ភ្នំពេញ ÷ ផ្ទះ២ល្វែងត្រូវបានបាក់ប្លង់សេ២សន្លឹកទាំងស្រុង ពេលដែលបុគ្គលិកក្រុមហ៊ុនបាញ់បេតុង កំពុងតែបាញ់និងកម្មករកំពុងតែកៀបេតុង ដើម្បីឲ្យរាបស្មើស្រាប់តែស្រុតជន្ទល់ឈើបាក់ធ្លាក់មកក្រោម ទាំងនៅលើប្លង់សេមានមនុស្ស៧នាក់ ធ្លាក់មកក្រោម សំណាងល្អមិនមានអ្នករងរបួសនោះទេ។
ហេតុការណ៍ភ្ញាក់ផ្អើលនេះដែរ កើតឡើងនៅវេលាម៉ោង២ និង៣០នាទីរសៀលថ្ងៃសៅរ៍ទី២៤ ខែមេសា ឆ្នាំ២០២១ ស្ថិតនៅតាមបណ្តោយផ្លូវបេតុង ចំណុចមុខវត្តតិក្ខបញ្ញោ ក្នុងភូមិតិក្ខបញ្ញោ សង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

ប្រភពព័ត៌មានពីម្ចាស់ម៉ៅការសំណង់ នៅកន្លែងកើតហេតុ បានឲ្យដឹងថា នៅមុនពេលកើតហេតុខាងលើ ខ្លួននិងកម្មករ៥នាក់ រួមនិងបុគ្គលិកក្រុមហ៊ុនបាញ់បេតុង២នាក់ទៀត សរុប៧នាក់ កំពុងតែបាញ់បេតុងនៅលើប្លង់សេ បាន៤ឡានជិតពេញទៅហើយ នៅខ្វះតែមួយឡានទៀត ។ ពេលដែលកំពុងបាញ់កម្មករកំពុងតែកាយឲ្យបេតុងរាបស្មើ ស្រាប់តែលាន់ឮសូប្រឹបៗ ក៏ពួកគាត់នាំគ្នារត់រកកន្លែងឈរ ។ ភ្លាមនោះដែរ ដោយឈើជន្ទល់ទប់មិនជាប់ ក៏បាក់ស្រុតចុះទៅក្រោមទាំងកម្មករ និងបុគ្គលិកបាញ់បេតុង២នាក់ទៀត ទៅខាងក្រោមតែដោយសំណាងល្អ មិនមានអ្នករងរបួសនោះទេ រងការខូចខាតតែប្លង់សេផ្ទះ២ល្វែង និងសរុបទឹកប្រាក់ជិត២មឺុនដុល្លារ។
ក្រោយពេលកើតហេតុខាងលើ មេការសំណង់ក៏នៅទីតាំងកន្លែងកើតហេតុ មិនបានរត់ទៅណានោះទេ រង់ចាំធ្វើការដោះស្រាយ ជាមួយនឹងភាគីខាងម្ចាស់ផ្ទះផងដែរ៕ រក្សាសិទ្ធិដោយ៖សា មេត





