ភ្នំពេញ ៖ ជឿជាក់ថា ប្រិយមិត្តយ៉ាងច្រើន ប្រាកដបានស្គាល់ច្បាស់ហើយ ពីប្អូនប្រុសពិការភ្នែក យឿន ពិសី ដែលជាម្ចាស់ពានរង្វាន់ Cambodia’s Got Talent រដូវកាលទី១ ដោយរូបគេបានទទួលការផ្ញើសារច្រើនជាងគេ ក្នុងចំណោមបេក្ខជនដែលចូលរួមជាច្រើននាក់ផ្សេងទៀត ដែលនេះក៏ព្រោះតែ ពិសី មានទឹកដមសំឡេងពិរោះពីកំណើត ដែលអាចទាក់ទាញចិត្តអ្នកគាំទ្រ តាំងពីរូបគេនៅកុមារម្ល៉េះ។
ពិតណាស់ ក្រោយទទួលបានពានរង្វាន់ គេបានកត់សម្គាល់ឃើញថា ភាពជាក្មេងជំទង់របស់ យឿន ពិសី ក៏បានផ្លាស់ប្តូរជាវ័យពេញកំលោះយ៉ាងលឿនដ៏មិននឹកស្មាន ដោយរូបគេពុំត្រឹមមានសាច់ឈាមស្រស់ថ្លាប៉ុណ្ណោះទេ គឺថែមទាំងមានរូបរាងស្រស់សង្ហាទៀតផង។
អ្វីដែលធ្វើឲ្យអ្នកគាំទ្រមានការភ្ញាក់ផ្អើលនោះ គឺក្រោយបាត់មុខមួយរយៈ ស្រាប់តែនៅក្នុងអំឡុងខែមករា ឆ្នាំ២០២១ យឿន ពិសី បានរកឃើញស្នេហ៍ពិត ដោយខាងស្រីមានឈ្មោះ ហេង កក្កដា។ ក្រោយពីបានភ្ជាប់ចំណងស្នេហ៍និងមិនដឹងពីពេលណាមក អ្នកទាំងពីរក៏បានសម្រេចដឹកដៃគ្នាចូលរោងការតាមប្រពៃណី ដោយមានភ្ញៀវកិត្តិយសទាំងសងខាង ចូលរួមប្រកបដោយក្តីសប្បាយរីករាយគ្រប់ៗគ្នា ខណៈបានឃើញកូនកំលោះ និងកូនក្រមុំ ញញឹមបិទមាត់មិនជិត ក្នុងថ្ងៃសិរីសួស្តីដ៏ពិសេសនេះ។
យ៉ាងណាមិញ អ្វីដែលយើងគ្រប់គ្នានឹកស្មានមិនដល់នោះ គឺក្រោយរៀបការទើបតែបានប៉ុន្មានខែរួចមក ស្រាប់តែពេលនេះ អ្នកទាំងពីរជិតក្លាយជាឪពុកម្តាយរបស់គេហើយ។ នេះបើយោងតាមគណនីហ្វេសប៊ុករបស់ យឿន ពិសី បានបង្ហោះអំពីដំណឹងនេះទាំងរំភើបចិត្តថា៖ «យេ យេ ស៊ុបប្រាយបងប្អូនហើយ ខ្ញុំមានហើយ ខ្ញុំជិតបានក្លាយជាឪពុករបស់កូនខ្ញុំហើយ»៕ រក្សាសិទ្ធិដោយ៖ លឹម ហុង








