ភ្នំពេញ ៖ ដូចដែលប្រិយមិត្តជាច្រើនបានដឹងហើយ ចំពោះដំណឹងដ៏រន្ធត់ចិត្តមួយ ដែលគ្រប់គ្នាមិននឹកស្មានដល់ថា តារាចម្រៀង សិុន ឧត្តមផល្លា ពេលនេះកំពុងដេកស្តូកស្តឹងនៅលើគ្រែ ក្នុងមន្ទីរពេទ្យ ជាមួយជំងឺមហារីកដ៏កំណាចដំណាក់កាលចុងក្រោយ បន្ទាប់ពីសម្ងំព្យាបាលដោយចាក់គីមី និងអស់លទ្ធភាពក្នុងការបាញ់កាំរស្មីចំនួន ៣៧ ដង។
យ៉ាងណាមិញ ជុំវិញព័ត៌មានទើបធ្លាយចេញនេះផងដែរ បើតាមមិត្តភក្តិស្និទ្ធម្នាក់របស់នាង បានបង្ហើបឲ្យថា ស៊ិន ឧត្តមផល្លា ដែលជាបុគ្គលធ្លាប់បានដើរធ្វើអំពើមនុស្សធម៌ម្នាក់ បានព្យាយាមលាក់បាំងរឿងជំងឺរបស់ខ្លួន ដោយបន្តរស់មកទល់ពេលនេះដោយសារឥទ្ធិពលគីមី ក៏ព្រោះតែអ្នកនាងមិនចង់ឲ្យមហាជនគិតថា នាងចង់សុំជំនួយ។
នេះតាមគណនីហ្វេសប៊ុកឈ្មោះ Kong Chansoriya ដែលត្រូវជាមិត្តភក្តិជិតស្និទ្ធ បានរៀបរាប់ឲ្យដឹងថា៖ «ការពិតស្រ្តីម្នាក់នេះបានតស៊ូរស់នៅជាមួយនឹងជំងឺដ៍កាចសាហាវនេះយូរមកហើយ (មហារីកកូនកណ្តុរ តំណាក់កាលចុងក្រោយ) ដោយសារតែនាងមិនចង់ចាកចោលកូនៗជាទីស្រឡាញ់ និងប៉ាម៉ាក់របស់នាង។
អ្នកនាង គង់ ច័ន្ទសូរិយ៉ា ក៏បានបញ្ជាក់ថា មិត្តម្នាក់នេះ Sin Oudom Phalla ឯកាណាស់ កម្សត់ណាស់ គ្រាំគ្រាណាស់ ចិត្តខ្លាំងណាស់ នាងព្យាយាមលាក់បាំងពីជំងឺរបស់នាងដោយសុំមិនឲ្យខ្ញុំបញ្ចេញព័ត៌មានរបស់នាង ព្រោះរូបសម្រស់របស់នាងប្រែប្រួលខ្លាំងដោយសារឥទ្ធិពលនៃការព្យាបាលដោយគីមី និងមិនចង់អោយអ្នកទាំងអស់គ្នារួមទាំងមហាជនយល់ថានាងចង់សុំជំនួយ ទាំងដែលត្រូវចំណាយថ្លៃព្យាបាលអស់រាប់មុឺនទៅហើយ។
ប៉ុន្តែ នៅពេលនេះសុខភាពនាងដុនដាបណាស់ ខ្ញុំមានតែបន់ស្រន់សុំអោយនាងរស់រានបានយូរ បានមើលឃើញកូនៗរបស់នាងធំដឹងក្តី នាងត្រូវការកម្លាំងចិត្ត និងការលើកទឹកចិត្តខ្លាំងណាស់ ដូច្នេះបើមិត្តៗណាស្គាល់នាងសូមខលឬឆាតសួរសុខទុក្ខគាត់ផង ពេលខ្លះគាត់មិនបានតបដោយសារគាត់និយាយមិនសូវច្បាស់ មិត្តម្នាក់នេះនៅចាំផ្តល់កម្លាំងចិត្តជានិច្ច សូមឲ្យមិត្តឆាប់ជានិងអាលបានដើរធ្វើមនុស្សធម៌ជាមួយគ្នាទៀត សូមអរគុណប្អូនស្រី Angel Lyhuor ដែលនៅចាំមើលថែនាង»៕ រក្សាសិទ្ធិដោយ៖ លឹម ហុង








