ភ្នំពេញ ៖ កម្លាំងអាជ្ញាធរមានសមត្ថកិច្ច បានឃាត់ខ្លួនបុគ្គលដែលល្មើស ទៅនឹងការបិទខ្ទប់ភូមិសាស្ត្រ រាជធានីភ្នំពេញ ចំនួនជាង ២៦០នាក់ ដោយក្នុងនោះបានបញ្ជូនទៅកាន់តុលាការ ធ្វើការអប់រំណែនាំ ធ្វើការផាកពិន័យអន្តរការណ៍។
អ្នកនាំពាក្យស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ លោកសាន សុខសីហា បានមានប្រសាសន៍ប្រាប់ CEN នៅមុននេះបន្តិចថា គិតត្រឹមថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២១ សមត្ថកិច្ចបានឃាត់ខ្លួនមនុស្សចំនួន ២៦៦នាក់ ដោយក្នុងនោះតុលាការបានចេញដីកាឃុំខ្លួនចំនួន ៧នាក់ , បញ្ជូនទៅតុលាការចំនួន ៥នាក់ , សាកសួរនៅអធិការដ្ឋាននគរបាលចំនួន ៦នាក់ , បានធ្វើការអប់រំណែនាំនិងដោះលែងចំនួន ១៤នាក់ និងពិន័យអន្តរការណ៍ចំនួន ២៣៤។
សូមជម្រាបថា កាលពីថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២១ រាជរដ្ឋាភិបាលបានចេញសេចក្តីសម្រេចស្តីពីការ បិទខ្ទប់ភូមិសាស្តរាជធានីភ្នំពេញ និងក្រុងតាខ្មៅនៃខេត្តកណ្តាល ដើម្បីទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ ។ ការបិទខ្ទប់ភូមិសាស្ត្ររាជធានីភ្នំពេញ និងក្រុងតាខ្មៅនៃខេត្តកណ្តាល ជាបណ្ដោះអាសន្នសម្រាប់ រយៈពេល ១៤ថ្ងៃ គិតចាប់ពីវេលាម៉ោងសូន្យនាថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២១ រហូតដល់ថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២១ ក្នុងគោលបំណងធានាដល់ប្រសិទ្ធភាព នៃការគ្រប់គ្រងការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ នៅក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ និងក្រុងតាខ្មៅនៃខេត្តកណ្តាល និងទប់ស្កាត់ជំងឺនេះ មិនឱ្យឆ្លងរាលដាលទៅតំបន់ផ្សេងទៀត៕រក្សាសិទ្ធិដោយ៖ចេស្តារ











