ភ្នំពេញ ៖ បើតាមដឹង នោះកាលពីថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២០ តាមរយៈទំព័រហ្វេសប៊ុកផ្លូវការរបស់ក្រសួងសាធារណការ និងដឹកជញ្ជូន បានបង្ហោះឲ្យរូបភាពប៉ុន្មានសន្លឹក បង្ហាញរថយន្ត១គ្រឿងម៉ាកហាយឡេនឌ័រ ពាក់ផ្លាកលេខ (កម្ពុជា , ឯកឧត្តម អ្នកឧកញ៉ា ប៉ែន លឹម) និងមានឡូកូគណបក្ស ដោយបានបញ្ជាក់ថា «ផ្លាកសម្គាល់រថយន្ត <ខុសច្បាប់> ផ្ទុយពីស្មារតី អនុក្រឹត្យ លេខ ៧៣ អនក្រ.បក ស្តីពី ការចុះបញ្ជីផ្តល់បណ្ណសម្គាល់យានជំនិះ និងបំពាក់ផ្លាកលេខសម្គាល់យានជំនិះ ចុះថ្ងៃទី ៣ ខែ មិថុនា ឆ្នាំ ២០១៩»។
ហេតុនេះ ក្រសួងក៏បានធ្វើការព្រមានថា «ម្ចាស់រថយន្តដែលមានភិនភាគខាងលេី ត្រូវដកផ្លាកលេខនេះចេញជាបន្ទាន់ រួចធ្វេីការចុះបញ្ជីបំពាក់ផ្លាកលេខស្របច្បាប់ ឱ្យបានត្រឹមត្រូវ បេីមិនដូច្នោះទេ ក្រសួង និងសមត្ថកិច្ចពាក់ព័ន្ធ នឹងចាត់វិធានការតាមផ្លូវច្បាប់។»។
ដោយឡែក ថ្មីៗនេះ ស្រាប់តែមហាជនមានការភ្ញាក់ផ្អើលជាខ្លាំង ក្រោយគេបានប្រទះឃើញឯកឧត្តម គង់ វិមាន អនុរដ្ឋលេខាធិការ និងជានាយកខុទ្ទកាល័យ ក្រសួងសាធារណការនិងដឹកជញ្ជូន បានបង្ហោះរូបភាពឡានល្មើសច្បាប់របស់ឯកឧត្តម ឧកញ៉ា ខាងលើនេះ ត្រូវបានសមត្ថកិច្ចធ្វើការឃាត់ ហើយលោកក៏បានបញ្ចាក់ឲ្យដឹងបែបនេះថា «ក្រសួងសាធារណះការនិងដឹកជញ្ជូន មិនមានគោលការណ៏ឬច្បាប់ណាដែលអនុញ្ញាតអោយប្រើប្រាស់ប្រភេទផ្លាកលេខរថយន្តពិសេសផ្ទាល់ខ្លួនរបៀបនេះទេ»។
ឯកឧត្តម បានបញ្ជាក់ថា នេះជាផ្លាកលេខក្លែងក្លាយ ដែលអ្នកប្រើប្រាស់ធ្វើឲ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់ស្ថាប័នរដ្ឋ និងគណបក្ស សូមអោយសមត្ថកិច្ចចាត់វិធានការតាមផ្លូវច្បាប់ជាបន្ទាន់៕ រក្សាសិទ្ធិដោយ៖ លឹម ហុង







