ភ្នំពេញ ៖ សមត្ថកិច្ចបានចាប់ខ្លួនផ្កាយពីរយោធាម្នាក់ និងបក្ខពួកចំនួន ៦នាក់ ពាក់ព័ន្ធករណីរត់ពន្ធមនុស្ស ពោលគឺនាំជនជាតិចិនជិត ៣០នាក់ឆ្លងដែនខុសច្បាប់។ ការចាប់ខ្លួននេះ បានធ្វើឡើង នៅចំណុចសណ្ឋាគារ ធីធីភី ១ (TTP 1) ស្ថិតក្នុងភូមិ បាវិតកណ្តាល សង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀងកាលពីទាបភ្លឺថ្ងៃទី២២ ខែមេសា ឆ្នាំ២០២១។
មេក្លោងរត់ពន្ធមនុស្សឆ្លងដែនខុសច្បាប់ឈ្មោះ ស៊ុ ពៅ មានឋានន្តរសក្តិ ឧត្តមសេនីយ៍ទោ តួនាទីជាអនុប្រធានក្រុមការងារស្រាវជ្រាវយុទ្ធសាស្ត្រយោធា អគ្គបញ្ជាការដ្ឋាន នៃកងយោធពលខេមរភូមិន្ទ។
នាយឧត្តមសេនីយ៍សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ បានមានប្រសាសន៍បញ្ជាក់ថា ពិតជាមានការឃាត់ខ្លួនផ្កាយពីរយោធាម្នាក់ ឈ្មោះ ស៊ុ ពៅ និងបក្ខពួកចំនួន ៦នាក់ ពិតប្រាកដមែន កាលពីថ្ងៃទី២២ ខែមេសា ឆ្នាំ២០២១ ពាក់ព័ន្ធដឹកជញ្ជូនជនជាតិចិន។ ពេលនេះ សមត្ថកិច្ច កំពុងធ្វើការសាកសួរ និងស្រាវជ្រាវបន្ថែម។
ចំណែកនាយឧត្តមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការ នៃកងយោធពលខេមរភូមិន្ទបានមានប្រសាសន៍បញ្ជាក់ថា ចំពោះបុគ្គលឈ្មោះ ស៊ុ ពៅ ដែលពាក់ព័ន្ធរត់ពន្ធមនុស្ស គឺឲ្យសមត្ថកិច្ចចាត់ការតាមផ្លូវច្បាប់ និងមិនមានការយោគយល់នោះទេ ពីព្រោះបុគ្គលរូបនោះមិនគោរពបទបញ្ជា និងប្រព្រឹត្តល្មើសច្បាប់ គឺការជួញដូរមនុស្ស។
នាយឧត្តមសេនីយ៍ វង្ស ពិសេន បានបញ្ជាក់យ៉ាងដូច្នេះថា “ចំពោះបុគ្គល ស៊ុ ពៅ នេះគឺធ្វើទៅតាមផ្លូវច្បាប់ទៅ ខ្ញុំមិនយោគយល់អីទៀតទេ ព្រោះនេះមិនគោរពបទបញ្ជា ហើយអនុវត្តល្មើសច្បាប់ទៅហើយ គឺធ្វើតាមនឹងទៅ ជួញដូរមនុស្ស ចិន២៨នាក់យកទៅខេត្តស្វាយរៀង ឥឡូវខាងសមត្ថកិច្ចស្វាយរៀងគេចាប់ហើយ ខ្ញុំបានប្រាប់ឲ្យគេធ្វើទៅតាមផ្លូវច្បាប់ទៅ គ្មានអ្នកណាមួយទៅពាំងការងារបទបញ្ជារបស់សម្តេចទេ”។
បើតាមមន្ត្រីជាន់ខ្ពស់អគ្គស្នងការដ្ឋាននគរបាលជាតិបានប្រាប់ CEN ថា កាលពីវេលាម៉ោង០៣:២០ ថ្ងៃទី២២ ខែមេសា ឆ្នាំ២០២១ នៅចំណុចសណ្ឋាគារ TTP 1 ស្ថិតក្នុងភូមិបាវិតកណ្តាល សង្កាត់បាវិត ក្រុងបាវិត ខេត្ត ស្វាយរៀង កម្លាំងអធិការដ្ឋាននគរបាលក្រុងបាវិត បានធ្វើការឃាត់ខ្លួនលោកផ្កាយពីរ ស៊ុ ពៅ និងបក្ខពួកចំនួន០៦នាក់។
ជនសង្ស័យទាំង០៧នាក់ ឃាត់ខ្លួននៅ អធិការដ្ឋាននគរបាលក្រុងបាវិត។ ចំណែកជនជាតិចិនទាំង២៨នាក់ ដាក់ឲ្យធ្វើចត្តាឡីស័កនៅសណ្ឋាគារTTP1 ស្ថិតក្នុងភូមិ បាវិតកណ្តាល សង្កាត់ បាវិត ក្រុង បាវិត៕ រក្សាសិទ្ធិដោយៈ ចេស្តារ







