គ្រប់គ្នាភាគច្រើនគិតថា ឲ្យតែកែសម្ផស្ស គឺដឹងតែស្អាតហើយ ប៉ុន្តែ វាមិនដូចអ្វីដែលយើងទាំងអស់គ្នាគិតនោះទេ ព្រោះថា រឿងរ៉ាវនៃបញ្ហាវះកាត់កែសម្ផស្សនេះ គឺតែងតែកើតមានឡើងជារឿយៗ ដែលបានធ្វើឲ្យស្រ្តីចង់ស្អាតមួយចំនួន ឈឺចាប់មួយជីវិតរួចហើយ ព្រោះតែទៅរកសេវាកែសម្ផស្ស ប៉ះចំគ្លីនីកគ្មានគុណភាព និងឯកទេសជំនាញច្បាស់លាស់ ជាពិសេសសម្រាប់គ្លីនីកតម្លៃថោកតែម្តង។ ជាក់ស្តែង ដូចជានារីភេទទី៣ ជាគំរូ បាននិងកំពុងរស់នៅជាមួយនឹងភាពឈឺចាប់អស់មួយជីវិត ដោយសារតែរឿងកែសម្ផស្សនេះ។

បើតាមប្រភពព័ត៌មានបានឲ្យដឹងថា Juju Oliveira អាយុ ៣០ ឆ្នាំ ជានារីភេទទី៣ មកពីប្រទេសប្រេស៊ីល បានជ្រើសរើសទទួលសេវាកែសម្ផស្សពីគ្លីនិកខុសច្បាប់ និងមានតម្លៃថោក ជាលទ្ធផល វាឲ្យមុខមាត់របស់នាងមើលលែងយល់ មនុស្សមិនចំជាមនុស្ស។
នៅក្នុងឆ្នាំ២០១៧ Juju បានចាក់បញ្ចូលស៊ីលីកូន ២៥០ មីលីលីត្រ ចូលទៅក្នុងថ្ពាល់ ច្រមុះ និងថ្គាម ប៉ុន្តែ ដោយសារតែស៊ីលីកូន មិនមានលក្ខណៈស្តង់ដារ និងមិនស័ក្តិសមសម្រាប់ប្រើលើរាងកាយ ក៏បានធ្វើឲ្យមុខរបស់នាងហើមស្ពុរបែបនេះតែម្តង។

នៅក្នុងខែសីហា ឆ្នាំ២០២០ ថ្ពាល់ទាំងសងខាងរបស់នាង បានចាប់ផ្តើមហើមស្ពុរ និងយារធ្លាក់ រហូតធ្វើឲ្យមនុស្សសើចចំអកឲ្យនាងថា មុខរបស់នាងប្រៀបដូចជាពស់ស្វាសអុីចឹង។ ដោយសារតែការចំណាយខ្ពស់ពេក នៅពេលនោះ នាងក៏សម្រេចចិត្តបើកការរៃអង្គាសប្រាក់សម្រាប់សប្បុរសជនដែលចង់ជួយនាង។
តម្លៃដែលនាងចង់កែកុនផ្ទៃមុខ គឺជាង ៨០០០ ដុល្លារ ប៉ុន្តែ ទឹកប្រាក់ទទួលបានពីការបរិច្ចាគ ពុំអាចឈានដល់តម្លៃនេះទេ ដែលមិនគ្រប់គ្រាន់សម្រាប់សង្គ្រោះមុសរបស់នាងបានឡើយ។

Juju បានបញ្ចេញថា នាងពិតជាសោកសៅខ្លាំងណាស់ ដែលនាងមិនអាចឆ្លងកាត់ការវះកាត់បាន ហើយត្រូវស៊ូទ្រាំនឹងមុខបែបនេះពេញមួយជីវិត។ ហើយហនាងក៏បានសម្រេចចិត្តយកប្រាក់ដែលបានបរិច្ចាគ ទៅឲ្យអង្គការមួយផ្សេងទៀតជំនួសវិញ៕ រក្សាសិទ្ធិដោយ៖ លឹម ហុង











