ទឹកប្រាក់ជាង ១០ ពាន់លានអឺរ៉ូ របស់រដ្ឋាភិបាលលីប៊ី ដែលត្រូវបានបង្កកដោយអនុលោមតាមបទបញ្ជាដាក់ទណ្ឌកម្មលើមេដឹកនាំផ្តាច់ការ Muamar Gaddafi បានបាត់ស្រមោលយ៉ាងអាថ៌កំបាំងពីធនាគារមួយនៅប៊ែលហ្សិក ក្នុងអំឡុងពេលពីឆ្នាំ ២០១៣-២០១៧ -នេះបើតាមព័ត៌មានរបស់ប្រព័ន្ធផ្សព្វផ្សាយនៅតំបន់។
លោក Muamar Gaddafi
សារព័ត៌មាន RT បានដកស្រង់ព័ត៌មានពីកាសែតនៅក្នុងតំបន់ឲ្យដឹងថា នាអំឡុងខែវិច្ឆិកា ឆ្នាំ២០១៣ គណនី ៤ ត្រូវបានបើកនៅធនាគារ Euroclear នៅប៊ែលហ្សិក ដែលជារបស់មូលនិធិវិនិយោគជាតិលីប៊ី (LIA) ហើយមូលនិធិវិនិយោគរបស់បរទេសនៅលីប៊ី (LFICO) មានប្រមាណ ១៦,១ ពាន់លានអឺរ៉ូ ដែលត្រូវបង្កក។ ទឹកប្រាក់ទាំងនោះត្រូវបានគេសង្ស័យថា មានទាក់ទងដល់សកម្មភាពលាងសម្អាតលុយកខ្វក់របស់រដ្ឋការមេដឹកនាំផ្តាច់ការលីប៊ី Gaddafi។
ប៉ុន្តែពេលដែលរដ្ឋការលីប៊ីបច្ចុប្បន្នស្វែងរកវិធីប្រមែមូលថវិកានៃមូលនិធិនេះ នៅឆ្នាំ២០១៧ នៅក្នុងគណនីទាំងនោះស្រាប់តែឃើញមាននៅសល់ទឹកប្រាក់ជាង៥ពាន់អឺរ៉ូប៉ុណ្ណោះ។ ដឺនេះ អ្នកនាំពាក្យការិយាល័យអយ្យការ Brussel ឲ្យដឹងថា ៖ “នៅសល់ទឹកប្រាក់តែជាង ៥ ពាន់លានអឺរ៉ូ ក្នុងគណនី ៤ ដែលបើកនៅធនាគារ Euroclear ហើយ Euroclear ក៏បដិសេធពុំព្រមប្រគល់លុយដែលនៅសេសសល់របស់មូលនិធិនេះវិញ។
គួររំលឹកឡើងវិញថា ទ្រព្យសម្បត្តិទាំងនេះត្រូវបានបង្កកតាំងពីខែមីនា ឆ្នាំ២០១១ ដោយផ្អែកតាមសេចក្តីសម្រេចចិត្តរបស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ។ តាំងពីពេលនោះមករដ្ឋការប៊ែលហ្សិក ក៏ពុំដែលធ្លាប់អនុញ្ញាតឲ្យ “រំលាយបង្កក” ចំពោះទ្រព្យសម្បត្តិទាំងនេះ -មន្ត្រីក្រសួងហិរញ្ញវត្ថុប៊ែលហ្សិក Florence Angelici បានអះអាងយ៉ាងច្បាស់លាស់។
៧ ឆ្នាំក្រោយមរណៈភាពរបស់លោក Muamar Gaddafi រដ្ឋាភិបាលលីប៊ីថ្មី បានបន្តរុករកតម្រុយទាំងឡាយនៃទ្រព្យសម្បត្តិដ៏ធំសម្បើម នៃរបប Gaddafi។ អ្នកជំនាញការទាំងឡាយប៉ាន់ប្រមាណថា ទ្រព្យសម្បត្តិនេះអាចមានដល់ទៅរាប់រយពាន់លានដុល្លារឯណោះ។
ក្នុងអំឡុងពេលក្តោបក្តាប់អំណាច ៤២ឆ្នាំ លោក Gaddafi និងសាច់ញាតិ ត្រូវបានចាត់ទុកថា មានទ្រព្យសម្បត្តិដ៏សន្ធឹកសន្ធាប់បានមកពីការលក់ប្រេងកាត។ លោក Gaddafi បានត្រូវផ្តួលរំលំជាផ្លូវការនៅឆ្នាំ ២០១១ ហើយបានត្រូវកម្លាំងបះបោរសម្លាប់ក្នុងអំឡុងពេលនោះ៕ សូយន