បាត់ដំបង ៖ សមត្ថកិច្ចមូលដ្ឋានបានបញ្ជាក់ថា ស្រ្តីរងគ្រោះរងដែលត្រូវបានរន្ទះបាញ់ស្លាប់ ពេលឈរលើភ្លឺស្រែ ខណ:មេឃកំពុងភ្លៀង បណ្តាលស្លាប់ភ្លាមៗក្បែរប្តីរបស់គាត់។
សមត្ថកិច្ចបញ្ជាក់ថា ស្រ្តីជាជនរងគ្រោះស្លាប់ឈោ្មះ ប៉ាក សល់ ភេទស្រី អាយុ ៥២ឆ្នាំ ចំណែកឯបុរសជាប្តីមានឈ្មោះ ឈន ជា អាយុ ៥៣ឆ្នាំ ទាំងពីរនាក់រស់នៅក្នុងភូមិ ឃុំ កន្លែងកើតហេតុខាងលើ។
នគរបាលបាននៃអធិការស្រុកបាណន់ បានប្រាប់អ្នកសារព័ត៌មានឲ្យដឹងថា គ្រោះថ្នាក់ធម្មជាតិនេះ បានកើតឡើងនៅជិតវេលាម៉ោង ១២:០០នាទីថ្ងៃត្រង់ ថ្ងៃទី ២៧ ខែមេសា ឆ្នាំ ២០២១ នៅត្រង់ចំណុចបឹងខ្ទំ ក្នុងភូមិព្រៃទទឹង ឃុំបាយដំរ៉ាំ ស្រុកបាណន់ ខេត្តបាត់ដំបង។
ប្រភពដដែលបន្តថា÷ មុនកើតហេតុស្ត្រីរងគ្រោះ បានទៅព្រោះស្រូវនៅក្បែរភូមិជាមួយនឹងប្តី ចៃដន្យក៏ត្រូវមេឃធ្លាក់ភ្លៀងមួយមេ ស្របពេលដែលប្តីកំពុងអង្គុយលើនៅលើគោយន្ត ស្ត្រីជនរងគ្រោះបានឈរនៅក្បែរគ្នា ចំងាយប្រមាណ ១.៥០ម៉ែត្រ ក៏ត្រូវរន្ទះភ្លើងបាញ់ស្រោចមកលើខ្លួន បណ្តាលឲ្យស្លាប់ភ្លាមៗនៅនឹងកន្លែងតែម្តង។
នគរបាលជំនាញភ្លាមៗបានចុះទៅដល់កន្លែងគ្រោះថ្នាក់ ហើយបានពិនិត្យសាកសពបញ្ជាក់ថា ជនរងគ្រោះពិតជាបានស្លាប់ ដោយសាររន្ទះបាញ់ពិតប្រាកដមែន រួមក៏បានប្រគល់ទៅឲ្យក្រុមគ្រួសារ ដើម្បីធ្វើរៀបចំពិធីបុណ្យតាមប្រពៃណី៕ រក្សាសិទ្ធិដោយ៖CEN




