ភ្នំពេញ ៖ ជនសង្ស័យ២នាក់ត្រូវបានឃាត់ខ្លួន ខណៈពេលជិះម៉ូតូមួយគ្រឿង ធ្វើសកម្មភាពឆក់ទូរស័ព្ទពីជនរងគ្រោះជាអ្នកបោសសំរាមលើដងផ្លូវ បានសម្រេច រួចជិះរត់គេចខ្លួន ទៅបុកបារាស់ទៅបុកកម្លាំងមត្ថកិច្ច ដែលកំពុងឈរជើងយាមនៅគោលដៅ បណ្តាលរងរបួសធ្ងន់និងស្រាល២នាក់ ដែលព្យាយាមបង្អាក់ដំណើររបស់ជនសង្ស័យ កំពុងជិះរត់គេចខ្លួន។
ហេតុការណ៍ភ្ញាក់ផ្អើលនេះ កើតឡើងកាលពីវេលាម៉ោង ១ និង ៤៥នាទីរសៀល ថ្ងៃទី២១ ខែមេសា ឆ្នាំ២០២១ ស្ថិតត្រង់ចំណុចគោលដៅ របស់កម្លាំងសមត្ថកិច្ចអនុវត្តបម្រាមគោចរ ក្បែរស្តុបវត្តនាគវន្ត តាមបណ្តោយមហាវិថី សហព័ន្ធរុស្ស៊ី ក្នុងសង្កាត់ផ្សាដេប៉ូទី៣ ខណ្ឌទួលគោក រាជធានីភ្នំពេញ។
តាមប្រភពព័ត៌មាននៅកន្លែងកើតហេតុបានប្រាប់ឱ្យដឹងថា មុនពេលកើតហេតុ មានជនសង្ស័យ២នាក់ ជិះម៉ូតូមួយគ្រឿង ម៉ាក wave ពណ៌ខ្មៅ ពាក់ផ្លាកលេខ ភ្នំពេញ 1G-5157 ធ្វើដំណើរតាមបណ្តោយមហាវិថីសហព័ន្ធរុស្ស៊ី ទិសដៅពីលិចទៅកើត ខណៈពេលមកដល់ចំណុចកើតហេតុ ជនសង្ស័យក៏ឃើញជនរងគ្រោះ ដែលជាស្ត្រីអ្នកអនាម័យរបស់ក្រុមហ៊ុនស៊ិនទ្រី កំពុងបំពេញការងារនៅក្រោមស្ពានអាកាស ៥មករា បណ្តើរ និយាយទូរស័ព្ទបណ្តើ ម៉ាកOPPO ដោយជនសង្ស័យឃើញក៏ធ្វើសកម្មភាពឆក់ទូរស័ព្ទ ពីដៃជនរងគ្រោះ បានសម្រេចរួចជិះម៉ូតូរត់គេចខ្លួន ។
ប្រភពបានបន្តថា ខណៈពេលមកដល់ចំណុចគោលដៅអនុវត្តបម្រាមគោចរ របស់កម្លាំងសមត្ថកិច្ចត្រង់ចំណុចស្តុបវត្តនាគវ័ន្ត កម្លាំងសមត្ថកិច្ចព្យាយាមបង្អាក់ដំណើរ គេចខ្លួនរបស់ជនសង្ស័យ ត្រូវបានជនសង្ស័យជិះម៉ូតូបុកបារាស់រះត្រូវសមត្ថកិច្ច២នាក់ កំពុងឈរក្បែរនោះពេញទំហឹង បណ្តាលឱ្យរងរបួសធ្ងន់និងស្រាល បញ្ជូនទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យ រីឯជនសង្ស័យដួលម៉ូតូ ត្រូវបានកម្លាំងសមត្ថកិច្ចឃាត់ខ្លួនបានភ្លាមៗ។
ក្រោយពេលកើតហេតុ ជនសង្ស័យទាំង២នាក់ ក៏នាំខ្លួនទៅប៉ុស្តិ៍នគរបាលរដ្ឋបាល ផ្សាដេប៉ូទី៣ ដើម្បីសួរនាំ និង បញ្ជូនខ្លួនទៅអធិការដ្ឋាននគរបាលខណ្ឌទួលគោក ដើម្បីចាត់ការតាមនីតិវិធីច្បាប់ ចំណែកទូរស័ព្ទកម្លាំងសមត្ថកិច្ចប្រគល់ទៅឱ្យជនរងគ្រោះវិញផងដែរ៕រក្សាសិទ្ធិដោយ៖សារឿន







