Sunday, December 21, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ស្ថាប័នពាក់ព័ន្ធនៅមិនទាន់បានចាត់វិធានការ តាមផ្លូវច្បាប់លើករណីគ្លីនិកឯកជនមួយ ព្យាបាលអ្នកជំងឺបណ្ដាលឲ្យក្មេងម្នាក់ស្លាប់

ស្ទឹងត្រែង ៖ ស្ថាប័នពាក់ព័ន្ធនៅមិនទាន់បានចាត់វិធានការ តាមផ្លូវច្បាប់លើករណីគ្លីនិកឯកជនមួយកន្លែង នៅភូមិសៀមប៉ាង ឃុំសេកុង ស្រុកសៀមប៉ាង ខេត្តស្ទឹងត្រែង ដែលរងនូវការចោទប្រកាន់ថា បានព្យាបាលអ្នកជំងឺបណ្ដាលឲ្យស្លាប់ រហូតមកទល់នឹងពេលនេះ អស់រយៈពេលជិតពីរសប្តាហ៍គិតត្រឹមថ្ងៃទី ២២ ខែមេសាឆ្នាំ២០២១។

កាលពីថ្ងៃទី ១០ខែមេសាឆ្នាំ២០២១ មានស្ត្រីម្នាក់ឈ្មោះវង្សលុន រស់នៅភូមិខាន់ម៉ាភឿង ឃុំថ្មកែវ ស្រុកសៀមប៉ាង បានយកកូនប្រុសម្នាក់ទើបអាយុ៥ខែ មកកន្លែងពេទ្យឯកជនមួយ នៅភូមិសៀមប៉ាង ឃុំសេកុង ទីរួមស្រុកសៀមប៉ាង។

ស្ត្រីឈ្មោះវង្ស លុន បានប្រាប់គ្រូពេទ្យឯកជនថា កូនរបស់គាត់មានសភាពមិនស្រួល អាការគ្រុនក្តៅហើមពោះ រាគរួស។ ចំណែកម្ចាស់គ្លីនិកឯកជន មានឈ្មោះអុិន ផារ៉ុម ក៏បានដាក់ព្យួរសេរ៉ូមមួយប្លោក។
អ្នកស្រីវង្ស លុន បានអះអាងថា ក្រោយពីលោកគ្រូពេទ្យឈ្មោះអិុន ផារ៉ុម ដាក់សេរ៉ូមឲ្យកូនរបស់គាត់បានប្រហែលជាងកន្លះម៉ោង ក៏កើតអាការៈមិនស្រួលរវើរវាយ។ ពេលនោះគាត់ក៏បានប្រាប់ទៅគ្រូពេទ្យថា កូនគាត់មានសភាពមិនស្រួលខុសពីធម្មតា សូមឱ្យលោកគ្រូពេទ្យជួយមើលផង។ តែគ្រូពេទ្យបានប្រាប់ថា មិនអីទេពេលដាក់ថ្នាំ គឺវាបែបនោះហើយ។ អស់រយៈពេលជាង ១០ នាទីទៀត កូនរបស់គាត់កាន់តែធ្ងន់ធ្ងរខ្លាំងមិនស្រួល។ គាត់ក៏បានប្រាប់គ្រូពេទ្យសុំឲ្យដោះសេរ៉ូមចេញវិញ។ គ្រូពេទ្យថាមិនអីទេ។ កូនរបស់គាត់កាន់តែបម្រាស់ឡើង រហូតដាច់ខ្យល់ស្លាប់នៅផ្ទះពេទ្យឯកជននោះ។
ម្ដាយក្មេងដែលស្លាប់ខឹងខ្លាំង ក៏បានប្រើសំដីធ្ងន់ដាក់ទៅគ្រូពេទ្យថា ធ្វើជាគ្រូពេទ្យបើមិនចេះព្យាបាល ខំព្យាបាលឲ្យកូនគាត់ធ្វើអី… គាត់នឹងប្ដឹងគ្រូពេទ្យដែលព្យាបាលកូនគាត់បណ្ដាលឲ្យស្លាប់។
ភ្លាមនោះ ម្តាយគ្រូពេទ្យតបវិញថា ចង់ប្ដឹងទៅណាក៏ប្ដឹងទៅ។ នេះបើតាមស្ត្រីជាម្ដាយក្មេងនោះ បានប្រាប់អ្នកសារព័ត៌មាន។ ពេលត្រៀមជិះម៉ូតូចេញក៏ស្រាប់តែគ្រូពេទ្យ ដើរចូលទៅក្នុងបន្ទប់យកលុយចំនួន ២ លានរៀលឲ្យគាត់ តែគាត់ប្រកែកមិនព្រមក៏ជិះម៉ូតូដឹកកូនយកទៅផ្ទះ។

បន្ទាប់មកគ្រូពេទ្យក៏បានទូរស័ព្ទទៅគាត់ (ម្តាយក្មេង) ឲ្យកូនគាត់មកទទួលលុយចំនួន ៣ លានរៀល។ ក្រោយមកទៀតក៏បានយកក្រដាសមួយសន្លឹក ទៅឲ្យគាត់ផ្ដិតមេដៃ និងនិយាយពាក្យល្អៗ ជួយធ្វើបុណ្យចំនួន ២០ ម៉ឺនរៀលបន្ថែមទៀត។

ម្ដាយសពក៏មិនបានដឹងថា ក្រដាសដែលគេយកទៅសុំផ្តិតមេដៃនោះ សរសេរអ្វីខ្លះទេ ព្រោះគាត់មិនយល់ដឹងផ្នែកច្បាប់។

វេជ្ជបណ្ឌិតអុិន ផារ៉ុម បើកគ្លីនិចឯកជន ដែលរងនូវការចោទប្រកាន់នោះ បានបញ្ជាក់នៅព្រឹកថ្ងៃទី ២១ ខែមេសា តាមទូរស័ព្ទថា ម្ដាយអ្នកជំងឺបានយកកូនរបស់គាត់ ទៅកន្លែងពេទ្យផ្សេងជាច្រើនកន្លែង រួចហើយបានមកដល់ផ្ទះគាត់។ ពេលនោះសុខភាពកូនគាត់មានលក្ខណៈធ្ងន់ធ្ងរ គាត់មិនចង់ព្យាបាលទេ តែម្ដាយក្មេងនោះចេះតែបង្ខំគាត់ ក៏សម្រេចចិត្តជួយព្យាបាលឲ្យទៅ។
លោកវេជ្ជបណ្ឌិត បានបញ្ជាក់ថា គ្មានអ្នកណាចង់ឲ្យមានរឿងបែបនោះទេ។ ក្មេងនោះ ពិតជាបានបាត់បង់ជីវិតនៅផ្ទះគាត់មែន ហើយគាត់ក៏បានជួយឧបត្ថម្ភប្រាក់ចំនួន ៣ លានរៀល ដើម្បីចូលបុណ្យដល់ក្រុមគ្រួសារ។

លោកអ៊ូច សាវឿន ប្រធានមណ្ឌលសុខភាពស្រុកសៀមប៉ាង បាននិយាយថា មន្ទីរសុខាភិបាលខេត្ត, មណ្ឌលសុខភាពស្រុក និងអាជ្ញាធរស្រុក បានហៅម្ចាស់គ្លីនិកមកសួរនាំ និងធ្វើការអប់រំមិនឲ្យមានលើកទី ២ តទៅទៀតទេ។

លោកថា ម្ចាស់គ្លីនិកដែលរងការចោទប្រកាន់នោះ បានអះអាងថា ខ្លួនបានប្រគល់លុយចំនួន ៣ លានរៀល ទៅក្រុមគ្រួសារសព ដើម្បីធ្វើបុណ្យរួចហើយដែរ។

លោកអ៊ុង សូវៀត ប្រធានមន្ទីរសុខាភិបាលខេត្តស្ទឹងត្រែង បានបញ្ជាក់ថា មន្ទីរកំពុងចុះធ្វើការស្រាវជ្រាវ រកមូលហេតុនេះហើយ៕រក្សាសិទ្ធិដោយ៖សំណាង

×