វីដេអូដែលបានផ្ទុះកក្រើកបណ្តាញសង្គម កាលពីម្សិលមិញ បានបង្ហាញឲ្យឃើញអាជីវកលក់ស្វាយប្រុសម្នាក់ នៅក្នុងទីក្រុងប៉ាតាយ៉ា បានទាញដាវសស្ញាចដាក់មន្ត្រីម្នាក់ ដែលបានព្យាយាមចាប់គាត់ ចំពោះការលក់ដូរផ្លែឈើនៅលើចិញ្ចើមផ្លូវ កាលពីថ្ងៃអង្គារ ។
មន្ត្រីក្រុងម្នាក់ឈ្មោះ Kwanchai Klaiboon អាយុ ៣៧ ឆ្នាំ បានផុសវីដេអូនេះ និងបានពន្យល់ថា គាត់ត្រូវបានគំរាមវាយប្រហារនឹងដាវ ដោយបុរសជាអាជីវករម្នាក់ ដែលបានខឹងសម្បារនឹងការអនុវត្តច្បាប់របស់គាត់ ស្ថិតនៅផ្លូវ Jomtien Sai 2 ។ «នេះជាការងាររបស់ខ្ញុំ ហើយខណៈពេលនោះ វាពិតជាប្រឈមគ្រោះថ្នាក់មែនទែន ព្រោះគ្មាននរណាម្នាក់ជួយខ្ញុំបានទេ» ។
ក្នុងនាមជាមន្ត្រីក្រុង គឺមានសិទ្ធិចាប់ខ្លួន និងផាកពិន័យអ្នកដែលធ្វើអ្វីៗល្មើសច្បាប់របស់ប្រទេស ។ Kwanchai និយាយថា គាត់បានចូលទៅកៀករថយន្តផ្លែឈើ១គ្រឿង ប៉ុន្តែ បុរសជាអ្នកលក់ ពុំព្រមទទួលយកការចាប់ខ្លួនទេ ។
នៅក្នុងវីដេអូ ឃើញបុរសអ្នកលក់ម្នាក់ដែលកាន់ដាវ១ដើម អាចត្រូវបានលឺនិយាយប្រឆាំងថា៖ «ខ្ញុំកំពុងមានបញ្ហា ។ តើលោកឯងមើលពុំឃើញទេឬ?» មុនពេលប្រពន្ធរបស់គាត់ ដែលដើរមកឃាត់ និងជំរុញឲ្យ «ចូលក្នុងរថយន្ត!» ហើយបន្ទាប់មក ពួកគេក៏បានបើករថយន្តចេញទៅ ។
សម្រាប់សកម្មភាពលក់ដូរនៅលើចិញ្ចើមផ្លូវសាធារណៈ នោះប្តីប្រពន្ធនេះអាចប្រឈមការផាកពិន័យចំនួន ២,០០០ បាត (ប្រហែល ៦៣ ដុល្លារ) ។
គួរបញ្ជាក់ថា ផលិតផលកសិកម្មដែលលក់ដូរតាមរថយន្ត គឺជារឿងធម្មតា នៅក្នុងប្រទេសថៃ ជាទីកន្លែងដែលអាជីវករទាំងឡាយ បើកបរជុំវិញសហគមន៍ និងផ្សព្វផ្សាយផលិតផលផ្លែឈើ និងបន្លែរបស់ពួកគេ ដោយប្រើមេក្រូ ៕ ចន្ទី
ទស្សនាវីដេអូ