ពោធិ៍សាត់ ៖ ការចាប់ខ្លួនបុរសជាប្តីឈ្មោះ ស៊ីម៉ៅ អាយុ ៣០ ឆ្នាំត្រូវបានធ្វើឡើងដោយនគរបាលស្រុកកណ្ដៀង បន្ទាប់ពីបានទទួលពាក្យបណ្តឹង ពីស្ត្រីជាប្រពន្ធរត់មកប្ដឹងចោទថា ប្តីបានបង្ខាំងរូបគាត់ឲ្យនៅក្នុងផ្ទះ និងប្រើហិង្សាវាយដំច្រំធាក់ទាំងកូន អស់រយៈពេលជាច្រើនថ្ងៃរួចមក។
នគរបាលនៃអធិការដ្ឋានស្រុកកណ្តៀង បានចាប់ខ្លួនជនសង្ស័យខាងលើ ធ្វើឡើងនៅវេលាម៉ោង៨ និង ៣០ នាទីព្រឹកថ្ងៃទី ២៧ ខែមេសាឆ្នាំ ២០២១ក្នុងភូមិកញ្ជើបាយដាច ឃុំអន្លង់វិល ស្រុកកណ្ដៀង ខេត្តពោធិ៍សាត់។
លោកអ៊ុន ស៊ី អធិការនគរបាលស្រុកកណ្ដៀង ប្រាប់ឲ្យដឹងថា ជនបង្ក ចំណែកស្ត្រីរងគ្រោះ ជាប្រពន្ធឈ្មោះនឿន ចាន់ថា អាយុ ២៩ ឆ្នាំរស់នៅក្នុងភូមិកញ្ជើបាយដាច ឃុំអន្លង់វិល ស្រុកកណ្ដៀង ខេត្តពោធិ៍សាត់។
លោកបញ្ជាក់ថា ការចាប់ខ្លួនជនបង្កជាប្តីនេះ គឺធ្វើឡើងតាមពាក្យបណ្ដឹង របស់ស្ត្រីរងគ្រោះជាប្រពន្ធ ដែលបានប្ដឹងចោទថា ប្ដីរបស់ខ្លួនបានបង្ខាំងរូបគាត់ឲ្យនៅក្នុងផ្ទះ ព្រមទាំងធ្វើទុកបុកម្នេញទាំងផ្លូវកាយនិងផ្លូវចិត្ត ដោយវាយដំច្រំធាក់រូបគាត់ និងកូនប្រុសជាប្រចាំចាប់តាំងពីថ្ងៃទី ២២រហូតដល់ថ្ងៃទី ២៦ ខែមេសាឆ្នាំ ២០២១មកម្ល៉េះ។ ទើបរត់មកប្ដឹងឲ្យសមត្ថកិច្ចចាប់ខ្លួន ដោយសំណូមពរឲ្យសមត្ថកិច្ច បង្កនីតិវិធីទៅតាមច្បាប់។
លោកបញ្ជាក់បន្ថែមថា នៅចំពោះមុខសមត្ថកិច្ចជនបង្កជាប្តី បានឆ្លើយសារភាពថា រូបគេពិតជាបានប្រព្រឹត្តអំពើខុសឆ្គង ដូចការចោទប្រកាន់ពីជនរងគ្រោះ ជាប្រពន្ធពិតប្រាកដមែន។ ក្រៅពីករណីខាងលើហ្នឹង ជនសង្ស័យត្រូវបានសមត្ថកិច្ច ធ្វើតេស្តទឹកនោមរកសារធាតុញៀន ឃើញថាវិជ្ជមានហើយសមត្ថកិច្ច កំពុងបង្កសំណុំរឿង បញ្ជូនទៅសាលាដំបូងខេត្តពោធិ៍សាត់៕រក្សាសិទ្ធិដោយ៖CEN




