ភ្នំពេញ ៖ ដូចដែលប្រិយមិត្ត និងមហាជនជាច្រើន បានទទួលជ្រាបរួចហើយ ជុំវិញរឿងរ៉ាវដ៏ក្តៅមួយ ដែលសន្តិសុខម្នាក់នៅក្នុងតំបន់អភិវឌ្ឍន៍បឹងកក់ បានឈានដល់ប្រើអំពើហិង្សាហក់វាយទៅលើប្តីប្រពន្ធលក់បន្លែ ព្រោះតែរឿងពួកគាត់ចូលមកលក់ម្ហូបអាហារបន្លែ ត្រីសាច់ ឲ្យបងប្អូនស្រ្តីៗជាកម្មករសំណង់បានហូប នៅចិញ្ចើមផ្លូវសាធារណៈនៅក្នុងតំបន់នោះ។

តែទោះយ៉ាងណា ក្រោយវីដេអូនេះត្រូវបានចែករំលែកយ៉ាងផុសផុល ជាមួយកំហឹងមហាជនស្អប់ខ្ពើមជាខ្លាំងផងនោះ នៅទីបំផុត នារសៀលថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២១ នេះ សន្តិសុខចិត្តអាក្រក់ ធ្វើរឿងដ៏ជ្រុលហួសព្រំដែនរូបនេះ ត្រូវបានសមត្ថកិច្ចមូលដ្ឋានចុះទៅដុះក្អែល វាស់កម្ពស់នៅនិងកន្លែង និងបន្ទាប់មក ធ្វើការណែនាំអប់រំ កុំឲ្យថ្ងៃក្រោយធ្វើរបៀបនេះទៀត។

សូមរម្លឹកបន្តិចថា ទាក់ទងនឹងករណីដែលបានកើតឡើងនេះ បើតាមបុរសជាប្តីអ្នកលក់បន្លែតាមកង់បី បានបញ្ជាក់ប្រាប់ឲ្យដឹងថា គាត់បានបើកកង់បីលក់បន្លែ នៅលើផ្លូវសាធារណៈខាងក្រៅនៃតំបន់បឹងកក់ ដូចទៅនឹងបងប្អូនអ្នកធ្វើដំណើរដទៃ។ ហើយនៅពេលនោះ ក៏មានបងប្អូនស្រ្តីៗជាកម្មករសំណង់បានហៅ គាត់និងប្រពន្ធក៏ឈប់លក់ឲ្យពួកគាត់ ដែលបានមកទិញទាំងទឹកមុខត្រេកអរជាខ្លាំង។ ប៉ុន្តែ នៅពេលនោះ ក៏ស្រាប់តែមានសន្តិសុខម្នាក់បានដើរមកហាមលក់ដូរ និងដេញពួកគាត់ចេញ ក៏ទាស់សម្តីនិងគ្នា ឈានដល់សន្តិសុខនោះផ្ទុះកំហឹងស្ទុះទៅបម្រុងទាញម្ហូបអាហារលក់ដូរពីកង់បីគ្រវាត់ចោល និងសូម្បីហក់វាយប្រតាយប្រតប់មកលើពួកគាត់ទៀតផង។

អ្នកលក់បន្លែក៏បានបញ្ជាក់ឲ្យដឹងផងដែរថា ប្តីប្រពន្ធពួកគាត់ដើរលក់នេះ ពុំមែនធ្វើតាមទំនើងចិត្តនោះទេ គឺពួកគាត់សុំច្បាប់អនុញ្ញាតពីអាជ្ញាធរមូលដ្ឋានត្រឹមត្រូវ ដើម្បីចែកចាយលក់ដូរទៅដល់បងប្អូនប្រជាពលរដ្ឋ នៅក្នុងសហគមន៍ដែលកំពុងរងការបិទខ្ទប់។ ប៉ុន្តែ មិននឹកស្មានថា មកជួបសន្តិសុខចិត្តអាក្រក់ និងបង្ហាញកាយវិការខ្លាំង ជាងអាជ្ញាធរដែនដីបែបនេះសោះ៕ រក្សាសិទ្ធិដោយ៖ លឹម ហុង










