Sunday, September 8, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សម្តេចក្រឡាហោម ស ខេង ដឹកនាំកិច្ចប្រជុំរៀបចំវិធានការ ទប់ស្កាត់ការលួចលាក់ នាំជនបរទេសចេញពីភូមិសាស្ត្របិទខ្ទប់

ភ្នំពេញ ៖ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានដឹកនាំកិច្ចប្រជុំស្ដីពីសកម្មភាព និងវិធានការអនុវត្តក្នុងការបង្ការ ទប់ស្កាត់ និងបង្ក្រាបសកម្មភាពឆ្លងដែនដោយខុសច្បាប់ និងការលួចលាក់នាំជនបរទេសចេញពីភូមិសាស្ត្របិទខ្ទប់ តាមរយៈប្រព័ន្ធវីដេអូសន្និសីទនៅថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២១។

កិច្ចប្រជុំនេះ បានធ្វើឡើងបន្ទាប់ពីកើតមានសកម្មភាព លួចលាក់នាំជនបរទេសចេញពីភូមិសាស្ត្របិទខ្ទប់ក្នុងរាជធានីភ្នំពេញ និងខេត្តព្រះសីហនុ ដែលសមត្ថកិច្ចបានបង្ក្រាបបានកាលពីពេលថ្មីៗនេះ ដោយក្នុងនោះមានឧត្តមសេនីយ៍យោធាផ្កាយពីរម្នាក់ និងបកក្ខពួកចំនួន ៦នាក់ បានលួចនាំជនជាតិចិនចំនួន ២៨នាក់ ចេញពីរាជធានីភ្នំពេញទៅខេត្តស្វាយរៀង។

ទាក់ទងកិច្ចប្រជុំនេះ លោក សក់ សេដ្ឋា រដ្ឋលេខាធិការក្រសួងមហាផ្ទៃ បានមានប្រសាសន៍ថា កន្លងមកនេះ នៅក្នុងពេលដែលរាជរដ្ឋាភិបាលរិតត្បិត ឬក៏បិទការចេញចូលប្រទេស លើកលែងតែករណីមួយចំនួនដែលអនុញ្ញាតឲ្យចេញចូល ហើយមានករណីខ្លះមានការលួចនាំមនុស្សឆ្លងកាត់ព្រំដែន និងមានករណីនាំលួចលាក់នាំជនបរទេសចេញ ពីតំបន់បិទខ្ទប់ទាំងនៅរាជធានីភ្នំពេញ និងខេត្តព្រះសីហនុ។ ហើយស្ថានភាពនេះ បើសិនជានៅតែមានវាធ្វើឲ្យប៉ះពាល់ដល់សន្តិសុខជាតិ និងសណ្តាប់ធ្នាប់ សុវត្ថិភាពសង្គម និងការចម្លងជំងឺកូវីដ១៩ ក៏មានហានិភ័យដែរ ដោយសារថា គឺទី១.លួចលាក់ចូលមកក្នុងខ្សែបន្ទាត់ព្រំដែនតាមរបៀង និងមិនបានធ្វើចត្តាឡីស័ក មិនបានអនុវត្តវិធានការសុខាភិបាល និងទី២. អ្នកដែលចេញពីតំបន់បិទខ្ទប់ ក៏អាចបង្កឲ្យមានការឆ្លងជំងឺកូវីដ១៩ដែរ។ ហេតុនេះហើយបានជាសម្តេចក្រឡាហោម ស ខេង ដឹកនាំកិច្ចប្រជុំមួយដោយមានការចូលរួមពីអគ្គនាយកដ្ឋានពាក់ព័ន្ធ និងអគ្គស្នងការនគរបាលជាតិ អគ្គនាយកដ្ឋានអន្តោប្រវេសន៍ អគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម និងក្រុមអ្នកច្បាប់របស់ក្រសួងមហាផ្ទៃពិនិត្យមើលករណីនេះ។

លោកបានបន្តថា ក្រោយពីកិច្ចប្រជុំបានត្រួតពិនិត្យករណីនេះរួច ក្រសួងមហាផ្ទៃនឹងរៀបចំជាវិធានការដើម្បីគ្រប់គ្រង គឺទី១. ខាងអគ្គស្នងការនគរបាលជាតិនឹងដឹកនាំទៅ ដល់គណៈបញ្ជាការឯកភាពខេត្ត ដើម្បីពិនិត្យមើលឡើងវិញនូវវិធានការ និងការអនុវត្តនូវវិធនាការដែលបានដាក់ចេញកន្លងមកនេះ នៅក្នុងការគ្រប់គ្រង ការឆ្លងកាត់ព្រំដែន ដើម្បីវាយតម្លៃចំណុចខ្លាំងចំណុចខ្សោយ ដើម្បីដាក់ចេញនូវផែនការសកម្មភាបន្ត នៅក្នុងនោះគឺការស្រាវជ្រាវរកមេខ្យល់ មេក្លោង ទាំអនៅក្នុងស្រុក និងសហការជាមួយបណ្តាប្រទេស នៅក្នុងតំបន់ និងប្រទេសជិតខាងកម្ពុជាដើម្បីសហការនិងបង្ក្រាប។ ទី២. ការលុបបំបាត់របៀង និងពិនិត្យមើលភូមិសាស្ត្រណាដែលចាំបាច់ដើម្បីដាក់ពង្រាយកម្លាំងបន្ថែមដើម្បីល្បាត ជាពិសេសនៅតំបន់ដែលមានភូមិសាស្ត្រស្មុគស្មាញ។ ទី៣. ការគ្រប់គ្រងតាមច្រកព្រំដែន។ ជាគោលការណ៍បើរកឃើញថា ជនបរទេសចូលតាមច្រកណារុញចេញ ទៅវិញនិងនឹងកន្លែងដោយមិនបាច់ស្នើសុំគោលការណ៍។
សូមជម្រាបថា អតីតផ្កាយពីរយោធារូបនេះ និងនិងបក្ខពួកចំនួន ៦នាក់ ត្រូវបានសមត្ថកិច្ចចាប់ខ្លួនពាក់ព័ន្ធករណីរត់ពន្ធមនុស្ស ពោលគឺនាំជនជាតិចិនចំនួន ២៨នាក់ឆ្លងដែនខុសច្បាប់នៅចំណុចសណ្ឋាគារ ធីធីភី ១ (TTP 1) ស្ថិតក្នុងភូមិ បាវិតកណ្តាល សង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀងកាលពីទាបភ្លឺថ្ងៃទី២២ ខែមេសា ឆ្នាំ២០២១។
អតីតផ្កាយពីរយោធារូបនេះ និងនិងបក្ខពួកចំនួន ៦នាក់ ដែលចាប់ខ្លួនមានដូចជា ១.ឈ្មោះ ស៊ុ ពៅ មានឋានន្តរសក្តិ ឧត្តមសេនីយ៍ទោ មុខងារ អនុប្រធានក្រុមការងារស្រាវជ្រាវយុទ្ធសាស្ត្រយោធា អគ្គបញ្ជាការដ្ឋាន នៃនៃកងយោធពលខេមរភូមិន្ទ។
២.ឈ្នោះ ឆើយ សារ៉ន ភេទ ប្រុស អាយុ៤០ឆ្នាំ បុខរបរ មិនពិតប្រាកដ មានទីលំនៅ ស្រុក ស្អាង ខេត្ត កណ្តាល។
៣. ឈ្មោះ នាង ស៊ីណាត ប្រុស អាយុ ៣១ ឆ្នាំ មុខរបរ មិនពិតប្រាកដ ទីលំនៅ សង្កាត់ ក្រាំងធ្នង់ សែនសុខ ភ្នំពេញ។
៤. ឈ្នោះ សេង ហាក់ ប្រុស អាយុ៣១ឆ្នាំ មុខរបរ ជាងឡាន មានទីលំនៅ សង្កាត់ ចោមចៅ ពោធិសែនជ័យ ភ្នំពេញ។
៥. អាត កក្តដា ប្រុស អាយុ២៦ឆ្នាំ មុខរបរ អាជីវករ ទីលំនៅ ខណ្ឌ សែន សុខ ភ្នំពេញ។
៦. ទាន់ ចាន់វិបុល ប្រុស អាយុ៣៤ឆ្នាំ មុខរបរ អាជីវករ ទីលំនៅ ស្រុក ពញាឮ ខេត្ត កណ្តាល។
៧. សូ គន្ធា ប្រុស អាយុ៤២ឆ្នាំ ទីលំនៅ ភូមិ បាវិតកណ្តាល សង្កាត់ បាវិត ក្រុង បាវិត ស្វាយរៀង។
បច្ចុប្បន្ន ជនសង្ស័យទាំង០៧នាក់ ឃាត់ខ្លួននៅ អធិការដ្ឋាននគរបាលក្រុងបាវិត។ ចំណែកជនជាតិចិនទាំង២៨នាក់ ដាក់ឲ្យធ្វើចត្តាឡីស័កនៅសណ្ឋាគារTTP1 ស្ថិតក្នុងភូមិ បាវិតកណ្តាល សង្កាត់ បាវិត ក្រុង បាវិត៕ រក្សាសិទ្ធិដោយៈ ចេស្តារ

spot_img
×