Saturday, December 20, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

គ្រាប់យុទ្ធភ័ណ្ឌមិនទាន់ផ្ទុះជិត ១០០គ្រាប់ត្រូវបានកសិករប្រទះឃើញនៅក្នុងដីចម្ការប្រគល់ជូនសមត្ថកិច្ច

បាត់ដំបង ៖ សមត្ថកិច្ចនៃស្នងការនគរបាលខេត្តបាត់ដំបង បានបញ្ជាក់ថា ប្រជាពលរដ្ឋជាកសិករ បានប្រទះឃើញគ្រាប់យុទ្ធភ័ណ្ឌមិនទាន់ផ្ទុះជិត ១០០គ្រាប់ក្នុងដីចម្ការ ស្រុកគាស់ក្រឡ ក្នុងខេត្តបាត់ដំបង ហើយបានរាយការណ៍ជូនអាជ្ញាធរ ដើម្បីប្រមូលយកទៅបំផ្លាញចោល ជៀសវាងផ្ទុះបង្គគ្រោះថ្នាក់។

លោកវរសេនីយ៍ឯក ប៉ាង ហៀង អធិការនគរបាលស្រុកគាស់ក្រឡ បានប្រាប់សារព័ត៌មាន ÷ នៅថ្ងៃទី ២៩ ខែមេសា ឆ្នាំ ២០២១នេះថា ប្រជាកសិករម្នាក់ពេលភ្ជួរដីធ្វើចម្ការ បានប្រទះឃើញគ្រាប់យុទ្ធភ័ណ្ឌ មិនទាន់ផ្ទុះជាច្រើនគ្រាប់កប់នៅក្នុងដី ឋិតនៅក្នុងភូមិព្រៃទទឹង ឃុំឆ្នាល់មាន់ ស្រុកគាស់ក្រឡ ខេត្តបាត់ដំបង។

គ្រាប់ជាច្រើនប្រភេទ ដែលប្រជាពលរដ្ឋភ្ជួរដីឃើញនេះ សរុបចំនួនចំនួន ៩៤គ្រាប់ ក្នុងនោះរួមមានប្រភេទគ្រាប់ M៧៩ ចំនួន ២៣គ្រាប់, គ្រាប់បែកមានដងឈើចំនួន ១គ្រាប់, ប្រភេទគ្រាប់បែក ៦៧ចំនួន ១គ្រាប់, គ្រាប់ ១២,៧ ចំនួន ១៥គ្រាប់ និង ប្រភេទគ្រាប់ RPK ចំនួន ៥៤គ្រាប់ផងដែរ។

លោកវរសេនីយ៍ឯក ប៉ាង ហៀង បញ្ជាក់ថា÷ គ្រាប់យុទ្ធភ័ណ្ឌដែលមិនផ្ទុះខាងលើនេះ បានកប់នៅក្នុងដីចម្ការទើបភ្ជួរថ្មី ហើយសុទ្ធសឹងជាគ្រាប់ នៅមានប្រសិទ្ធភាពនៅឡើយ វាជាប្រភេទដែលនៅសេសលស់ តាំងពីសម័យសង្គ្រាម។

លោកអធិការស្រុក បានលើកឡើងថា ក្រោយការប្រទះឃើញភ្លាមៗ បានទំនាក់ទំនងទៅកាន់មន្ត្រីអង្គភាពកំចាត់មីន HALO TRUST ហើយដើម្បីរំដោះយកចេញ ដោយរង់ចាំពេលវេលាកំទេចចោល ដោយសុវត្ថិភាព៕រក្សាសិទ្ធិដោយ ៖CEN

×