ភ្នំពេញ ៖ ជនសង្ស័យ ម្នាក់ក្នុងចំណោមបក្សពួក២នាក់ ត្រូវបានប្រជាពលរដ្ឋនាំគ្នា ឃាត់ខ្លួន បន្ទាប់ពីធ្វើសកម្មភាពឆក់ទូរស័ព្ទម៉ាកOPPO មួយគ្រឿង ពីនារីម្នាក់ ខណៈកំពុងតែនិយាយទូរស័ព្ទតាមដងផ្លូវ។ ពេល ដែលចាប់ខ្លួនជនសង្ស័យ ឆក់ទូរស័ព្ទម្នាក់បញ្ចូន ទៅកាន់អធិការដ្ឋាន ហើយជននោះ ប្រាប់ថា មិនស្រូលខ្លួន រយៈពេល ៤ថ្ងៃមកហើយ និងធ្វើកាវាស់កម្តៅ ឡើងដល់៣៧,៥០អង្សានិង ម៉ាស៊ីនរោទិ៍ឲ្យនគរបាលស្ទើរបាស់សក់នាំគ្នា ភ័យបាញ់អាល់កុលគ្រប់ៗ។
ហេតុការណ៍បង្ក្រាបបានជនសង្ស័យឆក់នេះ បង្កឲ្យមានការភ្ញាក់ផ្អើល កាលពីវេលាម៉ោងប្រមាណ១១ព្រឹកថ្ងៃទី២៣ ខែ មេសា ឆ្នាំ ២០២១ នៅចំណុច ផ្លូវលេខ១៩២Z សង្កាត់ទឹកល្អក់ទី៣ ខណ្ឌទួលគោក រាជធានីភ្នំពេញ។
ជនសង្ស័យ រូបនោះត្រូវបាននគរបាលឲ្យដឹងថា ឈ្មោះទូច ធី អាយុ៣២ឆ្នាំ មានលំនៅម្តុំគល់ស្ពានស្ទឹងមានជ័យ ក្នុង ភូមិ ទី៥ សង្កាត់ស្ទឹងមានជ័យ ២ ខណ្ឌមានជ័យ ។
ចំណែក នារី ជាម្ចាស់ទូរស័ព្ទឈ្មោះវ៉ន សុខណា ភេទស្រីអាយុ ៣៦ ឆ្នាំ មុខ របរ លក់បាយ មានលំនៅតាមផ្លូវលេខ ២០២ ក្បែរកន្លែងកើតហេតុ ខាងលើ ។
ប្រភពព័ត៌មាននៅកន្លែងកើតហេតុ បានឲ្យដឹងថា នៅមុនពេលកើតហេតុ នារីរងគ្រោះបានអង្គុយកាន់ទូរស័ព្ទម៉ាក OPPO និយាយនៅចំណុចតាមផ្លូវឌឿងហែម លេខ ១៩២Zក្រោយផ្ទះ ស្រាប់តែលេចមុខជនសង្ស័យ មានគ្នា ២នាក់ជិះម៉ូតូ ម៉ាកហុងដា ពាក់ផ្លាកលេខ ភ្នំពេញ1BQ.6612 ១គ្រឿងមកទន្ទឹម ហើយជនសង្ស័យម្នាក់ដែលជាអ្នកឌុបបានទះកំភ្លៀង១ដៃ ហើយ ម្នាក់ដែលជិះក្រោយ(ជនសង្ស័យ ចាប់ខ្លួន) ក៏បានស្ទុះមកឆក់ទូរស័ព្ទបានសម្រេច ។
យោងតាមការរៀបរាប់ពីនារីម្ចាស់ទូរស័ព្ទ បានឲ្យដឹងទៀតថា ខណៈនោះនាងបានស្រែកចោរ ហើយស្ទុះទៅចាប់ត្រតាយភ្លាមៗ ប្រជាពលរដ្ឋនៅក្បែរនោះ ក៏បានស្ទុះចេញមកជួយ ស្ទាក់ចាប់បានម្នាក់ ។ ចំណែកម្នាក់ទៀត បានផ្តួលម៉ូតូរត់គេចខ្លួនបាត់ស្រមោល ។
បច្ចុប្បន្នជនសង្ស័យ ត្រូវបានកម្លាំងនគរបាលប៉ុស្តិ៍ និងកម្លាំងនគរបាលខណ្ឌ ចុះទៅនាំខ្លួនបញ្ជូន មកកាន់អធិការដ្ឋានខណ្ឌទួលគោក ដើម្បីចាត់ការតាមច្បាប់៕រក្សាសិទ្ធិដោយ៖សួង សាម





