ភ្នំពេញ ៖ កាលពីព្រឹកមិញនេះ ថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២១ មានករណីហិង្សាមួយបានកើតឡើង រវាងសន្តិសុខម្នាក់នៅក្នុងតំបន់អភិវឌ្ឍន៍បឹងកក់ បានហក់វាយទៅលើអ្នកលក់បន្លែតាមកង់បី បានធ្វើឲ្យមហាជននាំគ្នារិះគន់យ៉ាងខ្លាំងៗ ដែលក្នុងនោះ សូម្បីតែបងប្អូនកម្មករសំណង់នៅក្នុងទីនោះផ្ទាល់ ក៏សម្តែងការមិនពេញចិត្តទៅនឹងទង្វើរបស់សន្តិសុខរូបនោះដែរ ព្រោះក្នុងកាលៈទេសៈបិទខ្ទប់មួយរយៈពេល ជាច្រើនថ្ងៃកន្លងមកនេះ គឺពួកគាត់ពិតជាពិបាកខ្លាំងណាស់ ក្នុងការស្វែងរកទិញម្ហូបអាហារ។
បើតាមបងប្រុសជាអ្នកលក់បន្លែតាមកង់បី បានបញ្ជាក់ប្រាប់ឲ្យដឹងថា គាត់បានបើកកង់បីលក់បន្លែ នៅលើផ្លូវសាធារណៈខាងក្រៅនៃតំបន់បឹងកក់ ដូចទៅនឹងបងប្អូនអ្នកធ្វើដំណើរដទៃ។ ហើយនៅពេលនោះ ក៏មានបងប្អូនស្រ្តីៗជាកម្មករសំណង់បានហៅ គាត់និងប្រពន្ធក៏ឈប់លក់ឲ្យពួកគាត់ ដែលបានមកទិញទាំងទឹកមុខត្រេកអរជាខ្លាំង។ ប៉ុន្តែនៅពេលនោះ ក៏ស្រាប់តែមានសន្តិសុខម្នាក់ បានដើរមកហាមលក់ដូរ និងដេញចេញ ក៏ទាស់ពាក្យសម្តីនឹងគ្នា ឈានដល់សន្តិសុខនោះស្ទុះទៅបម្រុងទាញម្ហូបអាហារលក់ដូរពីកង់បីគ្រវាត់ចោល និងហក់វាយប្រតាយប្រតប់មកលើពួកគាត់ទៀតផង។

អ្នកលក់បន្លែក៏បានបញ្ជាក់ឲ្យដឹងផងដែរថា គាត់ដើរលក់នេះ ពុំមែនធ្វើតាមទំនើងចិត្តនោះទេ គឺពួកគាត់សុំច្បាប់អនុញ្ញាតពីអាជ្ញាធរមូលដ្ឋានត្រឹមត្រូវ ដើម្បីចែកចាយលក់ដូរទៅដល់បងប្អូនប្រជាពលរដ្ឋ នៅក្នុងសហគមន៍ដែលកំពុងរងការបិទខ្ទប់។
ចំណែកសន្តិសុខម្នាក់ទៀត បានជិះម៉ូតូមកប្រាប់ ដោយបានប៉ះសម្តីនិងបងប្អូនស្រ្តីកម្មករសំណង់ ដែលបានតមាត់ជាមួយខ្លួន «បើមិនឲ្យពួកគាត់មកលក់ តើបានអីទិញហូប» និងបាននិយាយគំរាមថា «ចែឯងតមាត់ច្រើន ប្រយ័ត្ន ខ្ញុំបិទទៀត បើចង់ទិញទៅទិញច្រកនោះ…»៕ រក្សាសិទ្ធិដោយ៖ លឹម ហុង











