សៀមរាប ៖ ការចាប់រថយន្តនឹកឈើ បានធ្វើឡើងដោយសមត្ថកិច្ចចម្រុះ សហការជាមួយកម្លាំងរដ្ឋបាលព្រៃឈើផ្នែកជីក្រែង សហការជាមួយកម្លាំងរដ្ឋបាលព្រៃឈើខេត្តសៀម រាប បានឃាត់រថយន្តធុនធំ១គ្រឿង ដឹកឈើល្មើសច្បាប់ (ឈើប្រភេទលេខ១) កាលពីវេលា រំលងអធ្រាត្រឈានចូលថ្ងៃទី២៩ខែមេសាឆ្នាំ២០២១ នៅចំណុចភូមិទ័ពសៀម ឃុំគោកធ្លកក្រោម ស្រុកជីក្រែង ខេត្តសៀមរាប។

យោងតាមលោក ម៉ុង ប៊ុនលីម នាយខ័ណ្ឌរដ្ឋបាលព្រៃឈើខេត្តសៀមរាប បានប្រាប់អ្នកសារព័ត៌មានឱ្យដឹងថា សមត្ថកិច្ចចម្រុះ និងកម្លាំងរដ្ឋបាលព្រៃឈើខេត្តសៀមរាប បានឃាត់រថយន្តធុនធំ១គ្រឿង ម៉ាកហីយ៉ាន់ដាយពាក់ផ្លាកលេខភ្នំពេញ 3D 7657 ដឹកឈើល្មើសច្បាប់ (ប្រភេទលេខ១) ពេលរថយន្តនេះ កំពុងធ្វើចរាចរណ៍តាមដងផ្លូវជាតិលេខ៦ ក្នុងនៅភូមិទ័ពសៀម ឃុំគោកធ្លកក្រោម ស្រុកជីក្រែង ខេត្តសៀមរាប។

លោកបន្តថា ឈើទាំងនោះកម្លាំងសមត្ថកិច្ចជំនាញ បានអូសយកមករក្សាទុក នៅផ្នែករដ្ឋបាលព្រៃឈើជីក្រែង ដើម្បីវាស់វែងធ្វើកំណត់ហេតុ ទៅតាមផ្លូវច្បាប់។ លោកបន្ថែមថា ឈើទាំងនេះខាងលោក នៅមិនទាន់បានដឹងបរិមាណនៅឡើយទេ ដោយរង់ចាំរាប់ចំនួនសិន។ នៅពេលសមត្ថកិច្ចចុះប្រតិបត្តិការណ៍ អ្នកបើកបររថយន្តដឹកឈើ បានចុះរត់គេចខ្លួនបាត់៕ រក្សាសិទ្ធិដោយ៖CEN

