ភ្នំពេញ ៖ មានហេតុការណ៍ភ្ញាក់ផ្អើលមួយបានកើតឡើង កាលពីវេលាម៉ោង៣និង១៥នាទីទៀបភ្លឺ ថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២១ នៅចំណុចផ្ទះលក់អីវ៉ាន់ចាបហួយមួយកន្លែង ដែលមានទីតាំងស្ថិតនៅតាមផ្លូវបេតុង ភូមិត្រពាំងពោធិ៍ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ បន្ទាប់ពីបុរសម្នាក់ កំពុងដេកជិតប្រពន្ធរបស់ខ្លួនសុខៗ ស្រាប់តែប្រកាច់ត្រដរខ្យល់ ហើយស្លាប់ភ្លាមៗមួយរំពេច ។
បុរសរងគ្រោះរូបនេះឈ្មោះជា ឌី អាយុ៤៨ឆ្នាំ មានប្រពន្ធឈ្មោះស៊ុន សុធា អាយុ៥០ឆ្នាំ ទាំង២នាក់ប្ដីប្រពន្ធនេះមាន មុខរបរលក់ដូរអីវ៉ាន់ចាប់ហួយ មានស្រុកកំណើតភូមិតាចាន់ ឃុំព្រៃស្លឹក ស្រុកទ្រាំង ខេត្តតាកែវ ស្នាក់នៅផ្ទះជួលកើតហេតុខាងលើ។ ក្រោយមកសពត្រូវបានក្រុមគ្រួសារ នាំយកទៅធ្វើបុណ្យ តាមប្រពៃណីនៅវត្តភូមិថ្មី ឃុំបែកចាន ស្រុកអង្គស្នួល ខេត្តកណ្ដាល។
បើតាមប្រពន្ធរបស់សពបុរសខាងលើ បាននិយាយរៀបរាប់ឲ្យដឹងថា នៅវេលាយប់ថ្ងៃទី២២ ខែមេសា មុនពេលកើតហេតុ គាត់និងប្ដី បានចូលដេកជាមួយគ្នា នៅក្នុងបន្ទប់ឡៅតឿក្នុងផ្ទះជួលជាធម្មតា ហើយក៏បានដេកលង់លក់ រហូតដល់វេលាម៉ោង៣និង១៥នាទីទៀបភ្លឺថ្ងៃទី២៣ ខែមេសាឆ្នាំ២០២១នេះ ស្រាប់តែប្ដីគាត់ប្រកាច់ត្រដរខ្យល់។ ពេលនោះគាត់បានភ័យខ្លាំងណាស់ និងបានគក់ច្របាច់ឲ្យប្ដីដែរ ប៉ុន្តែប្ដីមិនបានធូស្រាលនោះទេ រួចក៏បានស្លាប់ភ្លាមៗតែម្ដង។
នគរបាលបានឲ្យដឹងថា ស្រ្តីជាប្រពន្ធបានរាយការណ៍ ប្រាប់ពីដំណឹងនេះ ដល់អាជ្ញាធរនិងមត្ថកិច្ចប៉ុស្តិ៍ចោមចៅទី៣ បានដឹង ទើបកម្លាំងនគរបាលប៉ុស្តិ៍ខាងលើ ចុះទៅកាន់ទីនោះភ្លាមហើយរាយការណ៍ ទៅកាន់ក្រុមគ្រូពេទ្យជំនាញ ឲ្យចុះទៅពិនិត្យយកសំណាកសពបុរសនោះ ជាលទ្ធផលបុរសខាងលើស្លាប់ ដោយសារជម្ងឺគាំងបេះដូង (ខ្យល់គរ) មិនពាក់ព័ន្ធទៅនិងជម្ងឺCovid-19ឡើយ៕រក្សាសិទ្ធិដោយ៖សួង សាម






