Thursday, November 27, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

រដ្ឋបាលខេត្តបាត់ដំបង បន្តដាក់វិធានការបណ្តោះអាសន្ន ១៤ថ្ងៃទៀត ដើម្បីចូលរួមបង្ការ និងទប់ស្កាត់កូវីដ១៩

បាត់ដំបង​ ៖ បើតាមសេចក្តីណែនាំ រដ្ឋបាលខេត្តបាត់ដំបង នៅថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២១នេះ បានចេញសេចក្តីណែនាំ ស្តីពីវិធានការជាបណ្តោះអាសន្ន រយៈពេល ១៤ថ្ងៃបន្ត ចាប់ពីថ្ងៃទី២៩ ខែមេសា ដល់ថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២១ ដើម្បីចូលរួមបង្ការ និងទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ១៩ ក្នុងភូមិសាស្ត្រខេត្តបាត់ដំបង។

ដើម្បីចូលរួមទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ក្នុងភូមិសាស្ត្រខេត្តបាត់ដំបង រដ្ឋបាលខេត្ត គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត សូមដាក់ចេញនូវវិធានការជាបណ្តោះអាសន្នរយៈពេល ១៤ ថ្ងៃ បន្តចាប់ ពីថ្ងៃទី២៩ ខែមេសា ដល់ថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២១ ដូចខាងក្រោម៖

១. បុគ្គលគ្រប់រូប ត្រូវអនុវត្តឱ្យបានខ្ជាប់ខ្លួននូវវិធានការសុខាភិបាល ដូចជា ការអនុវត្តវិធានការ -៣ ការពារ” គឺពាក់ម៉ាស់ លាងដៃ និងរក្សាគម្លាតសុវត្ថិភាព និងវិធានការៈ ៣កុំ គឺកុំចូលទៅកន្លែងដែលបិទជិតឈឹង កុំទៅកន្លែងដែលមានមនុស្សម្នាច្រើនកុះករ និងប៉ះពាល់។

២. គ្រប់ទីកន្លែងលក់អាហារ ភោជនីយដ្ឋាន អាហារដ្ឋាន ហាងកាហ្វេ ហាងភេសជ្ជៈ គ្រប់ទីកន្លែង ទទួលភ្ញៀវស្នាក់នៅ គ្រប់គោលដៅទេសចរណ៍ គ្រប់ទីកន្លែងសាសនា និងគ្រប់ទីកន្លែង ដែលអនុញ្ញាតឱ្យមានការលក់ដូរ ត្រូវអនុវត្តឱ្យបានម៉ឺងម៉ាត់នូវវិធានការសុខាភិបាលដូចជាតម្រូវ ឱ្យបុគ្គលមកកាន់ទីកន្លែងទាំងនេះពាក់ម៉ាស់ អនាម័យ (លាងដៃជាមួយអាល់កុល ឬដែល) វាស់ កំដៅ រក្សាគម្លាតសុវត្ថិភាព យ៉ាងតិច១,៥ម៉ែត្រ។ ក្នុងករណីពិនិត្យឃើញមានការសង្ស័យថាមាន ជំងឺកូវីដ-១៩ គឺមិនអនុញ្ញាតឱ្យចូល និងរាយការណ៍មកសមត្ថកិច្ចសុខាភិបាលដើម្បីចុះពិនិត្យភ្លាម។

៣. ចំពោះការលក់អាហារនៅតាមដងស្ទឹងសង្កែ នៅចន្លោះពីស្ថានថ្មចាស់ដល់ស្ពានថ្ម ទាំងសង ខាងស្ទឹង និងផ្សាររាត្រី ដោយមិនអនុញ្ញាតឱ្យទទួលអតិថិជនចូលមកទទួលទានអាហារនៅនឹងកន្លែងទេ តែអាចលក់ជាលក្ខណៈវេចខ្ចប់បាន។

៤. បន្តការហាមឃាត់ ការលក់ដូរគ្រឿងស្រវឹង និងការជួបជុំសេពគ្រឿងស្រវឹង។

៥. ត្រូវផ្អាកជាបណ្តោះអាសន្ននូវការជួបជុំប្រមូលផ្តុំមនុស្សច្រើនដូចជា ការលេងល្បែងកំសាន្ត និងកីឡាគ្រប់ប្រភេទដែលមានលក្ខណៈប្រមូលផ្តុំ។

៦. ចំពោះទីតាំងប្រកបរបរធ្វើអាជីវកម្ម គ្រឹះស្ថានហិរញ្ញវត្ថុ ធនាគារ និងទីតាំងប្រកបសេវាកម្មនានា នៅក្នុងខេត្ត ចាំបាច់ត្រូវតែរៀបចំមានឧបករណ៍បាញ់សម្លាប់មេរោគ ឧបករណ៍វាស់កម្ដៅ រក្សា គម្លាតបុគ្គល គម្លាតសង្គម យ៉ាងតិច១,៥ម៉ែត្រ និងត្រូវលាងសំអាតដៃដោយអាល់កុល ឬដែល និងពាក់ម៉ាស ដោយមិនត្រូវនៅប្រមូលផ្តុំជាប់ៗគ្នា ដែលជាហេតុនាំឱ្យមានការរីករាលដាលឆ្លង ជំងឺកូវីដ-១៩។

៧. ចៀសវាងការធ្វើដំណើរចេញក្រៅផ្ទះដោយមិនចាំបាច់ ជាពិសេសទៅកាន់តំបន់ ឬទីកន្លែងដែល មានហានិភ័យខ្ពស់នៃការឆ្លងរាលដាលជំងឺកូវីដ-១៩។

៨. បន្ថែមលើការអនុវត្តវិធានការក្នុងចំណុចទី១ ត្រូវអនុវត្តវិធានការធ្វើចត្តាឡីស័ក និងយកសំណាក អ្នកធ្វើដំណើរដែលវិលត្រឡប់មករស់នៅ ឬស្នាក់នៅរយៈពេលវែងក្នុងភូមិសាស្ត្រខេត្ត។ ករណី អ្នកធ្វើដំណើរដែលមានលិខិតបញ្ហាបេសកកម្ម របស់ស្ថាប័នសាធារណៈ ឬអ្នកធ្វើដំណើរស្នាក់នៅរយៈពេលខ្លី(តិចជាង១សប្តាហ៍) ត្រូវរៀបចំការយកសំណាកទៅវិភាគរហ័សរកមេរោគកូវីដ-១៩។

៩. អនុវត្តការផាកពិន័យអន្តរការណ៍ចំពោះបុគ្គលមិនគោរពដោយចេតនានូវវិធានការរដ្ឋបាល ដែល រាជរដ្ឋាភិបាល និងរដ្ឋបាលខេត្តបាត់ដំបងបានដាក់ចេញក្នុងការទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺ កូវីដ-១៩ ទៅតាមវិធានការរដ្ឋបាលនីមួយៗ ដោយមិនគិតដល់បទល្មើសព្រហ្មទណ្ឌដទៃទៀតឡើយ៕ រក្សាសិទ្ធិដោយ៖បញ្ញាស័ក្តិ

×