មេដឹកនាំជាន់ខ្ពស់កូរ៉េខាងជើង គីម ជុងអ៊ុន បានអញ្ជើញប្រធានាធិបតីអាមេរិច ដូណាល់ ត្រាំ ជួបចរចារគ្នា ហើយជុំវិញការអញ្ជើញនេះដែរ លោក ត្រាំបានថ្លែងថាគាត់នឹងទទួលយក។ នេះបើតាមការចេញផ្សាយរបស់ BBC នៅព្រឹកថ្ងៃសុក្រនេះ។
ការប្រកាសដ៏គួរឲ្យភ្ញាក់ផ្អើលនេះ ធ្វើឡើងដោយមន្ត្រីជាន់ខ្ពស់កូរ៉េខាងត្បូងដែលបានមកទីក្រុងវ៉ាស៊ីនតោនដើម្បីផ្ញើសាររបស់មេដឹកនាំកូរ៉េខាងជើង ដល់មន្ត្រីអាមេរិច។
មន្ត្រីកូរ៉េខាងត្បូងនិយាយថា លោក គីម ជុងអ៊ុនក៏យល់ព្រមបញ្ឍប់ការសាកល្បងមីស៊ីល និងនុយក្លេអ៊ែរផងដែរ និងប្តេជ្ញាចិត្តលុបបំបាត់អាវុធនុយក្លេអ៊ែរ។
សូមបញ្ជាក់ថា ការសុំចរចាររបស់មេដឹកនាំកូរ៉េខាងជើង ជាមួយនឹងមេដឹកនាំអាមេរិច ទំនងជាការវិវឌ្ឍន៏ដ៏ខ្លាំងមួយ ក្រោយពេលមានភាពតានតឹងជាមួយគ្នារយៈពេលជាច្រើនខែ។
កាលពីដើមសប្តាហ៏នេះ គណៈប្រតិភូរបស់កូរ៉េខាងត្បូង បានជួបពិភាក្សាជាមួយនឹងលោក គីម ជុងអ៊ុន ក្រោយមកពួកគេបានធ្វើដំណើរមកអាមេរិចដើម្បីប្រាប់ពីលទ្ធផលនៃកិច្ចប្រជុំរបស់ពួកគេ។
ចំណែកលោក ដូណាល់ ត្រាំបានថ្លែងថា វាគឺជាការវិវឌ្ឍន៏ដ៏អស្ចារ្យ។ លោកពីមុនធ្លាប់និយាយថា គ្មានប្រយោជន៏ទេក្នុងការចរចារជាមួយកូរ៉េខាងជើង។
ទោះយ៉ាងណា លោកបញ្ជាក់ថា ទណ្ឌកម្មរបស់ប្រឆាំងកូរ៉េខាងជើងនឹងនៅតែមានដដែល រហូតដល់មានកិច្ចព្រមព្រៀងមួយកើតឡើង៕ សុភ័ក្ត្រ