ភ្នំពេញ ៖ ក្រសួងសុខាភិបាលចេញសេចក្តីជូនដំណឹង ស្ដីពីការហាមឃាត់ការចកចាយ ឬលក់ឱសថឈ្មោះ Bepunthen” Balm គ្មានលេខបញ្ជីកានិងគ្មានការទទួលស្គាល់ពីក្រសួងសុខាភិបាល។
ក្រសួងសុខាភិបាលសូមជម្រាបជូនឯកឧត្តម លោកជំទាវ អភិបាល នៃគណៈអភិបាលរាជធានី ខេត្ត លោក លោកស្រីជាម្ចាស់ឱសថស្ថាន ឱសថស្ថានរង និងសាធារណជនទាំងអស់ឱ្យបានជ្រាបថាៈ តាមការស្រាវជ្រាវ របស់ក្រសួងសុខាភិបាលឃើញមានឱសថឈ្មោះ Bepanthea” Balm គ្មានលេខបញ្ជីកា កំពុងដាក់លក់នៅលើទីផ្សារក្នុងព្រះរាជាណាចក្រកម្ពុជា ដែលស្រដៀងនឹងឱសថ ដែលនាំចូលដោយគ្រឹះស្ថានអាហរ័ណ នីហរ័ណឱសថឌី ខេ អេស អេច (ខេមបូឌា)។
អាស្រ័យដូចបានជម្រាបជូនខាងលើ និងអនុលោមតាមច្បាប់ស្តីពីការគ្រប់គ្រងឱសថ និងច្បាប់វិសោធនកម្ម ច្បាប់ស្តីពីការគ្រប់គ្រងឱសថ ក្រសួងសុខាភិបាលសូមណែនាំដូចតទៅ៖
១. សូមឯកឧត្តម លោកជំទាវអភិបាល នៃគណៈអភិបាលរាជធានី ខេត្ត ណែនាំដល់ឯកឧត្តម លោកជំទាវ ប្រធានមន្ទីរសុខាភិបាលរាជធានី ខេត្ត ផ្សព្វផ្សាយឱ្យបានទូលំទូលាយដល់គ្រប់ឳសថស្ថាន ឱសថស្ថានរងឱ្យបញ្ឈប់ការលក់ឱសថគ្មានលេខបញ្ជីកាខាងលើជាបន្តទៀត។
២. ភ្នាក់ងារត្រួតពិនិត្យឱសថ នៃនាយកដ្ឋានឱសថ ចំណីអាហារ បរិក្ខារពេទ្យ និងគ្រឿងសំអាងត្រូវសហការ ជាមួយមន្ទីរសុខាភិបាលរាជធានី ខេត្ត និងអាជ្ញាធរមានសមត្ថកិច្ច ដើម្បីតាមដានរកជនខិលខូចមក ផ្តន្ទាទោស និងប្រមូលឱសថគ្មានលេខបញ្ជីកាខាងលើមកកម្ទេចចោល។
៣. លោក លោកស្រី ជាម្ចាស់ឱសថស្ថាន ឱសថស្ថានងត្រូវបញ្ឈប់ការលក់ឱសថគ្រប់ប្រភេទដែលគ្មាន លេខបញ្ជីកាពីក្រសួងសុខាភិបាល។
ក្រសួងសុខាភិបាលនឹងមានវិធានការតឹងរ៉ឹង តាមផ្លូវច្បាប់ចំពោះជនខិលខូច ម្ចាស់ឱសថស្ថាន ឱសថស្ថានរង ទាំងអស់ដែលនៅតែបន្តចែកចាយ ឬលក់ឱសថគ្មានលេខបញ្ជីកាខាងលើ៕រក្សាសិទ្ធិដោយ៖បញ្ញាស័ក្តិ



