​វ​ត្តិ​របស់​ជំងឺ​ចេះតែ​ធ្ងន់ធ្ងរ​ឡើងៗ ក្រុមគ្រូពេទ្យ​បាន​ខិតខំ​ជួយសង្គ្រោះ​យ៉ាង​យកចិត្តទុកដាក់ ប៉ុន្តែ​មិនអាច​ជួយសង្គ្រោះ​អ្នកជំងឺ​បាន គាត់​បាន​ស្លាប់បាត់​បង់ជីវិត​នៅ​ថ្ងៃទី​២០ ខែមេសា ឆ្នាំ​២០២១​ដដែល វេលា​ម៉ោង ៦៖០០​នាទី​ព្រឹក​។ ការសន្និដ្ឋាន​របស់​ក្រុមគ្រូពេទ្យ​៖ ស្ត្រីជន​ជាតិខ្មែរ​អាយុ​៥២​ឆ្នាំ ខាងលើនេះ បាន​ស្លាប់បាត់​បង់ជីវិត​ដោយសារ​វិបត្តិ​ផ្លូវដង្ហើម​ស្រួចស្រាវ​ធ្ងន់ធ្ងរ និង​រលាក​សួត​ទាំង​ខាង​ដោយសារ​វីរុស​កូ​វីដ​-១៩​។​

៥) មន្ទីរពេទ្យ​មិត្តភាព​ខ្មែរ​-​សូ​វៀត បានឱ្យដឹងថា​ស្ត្រីជន​ជាតិខ្មែរ​អាយុ ៦១​ឆ្នាំ រស់នៅ​ស្រុក​អង្គស្នួល ខេត្តកណ្តាល បាន​ចូល​សម្រាក​ពេទ្យ នៅ​ថ្ងៃទី​១២ ខែមេសា ឆ្នាំ​២០២១ វេលា​ម៉ោង​២០៖០០​នាទី ក្នុងស្ថានភាព​ក្តៅខ្លួន ហត់​ខ្លាំង និង​មាន​ជំងឺ​ទឹកនោមផ្អែម​ប្រចាំកាយ បន្ទាប់ពី​ទទួលបាន​លទ្ធផល​បញ្ជា​ក់ថា មាន​វិជ្ជមាន​កូ​វីដ​-១៩​។​

​ដោយ​ការវិវត្ត​របស់​ជំងឺ​ពីមួយថ្ងៃ​ទៅមួយថ្ងៃ​កាន់តែ​ធ្ងន់ធ្ងរ​ឡើងៗ ហត់​ដង្ហក់​ខ្លាំង ដែល​តម្រូវឱ្យ​ក្រុមគ្រូពេទ្យ​ជួយសង្គ្រោះ​ភ្លាមៗ តាម​លក្ខណៈ​បច្ចេកទេស រួមទាំង ការប្រើប្រាស់​ម៉ាស៊ីន​ជំនួយ​ដង្ហើម​ផង ប៉ុន្តែ​មិនអាច​ជួយសង្គ្រោះ​អ្នកជំងឺ​បាន គាត់​បាន​ស្លាប់បាត់​បង់ជីវិត​នៅ​ថ្ងៃទី​២០ ខែមេសា ឆ្នាំ​២០២១​វេលា​ម៉ោង​១៧៖៥០​នាទី​។ ការសន្និដ្ឋាន​របស់​ក្រុមគ្រូពេទ្យ​៖ ស្ត្រីជន​ជាតិខ្មែរ​អាយុ ៦១​ឆ្នាំ​ខាងលើនេះ បាន​ស្លាប់បាត់​បង់ជីវិត​ដោយសារ​វិបត្តិ​ផ្លូវដង្ហើម​ស្រួចស្រាវ​ធ្ងន់ធ្ងរ និង​រលាក​សួត​ទាំង​ខាង​ដោយសារ​វីរុស​កូ​វីដ​-១៩ លើ​អ្នកមាន​ជំងឺ​ទឹកនោមផ្អែម​ប្រចាំកាយ​។​

​ក្រសួងសុខាភិបាល សូម​ចូលរួមចំណែក​សោកស្តាយ​ជា​ពន់ពេក និង​សូម​ចូលរួម​មរណទុក្ខ​យ៉ាង​ក្រៀមក្រំ​ជាទីបំផុត​ជាមួយ​ក្រុមគ្រួសារ​សព​៕ រក្សា​សិទ្ធិ​ដោយ​៖​បញ្ញា​ស័ក្តិ​

×