ភ្នំពេញ ៖ កម្លាំងសមត្ថកិច្ចបានធ្វើការឃាត់ខ្លួនបុគ្គល ដែលល្មើសទៅនឹងការបិទខ្ទប់ភូមិសាស្ត្រ រាជធានីភ្នំពេញ ចំនួនជាង ២៥៧នាក់ ដោយក្នុងនោះ បានបញ្ជូនទៅកាន់តុលាការ ធ្វើការអប់រំណែនាំ ធ្វើការផាកពិន័យអន្តរការ។ ក្នុងចំណោមមនុស្សនោះ ក៏មានមន្ត្រីនគរបាលផ្កាយពីរម្នាក់ មន្ត្រីយោធា រួមទទាំងប្រជាពលរដ្ឋផងដែរ។ ការឃាត់ខ្លួននេះ គឺចាប់ពីថ្ងៃទី១៥ មេសា រហូតមកដក់ត្រឹមថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២១។
អ្នកនាំពាក្យស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ លោកសាន សុខសីហាបានថ្លែងប្រាប់ CEN ថា គិតត្រឹមថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២១ សមត្ថកិច្ចបានឃាត់ខ្លួនមនុស្សចំនួន ២៥៧នាក់ ដោយក្នុងនោះតុលាការបានចេញដីកាឃុំខ្លួនចំនួន ៧នាក់ , បញ្ជូនទៅតុលាការចំនួន ៥នាក់ , សាកសួរនៅអធិការដ្ឋាននគរបាលចំនួន ៦នាក់ , បានធ្វើការអប់រំណែនាំនិងដោះលែងចំនួន ១១នាក់ និងពិន័យអន្តរការណ៍ចំនួន ២២៨។
ជាការកត់សម្គាល់ នៅក្នុងចំណោមមនុស្សជាង ១២០នាក់នោះ គឺមានមន្ត្រីនគរបាលផ្កាយពីរ ឈ្មោះ អ៊ុង ចាន់ធួក និងបក្ខពួកពីរ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនកាលពីថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២១ នៅក្នុងទឹកដីខណ្ឌមានជ័យ ពាក់ព័ន្ធករណីនាំកម្មករជួបជុំគ្នាផឹកស៊ីចាក់ធុងបាស់ ហើយត្រូវបានតុលាការចេញដីកាឃុំខ្លួនដាក់ពន្ធនាគារ។ ឈ្មោះ សៀង រង្ស៊ី ក្លែងជានគរបាលផ្កាយពីរ និងជិះរថយន្តទំនើបពាក់ស្លាកលេខ នគរបាល ត្រូវបានចាប់ខ្លួនកាលពីថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២១ នៅខណ្ឌជ្រោយចង្វារ និងតុលាការចេញដីកាឲ្យឃុំខ្លួន ពាក់ព័ន្ធករណី រារារាំងការអនុវត្តវិធានការរដ្ឋបាល និងប្រើប្រាស់ដោយគ្មានសិទ្ធិនូវយានយន្តសម្គាល់ប្រើប្រាស់ដោយនគរបាល។ ឈ្មោះ ខៀវ ចាន់សុភ័ត្រ្តា ជាមន្ត្រីយោធានៅសាកលវិទ្យាល័យការពារជាតិ ត្រូវបានឃាត់ខ្លួនកាលពីថ្ងៃទី២០ ខែមេសា ឆ្នាំ២០២១ ត្រូវបានតុលាការចេញដីកាឃុំខ្លួន ពាក់ព័ន្ធករណីវាយសមត្ថកិច្ច និងរារាំងវិធានការបិទខ្ទប់។
សូមជម្រាបថា កាលពីថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២១ រាជរដ្ឋាភិបាលបានចេញសេចក្តីសម្រេចស្តីពីការ បិទខ្ទប់ភូមិសាស្តរាជធានីភ្នំពេញ និងក្រុងតាខ្មៅនៃខេត្តកណ្តាល ដើម្បីទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ ។
ការបិទខ្ទប់ភូមិសាស្ត្ររាជធានីភ្នំពេញ និងក្រុងតាខ្មៅនៃខេត្តកណ្តាល ជាបណ្ដោះអាសន្នសម្រាប់ រយៈពេល ១៤ថ្ងៃ គិតចាប់ពីវេលាម៉ោងសូន្យនាថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២១ រហូតដល់ថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២១ ក្នុងគោលបំណងធានាដល់ប្រសិទ្ធភាពនៃការគ្រប់គ្រងការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ នៅក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ និងក្រុងតាខ្មៅនៃខេត្តកណ្តាល និងទប់ស្កាត់ជំងឺនេះមិនឱ្យឆ្លងរាលដាលទៅតំបន់ ផ្សេងទៀត៕ រក្សាសិទ្ធិដោយ : ចេស្តារ














