ភ្នំពេញ ៖ មន្ត្រីស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញបានឲ្យដឹងថា អាជ្ញាធរមានសមត្ថកិច្ចបានធ្វើការបង្ក្រាបបុគ្គលដែលល្មើស ទៅនឹងការបិទខ្ទប់ភូមិសាស្ត្ររាជធានីភ្នំពេញ ចំនួនជាង ១២០នាក់ ដោយក្នុងនោះបានបញ្ជូនទៅកាន់តុលាការ ធ្វើការអប់រំណែនាំ ធ្វើការផាកពិន័យអន្តរការ។
ក្នុងចំណោមមនុស្សជាង១២០នាក់ ក្នុងនោះមានមន្ត្រីនគរបាលផ្កាយពីរម្នាក់ មន្ត្រីយោធា រួមទទាំងប្រជាពលរដ្ឋផងដែរ។
អ្នកនាំពាក្យស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញលោកសាន សុខសីហា បានថ្លែងប្រាប់រស្មីកម្ពុជាថា គិតត្រឹមរសៀលថ្ងៃទី២១ ខែមេសា ឆ្នាំ២០២១ សមត្ថកិច្ចបានឃាត់ខ្លួនមនុស្សចំនួន ១២៧នាក់ ដោយក្នុងនោះតុលាការបានចេញដីកាឃុំខ្លួនចំនួន ៦នាក់ , កំពុងសាកសួរនៅតុលាការចំនួន ៥នាក់ , សាកសួរនៅអធិការដ្ឋាននគរបាលចំនួន ២នាក់ , បានធ្វើការអប់រំណែនាំនិងដោះលែងចំនួន ៧នាក់ និងពិន័យអន្តរការណ៍ចំនួន១០៧នាក់។
ជាការកត់សម្គាល់ នៅក្នុងចំណោមមនុស្សជាង ១២០នាក់នោះ គឺមានមន្ត្រីនគរបាលផ្កាយពីរ ឈ្មោះ អ៊ុង ចាន់ធួក និងបក្ខពួកពីរ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនកាលពីថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២១ នៅក្នុងទឹកដីខណ្ឌមានជ័យ ពាក់ព័ន្ធករណីនាំកម្មករជួបជុំគ្នាផឹកស៊ីចាក់ធុងបាស់ ហើយត្រូវបានតុលាការចេញដីកាឃុំខ្លួនដាក់ពន្ធនាគារ។ ឈ្មោះ សៀង រង្ស៊ី ក្លែងជានគរបាលផ្កាយពីរ និងជិះរថយន្តទំនើបពាក់ស្លាកលេខ នគរបាល ត្រូវបានចាប់ខ្លួនកាលពីថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២១ នៅខណ្ឌជ្រោយចង្វារ និងតុលាការចេញដីកាឲ្យឃុំខ្លួន ពាក់ព័ន្ធករណី រារារាំងការអនុវត្តវិធានការរដ្ឋបាល និងប្រើប្រាស់ដោយគ្មានសិទ្ធិនូវយានយន្តសម្គាល់ប្រើប្រាស់ដោយនគរបាល។ ឈ្មោះ ខៀវ ចាន់សុភ័ត្រ្តា ជាមន្ត្រីយោធានៅសាកលវិទ្យាល័យការពារជាតិ ត្រូវបានឃាត់ខ្លួនកាលពីថ្ងៃទី២០ ខែមេសា ឆ្នាំ២០២១ ត្រូវបានតុលាការចេញដីកាឃុំខ្លួន ពាក់ព័ន្ធករណីវាយសមត្ថកិច្ច និងរារាំងវិធានការបិទខ្ទប់។
គួរបញ្ជាក់ថា កាលពីថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២១ រាជរដ្ឋាភិបាលបានចេញសេចក្តីសម្រេចស្តីពីការ បិទខ្ទប់ភូមិសាស្តរាជធានីភ្នំពេញ និងក្រុងតាខ្មៅនៃខេត្តកណ្តាល ដើម្បីទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ ។
ការបិទខ្ទប់ភូមិសាស្ត្ររាជធានីភ្នំពេញ និងក្រុងតាខ្មៅនៃខេត្តកណ្តាល ជាបណ្ដោះអាសន្នសម្រាប់ រយៈពេល ១៤ថ្ងៃ គិតចាប់ពីវេលាម៉ោងសូន្យនាថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២១ រហូតដល់ថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២១ ក្នុងគោលបំណងធានាដល់ប្រសិទ្ធភាពនៃការគ្រប់គ្រងការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ នៅក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ និងក្រុងតាខ្មៅនៃខេត្តកណ្តាល និងទប់ស្កាត់ជំងឺនេះមិនឱ្យឆ្លងរាលដាលទៅតំបន់ ផ្សេងទៀត៕ រក្សាសិទ្ធិដោយៈ ចេស្តារ










