ស្ទឹងត្រែង ៖ មន្ត្រីយោធាម្នាក់រងរបួសជាទម្ងន់ ពេលកំពុងជិះម៉ូតូឆ្លងស្ពានមេគង្គ ហើយត្រូវរថយន្តបុកពីក្រោយ ផ្ទប់ទៅនឹងស្ពាន កាលពីវេលាម៉ោងជាង ៦យប់ថ្ងៃទី ២៣ខែមេសាឆ្នាំ ២០២១។
មន្ត្រីនគរបាលប៉ុស្តិ៍សង្កាត់ព្រះបាទ បានប្រាប់ឲ្យដឹងថា នៅក្នុងហេតុការណ៍នោះ អ្នកជិះម៉ូតូគឺជាមន្ត្រីយោធាម្នាក់ឈ្មោះភុម ដេត ភេទប្រុស អាយុ៣២ឆ្នាំរស់នៅភូមិអូរត្រែល ឃុំថាឡាបរិវ៉ាត់ ស្រុកថាឡាបរិវ៉ាត់។
យោធារូបនោះ បានធ្វើដំណើរដោយជិះម៉ូតូម៉ាកវេវអាល់ហ្វាមួយគ្រឿង ក្នុងទិសដៅឆ្លងកាត់ស្ពានមេគង្គ ពីត្រើយខាងលិច ស្ថិតក្នុងស្រុកថាឡាបរិវ៉ាត់ មកត្រើយខាងកើតក្រុងស្ទឹងត្រែង។ ពេលធ្វើដំណើរមកជិតដល់ត្រើយខាងកើតស្ពានមេគង្គ ក៏ត្រូវរថយន្ត មួយ គ្រឿងបុកពីក្រោយរុញផ្ទប់ទៅនឹងស្ពាន បណ្ដាលឱ្យរងរបួស។ អ្នកឃើញហេតុការណ៍ បានដឹកជនរងគ្រោះ ដែលជាមន្ត្រីយោធាទៅកាន់មន្ទីរពេទ្យយោធភូមិភាគទី ១។ ចំណែករថយន្តមួយគ្រឿង ដែលគេពុំទាន់ស្គាល់ម៉ាកច្បាស់លាស់ បន្ទាប់ពីបុកក្នុងទិសដៅស្របទិសគ្នាហើយ ភ្លាមនោះក៏បានបើកគេចខ្លួនបាត់តែម្តង។
នៅក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ រថយន្តបុកមន្រ្តីយោធាម្នាក់ នៅលើស្ពានមេគង្គនោះដែរ មានការលើកឡើងថាភ្លើងសម្រាប់បំភ្លឺតាមបង្គោលស្ពានមេគង្គ បែរជាងងឹតសូន្យ។ បែបនេះ គឺជាគ្រោះថ្នាក់មួយសម្រាប់អ្នកធ្វើដំណើរ ឆ្លងកាត់ទៅមកតាមស្ពានមេគង្គខេត្តស្ទឹងត្រែង៕ រក្សាសិទ្ធិដោយ:សុខុម




