ជនជាតិតៃវ៉ាន់២ នាក់ ត្រូវបានអាជ្ញាធរម៉ាឡេស៊ី រឹបអូសលិខិតឆ្លងដែន និងកំពុងពិចារណានិរទេសពួកគេចេញពីប្រទេស បន្ទាប់បីពួកគេបានប្រព្រឹត្តនូវទង្វើលេងសើច «លាបពណ៌លើមុខធ្វើជាម៉ាស់ ជំនួសឲ្យម៉ាស់ពិត» នៅទីសាធារណៈ ដែលជាការរំលោភបំពានលើច្បាប់ពាក់ម៉ាស់ជាចាំបាច់របស់ខេត្ត។
យោងតាមប្រភពព័ត៌មានបានឲ្យដឹងថា បុរសជនជាតិតៃវ៉ាន់ជាតារាហ្វេសប៊ុកដ៏ល្បី ដែលគេគ្រាន់តែបញ្ជាក់ឈ្មោះខ្លីថា JPL បានបង្ហោះវីដេអូលេងសើចនោះកាលពីថ្ងៃសុក្រ សប្តាហ៍មុន ដែលក្នុងនោះ គាត់ និងដៃគូម្នាក់ទៀតឈ្មោះថា L កំពុងដើរមើលនៅឯហាងលក់គ្រឿងទេសក្នុងតំបន់។ ប៉ុន្តែ នៅពេលនោះ គឺបន្ទាប់សន្តិសុខប្រាប់ពួកគេថា L មិនត្រូវបានអនុញ្ញាតឲ្យចូលផ្សារដោយគ្មានម៉ាស់ អ្នកទាំងពីរក៏បានវិលត្រឡប់ទៅកាន់រថយន្តរបស់ពួកគេ ហើយក៏បានលាបពណ៌លើមុខរបស់ L គូរជារូបម៉ាស់ជំនួស។ បន្ទាប់មក ពួកគេក៏បានវិលត្រឡប់មកផ្សារទំនើបវិញ។ ខណៈនោះ JPL បានពាក់ម៉ាស់ត្រឹមត្រូវ ហើយបានថតវីដេអូពីសកម្មភាពពួកគេ កំពុងដើរជុំវិញក្នុងផ្សារ។
JPL ត្រូវបានឮសួរទៅកាន់ L ថា «តើអ្នកមានបានកត់សម្គាល់ឃើញថា គ្មាននរណាម្នាក់មើលមកអ្នកទេ?»។ L បានឆ្លើយថា «ពិតណាស់ហើយ ព្រោះវាមើលទៅដូចពិតៗ»។
JPL បាននិយាយទៅកាន់ L ដែលបានឆ្លើយតបទាំងអស់សំណើចថា «គ្មាននរណាម្នាក់កត់សម្គាល់ទេ! សូម្បីតែសន្តិសុខ។ ខ្ញុំសឹងតែមិនចង់ជឿចំពោះស្នាដៃនេះ»។
តែទោះយ៉ាងណា វីដេអូលេងសើចរបស់ពួកគេ ត្រូវបានប្រជាអុិនធើរណែតម៉ាឡេស៊ី នាំគ្នាសម្តែងនូវការខឹងសម្បារ និងបានអំពាវនាវឲ្យអាជ្ញាធរអន្តោប្រវេសន៍ ចាត់វិធានការយ៉ាងម៉ឺងម៉ាត់ និងបណ្តេញពួកគេចេញពីប្រទេស ព្រោះថា ពួកគេពុំត្រឹមតែអនុវត្តវិធានការកាពារទប់ស្កាត់ជំងឺកូវីដ១៩ ប៉ុណ្ណោះទេ គឺថែមទាំងជាល្បែងលេងសើចបែបនេះ៕ រក្សាសិទ្ធិដោយ៖ លឹម ហុង










