ភ្នំពេញ ៖ បុរសម្នាក់សម្រេចចិត្តធ្វើអត្តឃាតចងកសម្លាប់ខ្លួនស្លាប់បាត់បង់ជីវិត ភ្លាមភ្លាមបង្កការភ្ញាក់ផ្អើល កាលពីវេលាម៉ោង ៧ និង ៣០ នាទីព្រឹកថ្ងៃទី២៤ ខែមេសា ឆ្នាំ ២០២១ ទីតាំងកន្លែងកើតហេតុ ស្ថិតនៅក្នុងបន្ទប់ជួល ភូមិត្រពាំងរំចេក សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។
សពជនរងគ្រោះមានឈ្មោះគី ឈី អាយុ៣៥ឆ្នាំ មុខរបរជាងសំណង់ ស្នាក់នៅបន្ទប់ជួល ភូមិត្រពាំងរំចេក សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
តាមប្រភពព័ត៌មាននៅទីតាំងកន្លែងកើតហេតុ បានឲ្យដឹងថា មុនពេលកើតហេតុជនរងគ្រោះ បានឈ្លោះប្រកែកគ្នា ជាមួយប្រពន្ធនិងបានដេញប្រពន្ធ ចេញពីបន្ទប់រយៈពេលមួយសប្តាហ៍មកហើយ ដោយស្ត្រីជាប្រពន្ធបានទៅសម្រាកជាមួយប្អូន ដែលនៅបន្ទប់ក្បែរគ្នា រហូតមកដល់ល្ងាចថ្ងៃទី២៣ ខែមេសាឆ្នាំ ២០២១ នេះស្រាប់តែជនរងគ្រោះ បានទៅសុំលុយពីប្រពន្ធចំនួនមួយម៉ឺនរៀលដើម្បីទិញស្រាហូបលុះបានប្រាក់ហើយ ជនរងគ្រោះក៏បានទិញស្រាបៀរមកហូប ស្រាប់តែព្រឹកឡើងស្រ្តីជាប្រពន្ធមកគោះទ្វារ សុំចូលបន្ទប់ជាច្រើនដង តែប្ដីមិនបើកដោយមានការសង្ស័យ ទើបស្ត្រីជាប្រពន្ធបានបើកបង្អួចមើល ស្រាប់តែឃើញបុរសជាប្តីចង.កសម្លាប់ខ្លួនស្លាប់បាត់ទៅហើយ។
ក្រោយពេលកើតហេតុ ក៏បានរាយការណ៍ទៅអាជ្ញាធរមានសមត្ថកិច្ច និងជំនាញកោសល្យវិច្ច័យ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដោយឃើញថាជនរងគ្រោះ ពិតជាធ្វើអត្តឃាតដោយចងកសម្លាប់ខ្លួនឯងពិតប្រាកដមែន៕ រក្សាសិទ្ធិដោយ៖សួង សាម






