Friday, December 19, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

កំពុងតែខ្លាចផង បែរជាមកកុហកសមត្ថកិច្ចទៅវិញ ត្រូវផាកពិន័យបុរសម្នាក់ ២លានរៀល ដោយសារល្មើសនឹងបម្រាមឆ្លងខេត្ត នៅគោលដៅប្រចាំការឃុំក្រោលគោស្រុកស្វាយជ្រំ

ខេត្តស្វាយរៀង ៖ នៅរសៀលថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២១ អាជ្ញាធរខេត្តស្វាយរៀង បានធ្វើការផាកពិន័យអន្តរការណ៍ លើបុរសម្នាក់ចំនួន ២លានរៀល ដោយសារល្មើសនឹងបម្រាមឆ្លងខេត្ត ។

ប្រភពព័ត៌មានពីសមត្ថកិច្ចបានឲ្យដឹងថា បុគ្គលឈ្មោះ គង់ ឡុង អាយុ ២៧ឆ្នាំ រស់នៅភូមិ បាវិតកណ្ដាល សង្កាត់ បាវិត ក្រុង បាវិត ខេត្តស្វាយរៀង បានល្មើសមាត្រា១០ នៃច្បាប់ស្ដីពីវិធានការទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ និងជំងឺឆ្លងកាចសាហាវ និងប្រកបដោយគ្រោះថ្នាក់ធ្ងន់ធ្ងរផ្សេងទៀត។

លោក តូច ប៉ូលីវ៉ា អភិបាលរងខេត្តស្វាយរៀង បានមានប្រសាសន៍ឲ្យដឹងថា បុគ្គលឈ្មោះ គង់ ឡុង គោលបំណងចង់ទៅរាជធានីភ្នំពេញ ដោយបានធ្វើដំណើរចេញពីក្រុងបាវិត ឆ្ពោះទៅទិសខាងលិចលុះមកដល់ចំណុចគោលដៅប្រចាំការផ្លូវជាតិលេខ១ ឃុំក្រោលគោ ស្រុកស្វាយជ្រំ ខេត្តស្វាយរៀងសមត្ថកិច្ចយើងបានសួរនាំហើយបុរសឈ្មោះ គង់ ឡុង បានសុំសមត្ថកិច្ចថា ទៅដឹកប្រពន្ធពោះធំនៅព្រះឈរ ស្ថិតក្នុងស្រុកកំពង់ត្របែក ខេត្តព្រៃវែង ដែលព្រំប្រទល់ជាប់រវាងខេត្តស្វាយរៀង និងខេត្តព្រៃវែង ហើយសន្យាថានិងវិលមកវិញ។

ប្រភពបានបន្តទៀតថា៖ ក្រោយពីទៅទទួលប្រពន្ធពោះធំរួចមក ឈ្មោះគង់ឡុងមិនបានវិលមកវិញចូលខេត្តស្វាយរៀងនោះទេ បែរជាបន្តដំណើរឆ្ពោះទៅទិសលិចបន្តទៀត ដល់អ្នកលឿងដោយសមត្ថកិច្ចស្វាយរៀង យើងសហការជាមួយសមត្តកិច្ចខេត្តព្រៃវែង បាននាំបុរសឈ្មោះ គង់ ឡុង មកគោលដៅប្រចាំផ្លូវជាតិលេខ១ ឃុំក្រោលគោវិញ ដើម្បីធ្វើការផាកពិន័យអន្តការណ៍ ដោយទុករយៈពេល៣០ថ្ងៃ ឲ្យចូលបង់លុយពិន័យ នៅច្រកចេញចូលតែមួយ។
ហើយតម្រូវឲ្យបុគ្គលឈ្មោះ គង់ ឡុង ធ្វើចត្តាឡីស័កចំនួន១៤ថ្ងៃ ដើម្បីតាមដានសុខភាពគាត់ ពីព្រោះដល់អ្នកលឿងមិនដឹងថា បានប៉ះពាល់ជាមួយមនុស្សប៉ុន្មាននាក់នោះទេ ហើយដើម្បីសុវត្ថិភាពទាំងអស់គ្នា និងធ្វើតាមបច្ចេកទេសរបស់ក្រសួងសុខាភិបាល។

នៅថ្ងៃដដែលនោះផងដែរលោក តូច ប៉ូលីវ៉ា អភិបាលរងខេត្តស្វាយរៀង និងជាប្រធានក្រុមការងារតាមដាន ត្រួតពិនិត្យការអនុវត្តសេចក្ដីសម្រេច របស់រាជរដ្ឋាភិបាល ស្ដីពីការហាមឃាត់ការធ្វើដំណើររវាងខេត្ត និងខេត្ត តំណាងលោក ម៉ែន វិបុល អភិបាលខេត្តស្វាយរៀង បានដឹកនាំក្រុមការងាររដ្ឋបាលស្រុកស្វាយជ្រំ សហការជាមួយមន្ត្រីនគរបាលយុត្តិធម៌ ចុះអនុវត្តនិងធ្វើផាកពិន័យអន្តការណ៍ ចំពោះបុគ្គលឈ្មោះ គង់ ឡុង មិនអនុវត្តតាមសេចក្តីសម្រេចរបស់រាជរដ្ឋាភិបាល ស្តីពីការហាមឃាតការធ្វើដំណើររវាងខេត្ត និង ខេត្ត នៅគោលដៅប្រចាំការផ្លូវជាតិលេខ១ ឃុំក្រោលគោ ស្រុកស្វាយជ្រំ ខេត្តស្វាយរៀងដែលធ្វើដំណើរពីក្រុង និងបានពិន័យបុរសខាងលើ ចំនួន ២លានរៀល។

យោងតាមច្បាប់ស្ដីពីវិធានការទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ និងជំងឺឆ្លងកាចសាហាវ និងប្រកបដោយគ្រោះថ្នាក់ធ្ងន់ធ្ងរផ្សេងទៀត ក្នុងមាត្រា១០ មានចែងពី «បទមិនគោរពវិធានការរដ្ឋបាល» ដោយកំណត់ថា ដោយមិនគិតដល់បទល្មើសព្រហ្មទណ្ឌដទៃទៀត អំពើដោយចេតនាមិនគោរពវិធានការរដ្ឋបាល ដែលបានដាក់ចេញស្របតាមច្បាប់នេះ ត្រូវទទួលពិន័យអន្តរការណ៍ពី ១.០០០.០០០ (មួយលាន) រៀល ទៅ៥.០០០.០០០(ប្រាំលាន)រៀល។

មាត្រាដដែល, ត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី ៦(ប្រាំមួយ)ខែ ទៅ ៣(បី)ឆ្នាំ និងពិន័យជាប្រាក់ពី ២.០០០.០០០(ពីរលាន)រៀល ទៅ ១០.០០០.០០០(ដប់លាន)រៀល កាលបើអំពើខាងលើនេះបណ្តាលឱ្យមានការចម្លងជំងឺកូវីដ១៩ ដល់អ្នកដទៃ។ ត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី ២(ពីរ)ឆ្នាំ ទៅ ៥(ប្រាំ)ឆ្នាំ និងពិន័យជាប្រាក់ពី៥.០០០.០០០(ប្រាំលាន)រៀល ទៅ ២០.០០០.០០០(ម្ភៃលាន)រៀល កាលបើអំពើខាងលើនេះ បណ្ដាលឱ្យប៉ះពាល់ធ្ងន់ធ្ងរដល់សុខភាពសាធារណៈ៕ រក្សាសិទ្ធិដោយ៖វ៉ៃកូ

×