ភ្នំពេញ ៖ លោកឧត្តមសេនីយ៍ឯក ឆាយ គឹមខឿន អ្នកនាំពាក្យអគ្គស្នងការដ្ឋាននគរបាលជាតិ បានប្រាប់ CEN នៅព្រឹកថ្ងៃទី២៣ ខែមេសានេះថា រយៈពេល ១១២ថ្ងៃ គិតចាប់ពីថ្ងៃទី១ ខែមករា ដល់ថ្ងៃទី២២ ខែមេសា ឆ្នាំ២០២១ គ្រោះថ្នាក់ចរាចរណ៍នៅទូទាំងប្រទេសបានកើតឡើង ៨៨២លើក បណ្តាលឲ្យមនុស្សស្លាប់បាត់បង់ជីវិតចំនួន ៥០០នាក់ និងរបួសចំនួន ១២៥៦នាក់ ក្នុងនោះធ្ងន់ចំនួន៧៣៧នាក់។
លោកឧត្តមសេនីយ៍ឯក ឆាយ គឹមខឿន បានបន្តថា សម្រាប់គ្រោះថ្នាក់ចរាចរណ៍នៅថ្ងៃទី២២ ខែមេសា ឆ្នាំ២០២១ បានកើតឡើងចំនួន ៣លើក ស្លាប់ ១នាក់ និងរបួស ៦នាក់ ក្នុងនោះធ្ងន់ចំនួន ២នាក់ និងស្រាល ៤នាក់។
អ្នកនាំពាក្យបានបន្តទៀតថា ចំពោះការរឹតបន្តឹងការអនុវត្តច្បាប់ចរាចរណ៍វិញ នៅក្នុងរយៈពេល ១១២ថ្ងៃ គិតចាប់ពីថ្ងៃទី១ ខែមករា ដល់ថ្ងៃទី២២ ខែមេសា ឆ្នាំ២០២១ យានយន្តដែលល្មើសច្បាប់ចរាចរណ៍ មានចំនួនសរុប ៧៣៩៦៨គ្រឿង ក្នុងនោះម៉ូតូចំនួន ៥៤០៨១គ្រឿង និងរថយន្តចំនួន ១៩៨៨៧គ្រឿង ក្នុងនោះរថយន្តតូច ១៥៥១៣គ្រឿង និងធំ ៤៣៧៤គ្រឿង៕ រក្សាសិទ្ធិដោយៈ ចេស្តារ






